មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា ការបញ្ចប់មុខតំណែងតួនាទីរបស់ទីប្រឹក្សា និងជំនួយការរបស់រដ្ឋាភិបាលអាណត្តិចាស់ គឺជារឿងធម្មតានោះទេ ព្រោះថានាយករដ្ឋមន្ត្រីអាណត្តិថ្មីមានបុព្វសិទ្ធិស្របតាមច្បាប់ក្នុងការជ្រើសរើសទីប្រឹក្សា និងជំនួយការសម្រាប់ការដឹកនាំនៅក្នុងរដ្ឋាភិបាលរបស់ខ្លួន ប៉ុន្តែការតែងតាំងទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជាកន្លងមក ត្រូវគេមើលឃើញថា ស្ថិតក្រោមហេតុផលនយោបាយជាជាងការធានានូវប្រសិទ្ធភាពការងារ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ សីហា នេះថា ការតែងតាំងទីប្រឹក្សាគឺជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែរឿងដែលមិនធម្មតានោះ គឺនៅត្រង់ថាទីប្រឹក្សាដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែងតាំងកន្លងមក គឺគ្មានដែនកំណត់ទាល់តែសោះ ដែលត្រូវគេមើលឃើញថាការតែងតាំងទីប្រឹក្សា និងជំនួយការដ៏ច្រើនលើសលប់ទាំងនោះ គឺមិនឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនោះទេ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា រដ្ឋាភិបាលអាណត្តិថ្មីក៏នឹងត្រូវតែងតាំងទីប្រឹក្សា និងជំនួយការដែរ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលអាណត្តិថ្មីនេះមិនបានសិក្សា និងកំណត់នូវតម្រូវការទីប្រឹក្សា និងជំនួយការតាមក្រសួងស្ថាប័ននីមួយៗឱ្យបានច្បាស់លាស់ទេនោះ គឺមានន័យថាការតែងតាំងទីប្រឹក្សា និងជំនួយការទាំងនោះ ក៏នឹងមានគោលដៅ និងមានវត្ថុបំណងមិនខុសពីរដ្ឋាភិបាលអាណត្តិចាស់ដែរ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សា ជំនួយការទាំងអស់របស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សា ជំនួយការទាំងអស់របស់ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ទីប្រឹក្សា ជំនួយការទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សាជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ដែលបានតែងតាំងដោយព្រះរាជក្រឹត្យមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ។
មាត្រា៦ នៃព្រះរាជក្រឹត្យស្ដីពីការគ្រប់គ្រងទីប្រឹក្សា និងជំនួយការ ចែងថា ការតែងតាំងទីប្រឹក្សា និងជំនួយការត្រូវអស់សុពលភាពជាស្វ័យប្រវត្តិនៅពេលមុខតំណែងរបស់ថ្នាក់ដឹកនាំត្រូវបានបញ្ចប់។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មេដឹកនាំខ្មែរក្រាញអំណាចតត្រកូលលោក ហ៊ុន សែន បានលើកឡើងថា ដើម្បីកុំឱ្យមន្ត្រីរដ្ឋាភិបាលមានការភ័យព្រួយនឹងតំណែងរបស់ខ្លួន លោកសូមប្រកាសទុកជាមុនថា លោកនឹងរក្សាទុកមុខតំណែងមន្ត្រីនៅក្នុងមុខងារក្របខ័ណ្ឌនយោបាយឱ្យនៅដដែល ហើយនឹងធ្វើការតែងតាំងបន្តសម្រាប់អាណត្តិថ្មីនេះ។
មេដឹកនាំខ្មែរគ្រប់គ្រងប្រទេសបែបគ្រួសារនិយមលោក ហ៊ុន សែន បញ្ជាក់ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទាំងអស់ នឹងត្រូវបញ្ចប់មុខតំណែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាលចាស់ ប៉ុន្តែមុខតំណែងទាំងនេះនឹងត្រូវរៀបចំតែងតាំងជាថ្មីឡើងវិញសម្រាប់អាណត្តិរដ្ឋាភិបាលថ្មីបន្តទៀត។
ការបញ្ចប់មុខតំណែងទីប្រឹក្សាទាំងនេះ ត្រូវគេមើលឃើញថាគ្រាន់តែធ្វើឡើងដើម្បីបញ្ចប់តួនាទីរបស់ពួកគេដែលត្រូវបានតែងតាំងក្នុងអាណត្តិរដ្ឋាភិបាលចាស់ប៉ុណ្ណោះ ប៉ុន្តែពួកគេនឹងត្រូវតែងតាំងជាទីប្រឹក្សា និងជំនួយការសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីបន្តទៀត ដូច្នេះថវិកាជាតិនឹងត្រូវបន្តផ្តល់ឱ្យពួកគេក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះដូចដែលពួកគេធ្លាប់បានទទួលកាលពីរដ្ឋាភិបាលចាស់កន្លងមកដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្របានត្រាស់បង្គាប់បញ្ចប់តំណែងទីប្រឹក្សាផ្ទាល់ និងជំនួយការទាំងអស់របស់លោក ហ៊ុន សែន ដែលត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅពេលនោះ ប៉ុន្តែព្រះរាជក្រឹត្យដដែលនោះក៏បានត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់ដល់រូបលោកជាង ១០០នាក់ផងដែរ ក្នុងនោះមាន ៥៥នាក់ គឺជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រីតែម្តង។
ដោយឡែកទីប្រឹក្សា និងជំនួយការនៅតាមក្រសួងស្ថាប័នជាតិទាំង ២៧ របស់កម្ពុជា ក៏ត្រូវបានប្រកាសតែងតាំងព្រោងព្រាតជាបន្តបន្ទាប់ផងដែរ ក្នុងនោះក្រសួងស្ថាប័ននីមួយៗបានតែងតាំងទីប្រឹក្សា និងជំនួយការរបស់ខ្លួនរហូតដល់ទៅរាប់រយនាក់ឯណោះ។ ជាក់ស្តែង កាលពីអំឡុងឆ្នាំ២០១៩ គ្រាន់តែទីប្រឹក្សាសម្រាប់ក្រសួងមហាផ្ទៃមានដល់ទៅ ១៥៧នាក់ ក្នុងនោះទីប្រឹក្សាខ្លះមានឋានៈស្មើនឹងរដ្ឋលេខាធិការ ខ្លះទៀតមានឋានៈស្មើអនុរដ្ឋលេខាធិការ និងខ្លះទៀតមានឋានៈស្មើអគ្គនាយកផងដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រដ្ឋាភិបាលថ្មីនេះត្រូវកំណត់ឲ្យបានច្បាស់អំពីតួនាទីរបស់ទីប្រឹក្សា និងជំនួយការដែលនឹងត្រូវតែងតាំងថ្មី ដើម្បីធានានូវការចំណាយថវិកាជាតិឱ្យមានប្រសិទ្ធភាព។ ជាងនេះទៀត ក៏ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ផងដែរថា វិស័យណាត្រូវការទីប្រឹក្សាប៉ុន្មាន ដើម្បីធានាដល់ការអនុវត្តការងារទាំងនោះ៕