គណបក្សភ្លើងទៀនស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាថ្មីទៀត ដើម្បីសុំឲ្យរដ្ឋមន្ត្រីក្រសួងនេះជួយផ្ដល់លិខិតចុះបញ្ជីគណបក្សច្បាប់ដើម បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនឲ្យចូលរួមការបោះឆ្នោតកាលពីខែកក្កដា។
ការដាក់លិខិតជាថ្មីទៀតទៅក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីក្រសួងនេះបានបដិសេធមិនជួបជាមួយគណបក្សភ្លើងទៀនកាលពីដើមខែសីហា និងមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែមិថុនា ឆ្នាំ២០២៣ ដោយក្រសួងប្រាប់ឲ្យគណបក្សនេះរង់ចាំរហូតដល់មានរដ្ឋាភិបាលថ្មី។
ក្នុងលិខិតរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានដាក់ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ កញ្ញា ឲ្យដឹងថា ការដាក់លិខិតជាថ្មីទៀតនេះដើម្បីស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជួយផ្តល់ដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សភ្លើងទៀន ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
ប្រភពដដែលថា គណបក្សភ្លើងទៀនត្រូវការឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សច្បាប់ដើម ដើម្បីយកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ ប្រសិនបើគ្មានឯកសារច្បាប់ដើមទេ គណបក្សភ្លើងទៀននឹងត្រូវប្រឈមការបដិសេធជាថ្មីដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមិនឲ្យចូលរួមការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅអាណត្តិបន្តបន្ទាប់នាពេលខាងមុខនេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចសុំការអត្ថាធិប្បាយចំពោះរឿងនេះពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បាននៅឡើយទេ។
ការដាក់លិខិតទៅក្រសួងមហាផ្ទៃរបស់គណបក្សភ្លើងទៀននេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទទួលស្គាល់ និងមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមហេតុផលថា ឯកសារដែលគណបក្សនេះដាក់សុំចុះបញ្ជីមិនមែនជាឯកសារច្បាប់ដើម បើទោះបីជាក្រសួងមហាផ្ទៃជាអ្នកចេញឲ្យគណបក្សភ្លើងទៀនក៏ដោយ។
គណបក្សភ្លើងទៀនបានអះអាងថា គណបក្សបានបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ អំឡុងពេលនៃការចម្រូងចម្រាសគ្នារវាងអតីតគណបក្សសង្គ្រោះជាតិ និងអាជ្ញាធរគណបក្សកាន់អំណាច ដោយគណបក្សភ្លើងទៀនបានជ្រកក្រោមដំបូលជាមួយគ្នានោះផងដែរ។
ក៏ប៉ុន្តែលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងដោយមិនជឿលើការលើកឡើងនេះទេ ដោយលោកបានដាក់ការសង្ស័យថា ការធ្វើឲ្យបាត់បង់ឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សភ្លើងទៀន ហើយមិនអាចឲ្យគណបក្សនេះចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បាននោះ គឺជាឧបាយកលធ្វើឲ្យបរទេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា៕