ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) និង​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន

ព័ត៌មានអន្តរជាតិ

អាមេរិក​សច្ចា​នៅតែ​ការពារ​ដែន​កោះ​តៃវ៉ាន់​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ

By ឌឹ ខេមបូឌា ដេលី

September 02, 2023

គ្រប់​រដ្ឋការ​នៃ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំងអស់ មិន​ដែល​ចង់​ឱ្យ​តៃវ៉ាន់​បាត់​របូត​ទៅ​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ចិន​ដាច់ខាត ទោះ​ជា​ដឹង​ថា​ចិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​បាន​យ៉ាង​ងាយ​ក៏ដោយ​នោះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅតែ​ប្រកាន់​ថា តៃវ៉ាន់​គឺជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ​មួយ​ដ៏​ខ្លាំង និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​ក្រុង​វ៉ាស៊ីនតោន។

ឆ្លងកាត់​ពី​រដ្ឋការ​មួយ​ទៅ​រដ្ឋការ​មួយ​នៃ​មេដឹកនាំ​សហរដ្ឋ​អាមេរិក មិន​ដែល​ទុក​ឱ្យ​ចិន​គំរាម​តៃវ៉ាន់​ងាយៗ​ឡើយ។ ឱ្យ​តែ​ចិន​គំរាម ឬ​បញ្ជូន​នាវាចម្បាំង​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​តៃវ៉ាន់ គេ​សង្កេត​ឃើញ​ប្រធានាធិបតី​អាមេរិក ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស ហើយ​ក៏​សម្រេច​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ទៅ​ការពារ​ដែន​កោះ​តៃវ៉ាន់​ជាបន្ទាន់។ សហរដ្ឋ​អាមេរិក​ធ្វើ​ដូចនេះ ដោយ​យោង​លើ​កិច្ចព្រមព្រៀង​រួម​គ្នា។ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​បង្កើត​តាំងពី​ឆ្នាំ​១៩៥៥ ខណៈ​តៃវ៉ាន់​នៅតែ​ប្រកាន់​របប​សាធារណរដ្ឋ​ចិន។

យោង​តាម​កិច្ចព្រមព្រៀង​នេះ សហរដ្ឋ​អាមេរិក​ប្រៀប​បាន​ជា​អាណាព្យាបាល​កោះ​តៃវ៉ាន់ និង​ការពារ​តៃវ៉ាន់​គ្រប់​កាលៈទេសៈ​ទាំងអស់ ដែល​ដែន​កោះ​មួយ​នេះ​រង​ការ​បំពាន​ពី​សំណាក់​ប្រទេស​ចិន។

តែ​បើ​យោង​តាម​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ លេខ​២៧៥៨ នៅ​ឆ្នាំ​១៩៧១ តៃវ៉ាន់ គឺជា​ដែន​កោះ ឬ​ជា​ខេត្ត​របស់​ចិន ព្រោះ​ក្រុង​ប៉េកាំង​ដណ្ដើម​បាន​អាសនៈ​របស់​សាធារណរដ្ឋ​ចិន នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​១៩៧១។ មាន​ន័យ​ថា តៃវ៉ាន់​ជា​ដែន​កោះ​មួយ​ក្នុង​ដែន​អធិបតេយ្យ​របស់​ចិន។ ដូច្នេះ​ហើយ​បាន​ជា​ក្រុង​ប៉េកាំង​សព្វថ្ងៃ​នេះ​ដែល​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត បាន​ហៅ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន ទោះ​ជា​តៃវ៉ាន់​មិន​ព្រម​ចំណុះ​ឱ្យ​ខ្លួន​ក៏ដោយ។

មួយ​រយៈពេល​ចុងក្រោយ​នេះ ក្រុង​ប៉េកាំង​ព្យាយាម​សម្បើម​ណាស់​ក្នុង​ការ​គំរាម​វាយប្រហារ​តៃវ៉ាន់ ដោយ​សំអាង​ថា ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ លេខ​២៧៥៨ បាន​ផ្ដល់​ឱ្យ​ចិន​មាន​សិទ្ធិ​វាយ​យក​តៃវ៉ាន់​មក​ស្ថិត​នៅ​ក្រោម​បក្ស​កុម្មុយនីស្ត​របស់​ខ្លួន ប្រសិនបើ​អាជ្ញាធរ​ដែន​កោះ​មួយ​នេះ​មិន​ព្រម​មក​ស្ថិត​នៅ​ក្នុង​ចំណុះ​របស់​ក្រុង​ប៉េកាំង។

ចុះ​ហេតុ​អ្វី​បាន​ជា​តៃវ៉ាន់​មិន​ខ្លាច​ញញើត​ចិន បើ​ទោះ​ជា​ដឹង​ថា​ចិន​មាន​កងទ័ព​រាប់​សិប​លាន​នាក់​យ៉ាងណា​ក៏ដោយ​នោះ ?

អ្វី​ដែល​តៃវ៉ាន់​មិន​ដែល​ចុះញ៉ម​នឹង​ក្រុង​ប៉េកាំង​ម្ដង​ណា​នោះ គេ​អាច​មើល​ឃើញ​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ ដែល​ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ​រាប់​ទសវត្ស​មក​ហើយ​នោះ។ តៃវ៉ាន់​ហ៊ាន​គំរាម​ចិន​វិញ ក៏​ដោយសារតែ​អាមេរិក។ តៃវ៉ាន់​ធ្វើ​សមយុទ្ធ​គំរាម​ចិន​សុទ្ធតែ​ប្រើប្រាស់​អាវុធ​របស់​សហរដ្ឋ​អាមេរិក។

ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​ចិន​បញ្ជូន​នាវាចម្បាំង​ជាង ៣០​គ្រឿង​ឡោមព័ទ្ធ​តៃវ៉ាន់​ដោយ​បាញ់​គ្រាប់​មីស៊ីល​ទម្លាក់​ក្បែរ​កោះ​តៃវ៉ាន់ រហូត​ដល់​ក្រុង​ប៉េកាំង​បញ្ចេញ​យន្តហោះ​ចម្បាំង​ម្ដងៗ​រាប់​សិប​គ្រឿង​ហោះ​រំលោភ​ដែនអាកាស​របស់​តៃវ៉ាន់ ក៏​តៃវ៉ាន់​មិន​ខ្លាច​ញញើត ហើយ​មិន​តែប៉ុណ្ណោះ តៃវ៉ាន់​ធ្វើ​សមយុទ្ធ​គំរាម​ចិន​វិញ​ទៀត​ផង។

ត្រង់​នេះ​ហើយ​ដែល​តៃវ៉ាន់​ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី សាយ អ៊ឹងវិន គេ​ហៅថា​ស្ត្រី​បេះដូង​ដែក​ហ៊ាន​សម្រេច​ប្រឈមមុខ​នឹង​ចិន បើ​ទោះជា​តៃវ៉ាន់​មាន​ទ័ព​ត្រឹម ៣០​ម៉ឺន​នាក់ ហើយ​ចិន​មាន​ទ័ព​រាប់​សិប​លាន​នាក់​យ៉ាងណា​ក៏ដោយ​នោះ។

សកម្មភាព​របស់​កងទ័ព​តៃវ៉ាន់​ដែល​គំរាម​ចិន ក៏​ស្រប​នឹង​សហរដ្ឋ​អាមេរិក​បញ្ជូន​នាវាចម្បាំង​របស់​ពួកគេ​រាប់​សិប​គ្រឿង​ទៅ​ដាក់​ពង្រាយ​នៅ​ជាប់​នឹង​កោះ​តៃវ៉ាន់​ដែរ។ មិន​តែប៉ុណ្ណោះ ទ័ព​ម៉ារីន​របស់​អាមេរិក​រាប់​រយ​នាក់​ក៏​ឡើង​លើ​កោះ​តៃវ៉ាន់​ផង​ដែរ។

នេះ​ជា​ផ្នែក​មួយ​ដែល​តៃវ៉ាន់​មាន​អាមេរិក​ជា​ខ្នង​បង្អែក ទើប​ហ៊ាន​ជល់​ជាមួយ​ចិន​ក្នុង​ឋានៈ​តៃវ៉ាន់​ជា​ដែន​កោះ​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​ដែល​ជា​ដៃគូ​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​របស់​អាមេរិក និង​ពួក​បស្ចិម​ប្រទេស​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

រដ្ឋការ​របស់​លោក ចូ បៃដិន តែងតែ​ព្រមាន​ចិន​កុំ​ឲ្យ​បំពាន​តៃវ៉ាន់​ឲ្យ​សោះ គឺ​វា​នាំ​ទៅ​រក​សង្គ្រាម​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវតែ​អន្តរាគមន៍​ជួយ​តៃវ៉ាន់ ដោយ​យោង​តាម​កិច្ចព្រមព្រៀង​រវាង​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក​ឆ្នាំ​១៩៥៥ និង​ឆ្នាំ​១៩៧១។

តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ​ដ៏​ខ្លាំង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

លោក ចូ បៃដិន ជា​ប្រធានាធិបតី​ទី​៤៦ របស់​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​មួយ​ដ៏​មាន​ឥទ្ធិពល​នៅ​ពីក្រោយ​កោះ​តៃវ៉ាន់។ គេ​កត់​សម្គាល់​ឃើញ​ថា រាល់​ជំនួប​ប្រធានាធិបតី​រវាង​លោក បៃដិន និង​លោក ស៊ី ជីងពីង គឺ​លោក បៃដិន តែងតែ​ព្រមាន​លោក ស៊ី កុំ​លើក​ទ័ព​បំពាន​តៃវ៉ាន់​ឲ្យ​សោះ ដោយ​ប្រាប់​ថា​អាមេរិក​នឹង​លើក​ទ័ព​អន្តរាគមន៍​ជួយ​តៃវ៉ាន់​ក្រោម​ហេតុផល​ការពារ​ប្រជាធិបតេយ្យ​របស់​ដែន​កោះ​មួយ​នេះ។

ចំណែកឯ​លោក ស៊ី ជីងពីង បាន​ព្រមាន​ថា អាមេរិក​ចូលចិត្ត​លេង​ភ្លើង​ដែល​ងាយ​រលាក​ដៃ​ករណី​កោះ​តៃវ៉ាន់។

យ៉ាងណា​ក៏ដោយ ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ងាយ​លើក​ទ័ព​ចូល​លុកលុយ​ដែន​កោះ​តៃវ៉ាន់ ប៉ុន្តែ​ងាយ​គ្រោះថ្នាក់​បំផុត បើ​អាមេរិក​អន្តរាគមន៍​លើក​ទ័ព​ជួយ​តៃវ៉ាន់ ព្រោះ​តៃវ៉ាន់​ពុំ​មាន​ព្រំដែន​គោក​ជាប់​នឹង​ចិន​នោះ​ទេ គឺ​ត្រូវ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​លាតសន្ធឹង​ពី​ក្រុង​ប៉េកាំង គឺ​យ៉ាងតិច​ជិត ២០០​គីឡូម៉ែត្រ​ទើប​មក​ដល់​កោះ​តៃវ៉ាន់។

អ្នកជំនាញ​យោធា​របស់​អាមេរិកាំង​ព្រមាន​ចិន​ថា ទោះជា​ចិន​ប្រើ​នាវាចម្បាំង​រាប់​រយ​គ្រឿង​ក៏ដោយ មិន​ប្រាកដ​ថា​នាវា​ទាំងនោះ​ងាយ​ឆ្លង​ផុត​ច្រក​សមុទ្រ​តៃវ៉ាន់​បាន​នោះ​ណាស់ ព្រោះ​វា​អាច​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​គ្រាប់​មីស៊ីល​របស់​តៃវ៉ាន់ និង​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​របស់​អាមេរិក ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52 B-1 និង B-2 ជាដើម ដែល​អានុភាព​របស់​យន្តហោះ​ទាំងនេះ​ងាយ​វាយ​បង្ក្រាប​ទ័ព​ចិន។

សរុប​ទៅ ក្រោម​បុព្វហេតុ​នៃ​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់ នាំ​ឲ្យ​ចិន​ពិបាក​លេប​តៃវ៉ាន់ ព្រោះ​តែ​សហរដ្ឋ​អាមេរិក​ជា​មេ​ប្រជាធិបតេយ្យ​ពិភពលោក និង​ជា​មេ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់៕