ភរិយារបស់អតីតព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ គឺអ្នកស្រី ហ៊ាន លក្ខិណា ទាមទារឱ្យអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បកស្រាយជុំវិញករណីលោក ជា ពេជ្រ ត្រូវបានដំឡើងទៅជាវីរព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ដោយខកខានអនុវត្តទោសដែលត្រូវបានចោទប្រកាន់ពីបទ «ផិតក្បត់» កាលពីឆ្នាំ២០១៩ កន្លងទៅ។
ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ លក្ខិណា ហ៊ាន (Leakkhena Hean) បានធ្វើការផ្សាយផ្ទាល់លើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា រហូតដល់ពេលនេះ គឺមានរយៈពេល ៤ឆ្នាំហើយដែលអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រកាសដកព្រះរាជអាជ្ញាលោក ជា ពេជ្រ ពីខេត្តរតនគិរី ដើម្បីបញ្ឈរជើងនៅក្រសួងយុត្តិធម៌រង់ចាំការផ្ដន្ទាទោសពីតុលាការ បន្ទាប់ពីរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើស “ផិតក្បត់” កាលពីអំឡុងឆ្នាំ២០១៩ ដែលអាចឈានទៅដល់ការលុបឈ្មោះលោក ជា ពេជ្រ ចេញពីក្របខ័ណ្ឌស្ថាប័នតុលាការថែមទៀត។
អ្នកស្រី ហ៊ាន លក្ខិណា អះអាងថា លោក ជា ពេជ្រ បានជាប់ឈ្មោះជាពិរុទ្ធជនកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ពីបទ “ផិតក្បត់” នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ប៉ុន្តែនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ជនជាប់ចោទឈ្មោះ ជា ពេជ្រ បែរជាទទួលតំណែងជាវីរព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ក្រុងភ្នំពេញទៅវិញ។
អ្នកស្រី ហ៊ាន លក្ខិណា លើកជាសំណួរថា ការចោទប្រកាន់ពីបទ ផិតក្បត់ ក៏ក្រសួងយុត្តិធម៌ជាអ្នកចោទ ហើយការដំឡើងតំណែងជាវីរព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ក៏ក្រសួងយុត្តិធម៌ជាអ្នកដំឡើងដែរ តើនេះឬជាការអនុវត្តច្បាប់របស់ក្រសួងយុត្តិធម៌កន្លងមកនោះ?
ការអះអាងនេះ ធ្វើឡើងដើម្បីទាមទារឱ្យអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចេញមុខបកស្រាយលើករណីដែលលោក ជា ពេជ្រ ទទួលតំណែងជាវីរព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ទាំងដែលតុលាការបានកាត់ឱ្យមានទោសទៅហើយនោះ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកស្រី ហ៊ាន លក្ខិណា បានដាក់ពាក្យបណ្ដឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឱ្យជួយអន្តរាគមន៍លើព្រះរាជអាជ្ញាលោក ជា ពេជ្រ ឱ្យឈប់ប្រើអំណាចបុណ្យស័ក្តិ និងអំណាចប្រាក់ធ្វើការគំរាមកំហែងលើអ្នកស្រីដែលជាភរិយាស្របច្បាប់ ហើយសូមឱ្យព្រះរាជអាជ្ញារូបនោះចូលខ្លួនមកដោះស្រាយបញ្ហាផ្ទៃក្នុងគ្រួសារដែលគាត់លួចមានប្រពន្ធចុង។
បន្ទាប់ពីមានបណ្តឹងរបស់ស្ត្រីដែលជាភរិយា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា បានចេញលិខិតមួយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ផ្អាកមុខងារលោក ជា ពេជ្រ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ជាបណ្ដោះអាសន្ន បន្ទាប់ពីបុគ្គលរូបនេះរងនូវការចោទប្រកាន់ពីបទ “ផិតក្បត់” ដែលបានប្រព្រឹត្តនៅខេត្តរតនគិរី និងនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩។
ការចោទប្រកាន់ពីបទល្មើស “ផិតក្បត់” នេះ ធ្វើឡើងដោយផ្អែកតាមមាត្រា៧ និងអនុវត្តទោសតាមមាត្រា១០ នៃច្បាប់ស្ដីពីឯកពន្ធភាព ដូច្នេះយោងតាមមាត្រា៥៨ និងមាត្រា១០ នៃច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ក្រសួងយុត្តិធម៌តម្រូវឱ្យផ្អាកមុខងាររបស់លោក ជា ពេជ្រ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ជាបណ្ដោះអាសន្នរហូតទាល់តែមានសេចក្តីសម្រេចរបស់តុលាការអំពីទោសជាស្ថាពរ។
ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ធ្លាប់បានអះអាងថា លោក ជា ពេជ្រ អាចនឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ ប្រសិនបើដំណើរការនីតិវិធីរបស់តុលាការរកឃើញថា លោកបានប្រព្រឹត្តបទល្មើស “ផិត” ដូចបណ្តឹងរបស់ភរិយាដើមប្រាកដមែន។ ផ្ទុយទៅវិញ ប្រសិនបើរកមិនឃើញកំហុសទេ នោះលោក ជា ពេជ្រ អាចចូលបំពេញការងារជាធម្មតាវិញ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានចេញសាលក្រមផ្ដន្ទាទោសលោក ជា ពេជ្រ ដាក់ពន្ធនាគារកំណត់រយៈពេល ៦ខែ តែទោសនេះត្រូវបានព្យួរ និងពិន័យជាប្រាក់ ១លានរៀលពីបទ ”ផិត”។ ជាងនេះទៀត តុលាការក៏បានបង្គាប់ឲ្យលោក ជា ពេជ្រ សងសំណងជំងឺចិត្តជាប្រាក់ចំនួន ១០០លានរៀលទៅឱ្យដើមបណ្ដឹង គឺអ្នកស្រី ហ៊ាន លក្ខិណា ជាភរិយាដើមថែមទៀត។
យ៉ាងណាក៏ដោយ អ្នកស្រី ហ៊ាន លក្ខិណា អះអាងថា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាត់ក្តីឱ្យលោក ជា ពេជ្រ មានទោសពីបទ «ផិត» ក៏ដោយ ក៏លោក ជា ពេជ្រ នៅតែមិនត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌតុលាការនៅឡើយ ប៉ុន្តែបែរជាអាចទទួលតំណែងជាវីរព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញដោយស្ងាត់ៗទៅវិញ៕