អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាលោក ស ខេង បានប្រកាសជំហរបន្តគាំទ្ររដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដើម្បីបញ្ចៀសការយកឈ្មោះរបស់លោកទៅប្រើភ្ជាប់ជាមួយបក្សប្រឆាំង និងធ្វើឲ្យមានការភ័ន្តច្រឡំ។
លោក ស ខេង កាលពីថ្ងៃទី១១ ខែកញ្ញា នេះ បានសរសេរលើហ្វេសប៊ុករបស់លោកថា ការដែលលោកចេញគាំទ្រដូច្នេះដោយសារតែអ្នកមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្ដាញសង្គម និងសារព័ត៌មាននានា ហើយជាពិសេសតាមការឃោសនាអកុសល ដោយប្រតិដ្ឋនូវព័ត៌មានចោទប្រកាន់លោក។
លោក ស ខេង ចោទថា បណ្ដាញសារព័ត៌មានបានយកឈ្មោះលោកធ្វើជាប្រធានបទនេះក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងបក្សប្រជាជនកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែបន្តគាំទ្រ និងលើកទឹកចិត្តរដ្ឋាភិបាលអាណត្តិទី៧ ដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ក្រៅពីប្រកាសជំហរគាំទ្រហើយ លោកក៏អំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះបញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំលើគោលការណ៍ដឹកនាំរបស់លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានវេទិកាពលរដ្ឋ (PFOR) លោក ម៉ែន ណាត យល់ថា ការចេញសាររបស់លោក ស ខេង ដូច្នេះទំនងជាលោក ហ៊ុន សែន ដាក់សម្ពាធលោក ស ខេង និងអាចភ្ជាប់លោកជាមួយក្រុមអ្នកប្រជាធិបតេយ្យ ជាពិសេសបក្សប្រឆាំង។
លោកកត់សម្គាល់ថា លោក ស ខេង ជាមេដឹកនាំមានការអធ្យាស្រ័យច្រើន ដោយគាត់គិតគូរពីផលប្រយោជន៍ជាតិជាធំ ហើយគាត់ក៏ចង់សម្របសម្រួលនយោបាយជាមួយបក្សប្រឆាំង ជាមួយអ្នកប្រជាធិបតេយ្យ ប៉ុន្តែភាគីលោក ហ៊ុន សែន មិនព្រម ហើយក៏មិនគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ ដោយធ្វើការបង្ក្រាបទាំងបក្សប្រឆាំង និងផ្ទៃក្នុងបក្សកាន់អំណាចខ្លួនឯងតាមទំនើងចិត្ត ដើម្បីផលប្រយោជន៍ក្រុមគ្រួសារ។
លោក ម៉ែន ណាត យល់ថា លោក ស ខេង ហាក់ព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ និងក្រុមគ្រួសារ ដោយលោក ហ៊ុន សែន អាចយកលេសមួយនេះមកដាក់សម្ពាធ និងគំរាមកំហែងលើលោក ស ខេង ខណៈកន្លងមក លោក ហ៊ុន សែន ក៏មិនដែលបានគោរពគោលការណ៍ផ្ទៃក្នុងរបស់គណបក្សនោះដែរ។ ដូច្នេះការផ្ញើសាររបស់លោក ស ខេង នេះ ដើម្បីការពារខ្លួន និងសម្រាលសម្ពាធ ដោយកុំឲ្យភាគីលោក ហ៊ុន សែន និងភាគីបក្សប្រឆាំងចោទប្រកាន់លើគាត់បន្តទៀត៕