ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺបកស្រាយពីបំណងរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជុំវិញការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ចាប់ពីកម្លាំង ៦០សេសេ (cc) ឡើងទៅ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីសាធារណជនបានបញ្ចេញប្រតិកម្មមិនគាំទ្រ ដោយថារឿងប័ណ្ណបើកបរនេះមិនមែនជាបញ្ហាធំដែលត្រូវដោះស្រាយឡើយ។
ប្រតិកម្មរបស់សាធារណជនបន្ទាប់ពីរដ្ឋមន្ត្រីថ្មីក្រសួងមហាផ្ទៃ ដែលទើបឡើងជំនួសឪពុក គឺលោក ស សុខា បានលើកឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានកើតឡើងយ៉ាងខ្លាំង ដោយសារការបើកបររបស់ប្រជាពលរដ្ឋក្នុងល្បឿនលឿន និងមិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ។ ដូច្នេះ ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយអត្រាស្លាប់ឲ្យនៅក្រោមមួយពាន់នាក់ក្នុងមួយឆ្នាំនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការពិចារណាឡើងវិញចំពោះការតម្រូវឲ្យប្រជាពលរដ្ឋធ្វើប័ណ្ណបើកបរម៉ូតូចាប់ពីកម្លាំងម៉ាស៊ីន ៦០សេសេឡើងទៅ។
អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ឈ្មោះ លោក ហ៊ុន ដារ៉ា លើកឡើងដែរថា សព្វថ្ងៃកម្ពុជាមានច្បាប់ចរាចរណ៍ គឺគ្រប់គ្រាន់ហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ មន្ត្រីដែលយកមកអនុវត្តនោះត្រូវធ្វើឲ្យស្មើភាពគ្នាដោយកុំចេះតែពុករលួយ។
លោកថា ការបង្រៀនពលរដ្ឋឲ្យយល់ដឹងពីច្បាប់នោះ វានឹងអាចកាត់បន្ថយគ្រោះថ្នាក់បានហើយ ដោយមិនចាំបាច់តម្រូវឲ្យប្រជាពលរដ្ឋមានប័ណ្ណបើកបរម៉ូតូចាប់ពីកម្លាំង ៦០CC ឡើងវិញឡើយ។
លោក ហ៊ុន ដារ៉ា ស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ឲ្យពិនិត្យមើលបញ្ហាធំនៅកម្ពុជាបច្ចុប្បន្នដែលត្រូវដោះស្រាយនោះ ដូចជាគ្រឿងញៀន ក្មេងទំនើងកាប់ចាក់ អសន្តិសុខសង្គម ការកាប់ព្រៃឈើ និងរឿងអយុត្តិធម៌ជាច្រើនទៀត ជាដើម។
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀតឈ្មោះ ហេង សំអ៊ន បានលើកឡើងថា រូបលោកមិនគាំទ្រចំពោះការលើកឡើងរបស់លោក ស សុខា នោះទេ។
ចំណែកអ្នកស្រី ម៉េង សុភារី ដែលជាមេធាវីការពារក្ដីឲ្យមេដឹកនាំបក្សសង្គ្រោះជាតិ ក៏បានលើកឡើងដែរថា បើសិនជារដ្ឋតម្រូវឲ្យប្រជាពលរដ្ឋធ្វើប័ណ្ណបើកបរម៉ូតូចាប់ពីកម្លាំង ៦០CC ក្នុងនាមអ្នកស្រីជាប្រជារាស្ត្រយល់ព្រមធ្វើ ប៉ុន្តែការចំណាយវិញ អ្នកស្រីស្នើសុំឲ្យរដ្ឋជាអ្នកចេញជំនួស។
អ្នកស្រីថា បញ្ហាធំរបស់កម្ពុជាដែលរដ្ឋាភិបាលត្រូវដោះស្រាយជាអាទិភាពនោះ គឺបញ្ហាគ្រឿងញៀនដែលបានបំផ្លាញអនាគតយុវជន បញ្ហាយុវជនអត់ការងារធ្វើ និងកម្មករបាត់បង់ការងារ ចំពោះរឿងតម្រូវឲ្យប្រជាពលរដ្ឋមានប័ណ្ណបើកបរម៉ូតូចាប់ពីកម្លាំង ៦០CC នោះ អ្នកស្រីថាមិនមែនជាបញ្ហាអាទិភាពត្រូវរកដំណោះស្រាយឡើយ។
អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះទៀតស្នើទៅលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យទម្លាក់សំណើរឿងឲ្យប្រជាពលរដ្ឋមានប័ណ្ណបើកបរម៉ូតូ ៦០Cc ចោលវិញ។ លើសពីនេះ លោកស្នើឲ្យលោក ស សុខា គួរពិនិត្យ ឬងាកមកពង្រីកទីតាំងសេវាធ្វើប៉ាសស្ព័រ និងបញ្ចុះតម្លៃប៉ាសស្ព័រឲ្យនៅស្មើថៃ ឬវៀតណាមផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចំនួនម៉ូតូដែលប្រជាពលរដ្ឋប្រើប្រាស់ និងបានចុះបញ្ជីនៅកម្ពុជាបានកើនឡើងប្រមាណ ៥,២លានគ្រឿង បើគិតតាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ខណៈចំនួនរថយន្តបានកើនឡើងពី ៦៥០០០ ដល់ ៩២០០០០គ្រឿង។
ក្រោយមានប្រតិកម្មពីមហាជនបែបនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញមកបកស្រាយបន្ថែមថា ការលើកឡើងរបស់លោក ស សុខា គឺចង់សង្កត់ធ្ងន់ទៅលើការសិក្សាឡើងវិញនូវបទពិសោធន៍ និងលទ្ធផលនៃការអនុវត្តកន្លងមក។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ព្យាយាមពន្យល់ថា បើការសិក្សាសម្រាប់ការអនុវត្តនាពេលអនាគតរកឃើញថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត (ម៉ូតូ) មានអត្រាច្រើនគួរឱ្យកត់សម្គាល់នោះ ទើបក្រសួងមហាផ្ទៃនឹងលើកយកមូលដ្ឋាននៃការសិក្សានេះទៅពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដែលមានសមត្ថកិច្ចសម្រេចធ្វើប័ណ្ណបើកបរ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ សីហា បកស្រាយជុំវិញការលើកឡើងរបស់លោក ស សុខា ដូច្នេះថា ជារួម ពុំមានលក្ខខណ្ឌដាច់ខាតឱ្យតែម៉ូតូមានកម្លាំងចាប់ពី ៦០cc ឡើងទៅ គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយានជំនិះផងដែរ ដូចជាប្រភេទ ក, ខ ជាដើម នឹងត្រូវអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ការលើកឡើងរបស់លោក ស សុខា នេះ គឺជាផែនការអនាគតដែលត្រូវចាប់ផ្ដើមគិតគូរពីពេលនេះទៅប៉ុណ្ណោះ ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់សម្រាប់ការអនុវត្តឡើយ។
លោក ស សុខា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនួសលោក ស ខេង ជាឪពុកបន្ទាប់ពីលោក ហ៊ុន សែន បានផ្ទេរតំណែងនាយករដ្ឋមន្ត្រីឲ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងបន្តវេនពីខ្លួនក្រោយពីកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា។
បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ កើតឡើងសរុបចំនួន ១៥៤៨លើក ដោយគ្រោះថ្នាក់នៅពេលយប់ ៥៤ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួស ២០៧២នាក់ ក្នុងនោះរបួសធ្ងន់ ១៣៣២នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២២ មានការថយចុះ ៦១លើក ស្មើ ៤ភាគរយ (១៦០៩លើក)។ ចំណែកអ្នកស្លាប់ថយចុះ ១៨៦នាក់ ស្មើ ២០ភាគរយ (៩៤២នាក់) និងអ្នករបួសថយចុះ ១៦៣នាក់ ស្មើ ៧ភាគរយ (២២៣៥នាក់)។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិកន្លងមក៕