ប្រធាន​គណបក្ស​កម្ពុជា​និយម​លោក យ៉ែម បុញ្ញឫទ្ធិ និង​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក ញឹក ប៊ុនឆៃ

នយោបាយ

លោក យ៉ែម បុញ្ញឫទ្ធិ ប្រកាស​ឈប់​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​លោក ញឹក ប៊ុនឆៃ

By ឌឹ ខេមបូឌា ដេលី

September 02, 2023

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណបក្ស​កម្ពុជា​និយម​លោក យ៉ែម បុញ្ញឫទ្ធិ ប្រកាស​ឈប់​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ បន្ទាប់ពី​បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈពេល​ប្រមាណ ១​ឆ្នាំ។

ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ទៅ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ចុះ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ ប្រធាន​គណបក្ស​កម្ពុជា​និយម​លោក យ៉ែម បុញ្ញឫទ្ធិ បាន​សម្រេច​លាលែង​ពី​តួនាទី និង​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

តែ​យ៉ាងណា​ក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​បញ្ចប់​កិច្ចព្រមព្រៀង និង​លាលែង​ពី​តួនាទី​អនុប្រធាន ព្រមទាំង​សមាជិកភាព​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នោះ​ទេ។

ប្រធាន​គណបក្ស​កម្ពុជា​និយម លោក យ៉ែម បុញ្ញឫទ្ធិ បាន​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ភ្ជាប់​ជាមួយ​លិខិត​មួយ​នៅ​ថ្ងៃ​សុក្រ ទី​១ កញ្ញា នេះ​ថា ការ​សុំ​លាលែង និង​បញ្ចប់​កិច្ចព្រមព្រៀង​នេះ គឺ​ធ្វើ​ទៅ​តាម​អ្វី​ដែល​លោក​បាន​សន្យា​ជាមួយ​លោក ញឹក ប៊ុនឆៃ នា​ពេល​កន្លងមក។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ចំពោះ​រឿង​នេះ​ពី​លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ បាន​នៅឡើយ​ទេ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ចេញ​ទៅ​បង្កើត​គណបក្ស​កម្ពុជា​និយម កាលពី​ឆ្នាំ​២០២០ ហើយ​បក្ស​នេះ​បាន​សម្រេច​ទៅ​រួម​រស់​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ដែល​ជា​គណបក្ស​ចាស់​វស្សា​មួយ​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ។

ការ​សម្រេច​ការ​រួបរួម​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​អះអាង​ថា មាន​និន្នាការ​ដូច​គ្នា​ក្នុង​ចំណុច​គិតគូរ​ប្រយោជន៍​កម្ពុជា​ជា​ធំ។

តែ​ទោះបីជា​គណបក្ស​ទាំង​ពីរ​បាន​រួម​បញ្ចូល​យ៉ាងណា​គ្នា​ក៏ដោយ ប៉ុន្តែ​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នោះ​ឡើយ ខណៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​លោក ហ៊ុន សែន ចែក​ឲ្យ​ចំនួន ៥​អាសនៈ​នៅ​ក្នុង​សភា បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ត​ពូជ​នៅ​កម្ពុជា​បាន​ផាត់​គណបក្ស​ប្រឆាំង​ចេញពី​សង្វៀន​ប្រកួត​មុន​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣៕