32 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​មេ​គ្រឿងញៀន​បាន​វិញ​ហើយ​បន្ទាប់ពី​ត្រូវ​បក្ខពួក​រំដោះ​ចេញ​ដើម្បី​គេចវេះ​ទោស​៥២​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អះអាង​ថា សមត្ថកិច្ច​ចាប់​ខ្លួន​បាន​វិញ​ហើយ​មេ​គ្រឿងញៀន​ដែល​រៀប​ផែនការ​រត់​ចេញ​ពី​ពន្ធនាគារ​ដើម្បី​គេចវេះ​ពី​ការ​អនុវត្តន៍​ទោស ៥២​ឆ្នាំ។

លោក ម៉ក់ ជីតូ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កក្កដា នេះ​ថា ទណ្ឌិត​ដែល​ជា​មេ​គ្រឿងញៀន​ជនជាតិ​ចិន​ឈ្មោះ ចេន ហ្ស៊ីនហាន ត្រូវ​សមត្ថកិច្ច​ចាប់​បាន​វិញ​ហើយ​កាលពី​ថ្ងៃទី​២២ ខែ​សីហា ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ។ ក្រុម​បក្ខពួក​របស់​ពិរុទ្ធជន​នោះ​មាន​អ្នក​រៀបចំ​ផែនការ មាន​អ្នក​ចំណាយ​ថវិកា អ្នក​រៀបចំ​សកម្មភាព និង​អ្នក​ចង្អុល​បង្ហាញ​ផ្លូវ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ដែរ។

លោក​ថា សមត្ថកិច្ច​នឹង​ខិតខំ​បង្កើន​ការ​យកចិត្ត​ទុកដាក់​មិន​ឱ្យ​មាន​ករណី​រំដោះ​អ្នកទោស​បែប​នេះ​កើតឡើង​ទៀត​ឡើយ។

លោក ម៉ក់ ជីតូ បាន​ឱ្យ​ដឹង​ដែរ​ថា តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​មេ​គ្រឿងញៀន ហ្ស៊ីនហាន គឺ​ឈ្មោះ ៤​ផ្សេង​គ្នា​ក្នុង​ការ​ប្រើប្រាស់​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ។ ចំពោះ​ករណី​នេះ ក្រុម​សមត្ថកិច្ច​កម្ពុជា​កំពុង​ធ្វើការ​ជាមួយ​ប៉ូលិស​អន្តរជាតិ ដើម្បី​កម្ចាត់​ក្រុម​គ្រឿងញៀន ក៏ដូចជា​ក្រុម​លាង​លុយ​ខ្មៅ​ផង​ដែរ។

ទណ្ឌិត​ជនជាតិ​ចិន​រូប​នេះ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ជា​យូរ​ឆ្នាំ ឬ​មួយ​មាន​ទោស​អស់​មួយ​ជីវិត ខណៈ​ទោស​ចាស់​មាន​រហូត​ដល់ ៥២​ឆ្នាំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ពីរ​ករណី។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បន្ថែម​ទៀត​ដើម្បី​ប្រគល់​ឱ្យ​តុលាការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​១៧ ខែ​សីហា មាន​ខ្មាន់​កាំភ្លើង​បិទ​មុខ​ដោយ​មាន​ប្រដាប់​អាវុធ បាន​រំដោះ​អ្នកទោស​គ្រឿងញៀន​ជនជាតិ​ចិន នៅ​ក្នុង​ពេទ្យ​ធ្មេញ​មួយ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ នា​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ខេត្ត​សៀមរាប។

ក្រោយ​មក រថយន្ត​ដែល​រំដោះ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​ទុក​ចោល​លើ​ដី​ទំនេរ​មួយ​នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ និង​មាន​វត្ថុ​តាង​មួយ​ចំនួន ដូចជា​អាវុធ ខោ​អាវ និង​របាំងមុខ ជាដើម។

អ្នកទោស​ជនជាតិ​ចិន​ដែល​បាន​រត់​គេច​នោះ កំពុង​អនុវត្ត​ទោស​ចំនួន ៥២​ឆ្នាំ​ពី​បទ​ជួញដូរ​គ្រឿងញៀន និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០០៩៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស