លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានឹងសហការជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីបើកការទប់ស្កាត់អំពើភេរវកម្ម និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ឪពុករបស់នាយករដ្ឋមន្ត្រីបានសរសេរជំនួសឲ្យកូនប្រុសរបស់ខ្លួននៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី០៥ ខែកញ្ញា ដោយសង្ខេបខ្លឹមសារនៃជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន នៅអំឡុងពេលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំបណ្ដាប្រទេសមួយចំនួន ដូចជាប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងមេដឹកនាំអាស៊ានមួយចំនួនទៀត ដោយផ្ដោតទៅលើការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សន្តិសុខ ថាមពល ក្នុងទិដ្ឋភាពនយោបាយ ការងារ ការផ្សារភ្ជាប់វិស័យឯកជនតាមរយៈសភាពាណិជ្ជកម្ម ជាដើម។
ក្រៅពីនោះ លោក ហ៊ុន ម៉ាណែត និងមេដឹកនាំទាំងនោះ ក៏ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
ការបង្កើនកិច្ចសហប្រតិបត្តិការនេះ ស្របពេលដែលឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាបានកើនឡើង បន្ទាប់ពីមានចំនួនវិនិយោគិនចិន និងពលករចំណាកស្រុកមានការកើនឡើងនៅកម្ពុជា។
ជាក់ស្ដែងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេសធ្វើការនៅតាមអគារខ្ពស់ៗនៅកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឲ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ជាដើម។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធនានាត្រៀមចុះពិនិត្យអគារនានានៅទូទាំងប្រទេស ខណៈមានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងជួញដូរមនុស្សតាមរយៈការប្រើប្រាស់កម្លាំងបរទេសឲ្យធ្វើការជាអ្នកឆបោកតាមបច្ចេកវិទ្យា ឬហៅថា Scam។
កាលពីពេលថ្មីៗនេះ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ថា មនុស្សប្រហែល ១០ម៉ឺននាក់រងការបង្ខំឲ្យធ្វើការខុសច្បាប់នៅកម្ពុជា។
ចំណែកសហរដ្ឋអាមេរិកវិញ ក៏បានទម្លាក់កម្ពុជាពីចំណាត់ថ្នាក់កម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា កម្ពុជាដើរថយក្រោយ និងគ្មានឆន្ទៈក្នុងការលុបបំបាត់ការជួញដូរមនុស្ស ដោយសារតែបញ្ហាអំពើពុករលួយជាប្រព័ន្ធដែលបានរារាំងដល់ការអនុវត្តច្បាប់លើក្រុមជនល្មើសដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនៅកម្ពុជា៕