ក្រុមអ្នកវិភាគលើកឡើងថា ការប្ដូរឈ្មោះពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន មកជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសម្រាប់រដ្ឋាភិបាលថ្មីនេះ មិនមែនដើម្បីប្រសិទ្ធភាពការងារព្រំដែននោះទេ គឺដើម្បីបែងចែកតំណែង ឋានៈ បុណ្យស័ក្តិ និងលាភសក្ការៈ តួនាទីគ្នាប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ សីហា នេះថា ការប្ដូរឈ្មោះនេះធ្វើឡើងក្នុងបំណងដោះស្រាយផលប្រយោជន៍នៅផ្ទៃក្នុងបក្សកាន់អំណាចប៉ុណ្ណោះ ព្រោះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ គឺជាស្ថាប័នអាចផ្តល់ឋានៈបុណ្យស័ក្តិដូចក្រសួងដទៃទៀតដែរ ដែលគេអាចតែងតាំងសមាជិករដ្ឋាភិបាលនានា ដូចជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ជាដើម។
លោក គឹម សុខ អះអាងថា ចំពោះអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនវិញ ពុំមែនជាស្ថាប័នដែលគេអាចតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការបានទេ ដូច្នេះហើយដើម្បីបង្កើតបក្ខពួកសម្រាប់ខ្លួនឯងឱ្យបានកាន់តែច្រើន លោក ហ៊ុន ម៉ាណែត មានតែរកចន្លោះផ្តល់តំណែងឱ្យមនុស្សរបស់ខ្លួនតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ ដោយមិនខ្វល់ពីប្រសិទ្ធភាពការងារនោះឡើយ។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង រាជរដ្ឋាភិបាលអាណត្តិទី៧ បានសម្រេចបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញដើម្បីធានាអាយុជីវិតរបស់ជាតិទៅថ្ងៃអនាគត។
រដ្ឋាភិបាលអាណត្តិថ្មីនេះ បញ្ជាក់ថា ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ ក៏ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដើម្បីឆ្ពោះទៅបញ្ចប់បញ្ហានានាតាមព្រំដែនជាស្ថាពរដែរ។
ប្រទេសកម្ពុជាមានផ្ទៃដី ១៨១០៣៥គីឡូម៉ែត្រក្រឡា និងមានព្រំដែនជាប់ប្រទេសថៃនៅភាគខាងលិច និងភាគពាយ័ព្យប្រវែង ៨០០គីឡូម៉ែត្រ ព្រមទាំងជាប់ព្រំដែនជាមួយនឹងប្រទេសឡាវ នៅភាគខាងជើងប្រវែង ៥៤១គីឡូម៉ែត្រ និងជាប់ព្រំដែនជាមួយប្រទេសវៀតណាម នៅភាគខាងកើត និងភាគអាគ្នេយ៍ប្រវែង ១២៧០គីឡូម៉ែត្រផងដែរ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់លើផែនទីមាត្រដ្ឋានខ្នាត ១/១០០០០០ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ កន្លងទៅនោះ។
យ៉ាងណាក៏ដោយ ព្រំដែនរវាងកម្ពុជា-ថៃ និងព្រំដែនរវាងកម្ពុជា-ឡាវ ត្រូវគេមើលឃើញថាមិនស្ថិតក្នុងការភ័យព្រួយបារម្ភដូចខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាមនោះទេ ត្បិតចាប់តាំងពីមេដឹកនាំខ្មែរក្រាញអំណាចតត្រកូលលោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរកាលពីឆ្នាំ១៩៨៥ មក ព្រំដែនរបស់កម្ពុជាបានបាត់បង់ជាជំហានៗក្រោមកិច្ចព្រមព្រៀងខុសច្បាប់ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយវៀតណាម។
ទាក់ទិននឹងបញ្ហានេះ គេមើលមិនឃើញពីសញ្ញាវិជ្ជមានណាមួយនៅឡើយទេជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាមសម្រាប់រដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧ នេះ ស្របពេលដែលកិច្ចព្រមព្រៀងខុសច្បាប់កាត់ទឹកដីឱ្យវៀតណាម ដូចជាកិច្ចព្រមព្រៀងខុសច្បាប់កំណត់ព្រំដែនទឹកឆ្នាំ១៩៨២ កិច្ចព្រមព្រៀងខុសច្បាប់កំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមខុសច្បាប់ឆ្នាំ២០០៥ និងឆ្នាំ២០១៩ ព្រមទាំងសារាចរខុសច្បាប់ជាច្រើនទៀតត្រូវបានលោក ហ៊ុន សែន ដែលជាឪពុករបស់លោកបានចុះហត្ថលេខាយល់ព្រមកាត់ទឹកដីឱ្យវៀតណាមទៅហើយនោះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត អះអាងកាលពីពេលកន្លងទៅថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះគួរឱ្យព្រួយបារម្ភ ព្រោះរដ្ឋដ៏កម្សត់មួយនេះបានស្ថិតក្នុងការក្តោបក្តាប់របស់ត្រកូលហ៊ុនទាំងស្រុង ខណៈត្រកូល ហ៊ុន ត្រូវបានរៀបចំចាត់ចែងដោយរដ្ឋាភិបាលវៀតណាម ដើម្បីទាញយកផលប្រយោជន៍គ្រប់បែបយ៉ាងពីកម្ពុជាទៅហើយនោះ៕