32 C
Phnom Penh

លោក បៃដិន ទៅ​ប្រជុំ​កំពូល G-20 តែ​លោក ស៊ី ជីនពីង និង​លោក ពូទីន មិន​ទៅ​ចូលរួម​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន (Joe Biden) បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រទេស G-20 ក្នុង​ប្រទេស​ឥណ្ឌា ដែល​ប្រព្រឹត្ត​ឡើង​នៅ​ចុង​សប្តាហ៍​នេះ ដោយ​មាន​គោលដៅ​ធំៗ​ជាច្រើន​ដោយ​ក្តី​សង្ឃឹម​ថា ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង ២០ អាច​ធ្វើការ​រួម​គ្នា​ដោះស្រាយ​លើ​បញ្ហា​ធំៗ​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ។ នេះ​បើ​យោង​តាម​សេតវិមាន ដែល​បាន​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ។

តែ​ទោះជា​យ៉ាងណា មេដឹកនាំ​កំពូល​ពីរ​នាក់​មិន​មាន​វត្តមាន​ទេ គឺ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក វ្លាឌីមៀ ពូទីន បុរស​ខ្លាំង​នៅ​ក្រុង​មូស្គូ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​សីហា។

នៅ​មុន​ការ​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា មាន​មន្ទិល​អំពី​សុខភាព​របស់​លោក​ប្រធានាធិបតី ក្រោយពី​ភរិយា​របស់​លោក គឺ​អ្នកស្រី Jill Biden បាន​ធ្វើ​តេស្ដ​ឃើញ​វិជ្ជមាន​កូវីដ-១៩។ តែ​តាម​អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Karine Jean-Pierre លោក Biden គ្មាន​ចេញ​រោគសញ្ញា​អ្វី​ទេ ហើយ​សុខភាព​លោក បៃដិន មិន​មាន​បញ្ហា​អ្វី​ទេ។

អ្នកស្រី​បន្ថែម​ថា លោក Biden បាន​ធ្វើ​តេស្ដ​ឃើញ​អវិជ្ជមាន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ហើយ​នឹង​ធ្វើ​តេស្ដ​ម្ដង​ទៀត​តាម​កាលកំណត់​ដោយ​វេជ្ជបណ្ឌិត​របស់​លោក ក៏​ពុំ​ឃើញ​មាន​រោគសញ្ញា​កូវីដ​ដែរ។

ជាមួយ​គ្នា​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Jake Sullivan បាន​និយាយ​ថា ប្រតិភូ​របស់​លោក Biden នឹង​ផ្ដោត​លើ​បញ្ហា​មួយ​ចំនួន​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ ការ​រៀបចំ​បំណុល​ឡើងវិញ និង​បញ្ហា​ដ៏​សំខាន់ គឺ​សង្គ្រាម​នៅ​អ៊ុយក្រែន។

តាម​ប្រភព​របស់ AFP កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ G-20 ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ក្នុង​រដ្ឋធានី​ញូវដែលី នៃ​ប្រទេស​ឥណ្ឌា។ លោក Sullivan បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល G-20 នេះ​នឹង​បង្ហាញ​ថា ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​លើ​ពិភពលោក​អាច​ធ្វើការ​ជាមួយ​គ្នា​គ្រា​ដែល​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​ធំ​ដូចជា​សង្គ្រាម​នៅ​អ៊ុយក្រែន ជាដើម។

កាលពី​ជំនួប​កំពូល​របស់​ប្រទេស G-20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី ធ្វើឡើង​នៅ​កោះ​បាលី នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង មាន​វត្តមាន តែ​លោក វ្លាឌីមៀ ពូទីន ពុំ​មាន​វត្តមាន​ទេ។ លោក ពូទីន នៅ​ឆ្នាំ​២០២៣ នេះ ក៏​ពុំ​មាន​វត្តមាន​ដែរ។

តែ​មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​ចាត់តាំង​លោក ហ្សេហ្គេ ឡារ៉ូវ ទៅ​ជំនួស​លោក គឺ​ដូច​ឆ្នាំ​ទៅ​មិញ​ដែរ។ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi គឺជា​ម្ចាស់​ផ្ទះ និង​ជា​អ្នក​សម្របសម្រួល​កិច្ចប្រជុំ។

តែ​សម្រាប់​លោក បៃដិន និយាយ​ថា លោក​មាន​ការ​ខកចិត្ត​ដែរ​ចំពោះ​មេដឹកនាំ​ចិន មិន​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ។ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង មិន​អញ្ជើញ​មក​ចូលរួម​ក្នុង​ជំនួប​កំពូល G-២០ ក្នុង​ឆ្នាំ​នេះ​នៅ​ប្រទេស​ឥណ្ឌា ទេ។

ដូច្នេះ​គ្មាន​ទេ​ការ​ជួប​ពិភាក្សា​មួយ​ទល់​នឹង​មួយ​រវាង​លោក បៃដិន និង​លោក ស៊ី ដូច​កាល​នៅ​ជំនួប​កំពូល​ក្រុង​បាលី កាលពី​ឆ្នាំ​ទៅ។

ចំណែក​លោក ពូទីន វិញ អវត្តមាន​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ។ តែ​គេ​ថា​លោក ចូ បៃដិន សម្លឹង​ឃើញ​អវត្តមាន​របស់​មេដឹកនាំ​រុស្ស៊ី និង​ចិន ជា​ប្រយោជន៍​សម្រាប់​អាមេរិក​ទៅវិញ​ទេ។ បើ​ប្រធានាធិបតី​ចិន មក ឥណ្ឌា​អាច​នឹង​មិន​សូវ​មាន​ទទួល​ស្វាគមន៍​ច្រើន​ទេ។

ក្រុម​អ្នកវិភាគ​និយាយ​ថា ទោះជា​អវត្តមាន​មេដឹកនាំ​សំខាន់​ពីរ​រូប គឺ​ប្រធានាធិបតី​រុស្ស៊ី​លោក ពូទីន និង​លោក ស៊ី ជីនពីង នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​កិច្ចប្រជុំ​នោះ​ទេ។ តែ​អ្នកវិភាគ​ព្រមាន​ថា អាច​នឹង​ពុំ​មាន​សេចក្ដី​ថ្លែងការណ៍​រួម​ទេ​ចំពោះ​វិបត្តិ​ធំៗ​ដែល​ពិភពលោក​កំពុង​ប្រឈម​ដូចជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ជាដើម។

គេ​នៅ​ចាំ​បាន​ថា កាលពី​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច G-20 ក៏​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​បាន​ដែរ ដោយសារ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ក្នុង​កិច្ចប្រជុំ​រយៈពេល ២​ថ្ងៃ​នៃ​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មកពី​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា​ឆ្នាំ​២០២៣ ពេល​នោះ​បាន​បិទ​បញ្ចប់​ដោយ​ពុំ​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ដើម្បី​ធ្វើការ​បូក​សរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោយសារតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ឈាន​ដល់​ការ​បែងចែក​បក្ខពួក ព្រោះតែ​ករណី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

អំឡុង​កិច្ចប្រជុំ​នៅ​ពេល​នោះ ឥណ្ឌា​ដែល​ជា​ប្រធាន G-20 ឆ្នាំ​២០២៣ នេះ បាន​ព្យាយាម​បង្កើត​ការ​ឯកភាព​គ្នា​លើ​កំណែ​ទម្រង់​ក្នុង​វិស័យ​ធនាគារ​ពហុភាគី នាំ​ទៅ​រក​គោលការណ៍​ណែនាំ​សកល​ស្ដីពី​រូបិយប័ណ្ណ Crypto និង​សំដៅ​ពន្លឿន​ការ​ដោះស្រាយ​បំណុល​របស់​ប្រទេស​ងាយ​រងគ្រោះ ប៉ុន្តែ​វិបត្តិ​ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន បាន​ក្លាយ​ជា​ស្រមោល​លើ​ការងារ​ការទូត​របស់​ពិភពលោក​ដ៏​តានតឹង។

ក្នុង​ជំនួប​នោះ គេ​សង្កេត​ឃើញ​ប្រទេស​លោក​ខាងលិច​ភាគច្រើន រួម​ទាំង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រុស្ស៊ី ដែល​បង្កើត​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

តែ​ក្នុង​នោះ រុស្ស៊ី និង​ចិន បាន​ជំទាស់ ហើយ​ឥណ្ឌា ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ មិន​អាច​ធ្វើ​សេចក្តី​ព្រាង​សេចក្តី​ប្រកាស​ចុងក្រោយ ដែល​អាច​ទទួល​យក​បាន​សម្រាប់​គ្រប់​សមាជិក​ទាំងអស់​បាន​នោះ​ទេ ខណៈ​ប្រទេស​មួយ​ចំនួន​ទទូច​ឲ្យ​ហៅ​ជម្លោះ​នោះ​ថា​ជា​សង្គ្រាម​ឈ្លានពាន។

សម្រាប់​រុស្ស៊ី​ខ្លួន​គេ​ផ្ទាល់ បាន​ស្នើ​ឱ្យ​ហៅថា​ប្រតិបត្តិការ​សឹក​ពិសេស។ មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ក្រោម​ប្រតិបត្តិការ​សឹក​ពិសេស​នេះ​ឈាន​ចូល ១៩​ខែ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស