នាយករដ្ឋមន្ត្រីដែលទើបនឹងស្នងអំណាចបន្តពីឪពុក លោក ហ៊ុន ម៉ាណែត ព្រមានដកក្របខ័ណ្ឌរដ្ឋពីមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ជាដើម ដែលទទួលបានតំណែងជាទីប្រឹក្សា ឬជាជំនួយការហើយ ប៉ុន្តែនៅតែស្នើសុំឋានៈស្មើនឹងតំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលផ្សេងទៀត ដែលបង្កឱ្យមានភាពច្របូកច្របល់ពេញក្រសួងស្ថាប័ន។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លើកលែងតែមន្ត្រីនយោបាយ ដូចជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការប៉ុណ្ណោះដែលអាចទទួលបានតំណែងជាទីប្រឹក្សា ហើយនៅតែអាចទទួលបានឋានៈជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដូចមុនបន្តទៀត។
ការអះអាងរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីជួបជាមួយកម្មករនិយោជិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះថា មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិនទាំងអស់ដែលទទួលបានតំណែងជាទីប្រឹក្សា ឬជំនួយការទាំងនេះមានជម្រើសពីរ បើពួកគេចង់បានឋានៈស្មើនឹងរដ្ឋលេខាធិការ ឬស្មើនឹងរដ្ឋមន្ត្រី ពួកគេត្រូវតែដាក់ឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌការងាររបស់ខ្លួនជាមុនសិន ដែលនេះមានន័យថា អ្នកទាំងអស់នោះលែងជាប្រធាននាយកដ្ឋាន ឬមានតួនាទីក្នុងក្របខ័ណ្ឌបន្តទៀតហើយ។
នាយករដ្ឋមន្ត្រីថ្មីដែលដឹកនាំប្រទេសតាមរបបក្រុមគ្រួសារនិយមលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា បើពួកគេចង់រក្សាតំណែងក្នុងក្របខ័ណ្ឌរបស់ខ្លួនឱ្យនៅបន្តទៀតនោះ ពួកគេគ្រាន់តែមានតួនាទីជាទីប្រឹក្សាបានហើយ ប៉ុន្តែមិនត្រូវបានផ្តល់ឋានៈស្មើនឹងតំណែងណាមួយផ្សេងទៀតទេ ដែលនេះគឺជាជម្រើសឈ្នះឈ្នះ ព្រោះថាអ្នកទាំងនោះនៅតែអាចមានតួនាទីជាទីប្រឹក្សាដដែល ហើយនៅតែអាចរក្សាតំណែងក្នុងក្របខ័ណ្ឌរដ្ឋបានទៀត។
នាយករដ្ឋមន្ត្រីដែលទើបនឹងត្រូវបានលើកបន្តុបពីឪពុកលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា កន្លងមក ការផ្តល់តួនាទីជាទីប្រឹក្សា ឬជំនួយការ បានបង្កឱ្យមានបញ្ហាមួយចំនួនដែលប៉ះពាល់ដល់ដំណើរការការងារ ដោយសារតែមន្ត្រីរាជការខ្លះមានតួនាទីត្រឹមអភិបាលរងខណ្ឌ តែមានឋានៈស្មើរដ្ឋមន្ត្រី ឬមន្ត្រីខ្លះទៀតមានតួនាទីត្រឹមអនុប្រធានការិយាល័យ ប៉ុន្តែមានឋានៈស្មើអនុរដ្ឋលេខាធិការ ជាដើម ដែលជាហេតុធ្វើឱ្យប៉ះពាល់អារម្មណ៍ និងពិបាកក្នុងការអនុវត្តនូវបញ្ជា។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលអាណត្តិទី៧ នេះ ដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងតែងតាំងទីប្រឹក្សា និងជំនួយការព្រោងព្រាតដែលមានចំនួនកើនឡើងដល់ជាង ១ពាន់នាក់ហើយនៅពេលនេះ។
ក្រោយថ្ងៃប្រកាសអនុម័តសមាសភាពក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២២ សីហា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា ជំនួយការរបស់នាយករដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ផ្សេងៗ រួមទាំងទីប្រឹក្សា និងជំនួយការអមក្រសួងស្ថាប័ននានាជាបន្តបន្ទាប់ ដែលមកទល់នឹងពេលនេះមានចំនួនជាង ១៦០០នាក់ (១៦៨៤នាក់) ហើយ។
ទីប្រឹក្សា និងជំនួយការដែលត្រូវតែងតាំងតាមក្រសួងស្ថាប័ននីមួយៗមានចំនួនរាប់រយនាក់ ដូចជា៖
- ទីប្រឹក្សា និងជំនួយការរបស់នាយករដ្ឋមន្ត្រីចំនួន ១៧៤នាក់
- ទីប្រឹក្សារាជរដ្ឋាភិបាល ៣៦៣នាក់
- ទីប្រឹក្សា និងជំនួយការក្រសួងយុត្តិធម៌មានចំនួន ២៣៩នាក់
- ទីប្រឹក្សាក្រសួងព័ត៌មានចំនួន ៤១៥នាក់
- ព្រមទាំងទីប្រឹក្សា និងជំនួយការតាមក្រសួងស្ថាប័ននានាជាច្រើនទៀត ដែលកំពុងតែតែងតាំងជាបន្តបន្ទាប់នៅពេលនេះ។
មន្ត្រីមួយរូបនៃរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ កញ្ញា នេះថា កន្លងមកការផ្តល់ឋានៈដល់ទីប្រឹក្សា និងជំនួយការដល់មន្ត្រីរដ្ឋាភិបាលមួយចំនួន បានបង្កឱ្យមានភាពច្របូកច្របល់ពេញក្រសួងស្ថាប័ន ដោយសារតែមន្ត្រីខ្លះមានតួនាទីក្នុងក្របខ័ណ្ឌរដ្ឋត្រឹមតែជាអនុប្រធានការិយាល័យប៉ុណ្ណោះ ប៉ុន្តែត្រូវបានតែងតាំងជាទីប្រឹក្សារបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី ជាដើម ខណៈប្រធានការិយាល័យមិនត្រូវបានតែងតាំងជាទីប្រឹក្សាទេ ហើយក៏គ្មានឋានៈស្មើនឹងទេសរដ្ឋមន្ត្រីដូចអនុប្រធានការិយាល័យរបស់ខ្លួនដែរ ដូច្នេះការដាក់បទបញ្ជាទៅថ្នាក់ក្រោម គឺមិនមានប្រសិទ្ធភាពទេ ដោយសារតែថ្នាក់ក្រោមរបស់ខ្លួនមានឋានៈខ្ពស់ជាងខ្លួន។
ប្រភពដដែលបញ្ជាក់ថា បើទោះបីជាលោក ហ៊ុន ម៉ាណែត មិនផ្តល់ឋានៈដល់ទីប្រឹក្សា និងជំនួយការទាំងនោះក៏ដោយ ក៏ការអនុវត្តការងារនៅតែមានបញ្ហាដដែល ត្បិតមន្ត្រីជាន់ខ្ពស់ដែលគ្មានតំណែងជាទីប្រឹក្សា គឺនៅតែមានអំណាចតូចជាងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលមានតួនាទីជាទីប្រឹក្សាដដែល ដូច្នេះបទបញ្ជាពីថ្នាក់លើទៅមន្ត្រីថ្នាក់ក្រោម នៅតែមិនអាចអនុវត្តទៅបានដដែល ដែលនេះគឺជាបញ្ហាក្នុងការតែងតាំងទីប្រឹក្សា និងជំនួយការទាំងនេះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា លោក ហ៊ុន ម៉ាណែត ទំនងជាកំពុងរកវិធីកាត់បន្ថយភាពស្មុគស្មាញក្នុងរដ្ឋាភិបាលដែលបន្សល់ទុកពីជំនាន់របស់លោក ហ៊ុន សែន ដែលជាឪពុកក្នុងបំណងបង្ហាញស្នាដៃដឹកនាំរដ្ឋាភិបាលថ្មីនេះឱ្យមានប្រសិទ្ធភាពលើការអនុវត្តគោលនយោបាយរបស់ខ្លួន ប៉ុន្តែគាត់ក៏នឹងទំនងជាមិនអាចដោះស្រាយភាពស្មុគស្មាញនេះបានដែរ បើគាត់នៅតែប្រកាន់គំនិតរក្សាសមាជិករដ្ឋាភិបាលចាស់ បង្កើនសមាជិករដ្ឋាភិបាលថ្មី ដូចការណែនាំរបស់លោក ហ៊ុន សែន ដោយគ្មានការជម្រុះមន្ត្រីរដ្ឋាភិបាលដែលធ្វើការងារមិនកើតនោះ៕