នាយករដ្ឋមន្ត្រីថ្មីនៃរាជាណាចក្រថៃ កាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា បានព្យាយាមពន្យល់សមាជិកសភាអំពីគោលនយោបាយស្រោចស្រង់សេដ្ឋកិច្ចថៃ ដែលសមាជិកសភាក្រុមបក្សប្រឆាំងមកពីគណបក្សចលនាឆ្ពោះទៅមុខ និងបក្សប្រជាធិបតេយ្យ បានចោទសួរថា តើគោលនយោបាយនេះអាចដំណើរការដោយរលូន និងមានតម្លាភាពដែរឬទេ?
រដ្ឋាភិបាលថ្មីនៃរាជាណាចក្រថៃ ដែលដឹកនាំដោយលោក ស្រេតថា ថាវិស៊ីន ជានាយករដ្ឋមន្ត្រីមកពីបក្សភឿថៃ លោកបានដាក់ចុះនូវគោលនយោបាយដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាជនថៃ ដោយសារសេដ្ឋកិច្ចរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ រយៈពេល ៣ឆ្នាំ។
ក្នុងគោលនយោបាយនោះ រដ្ឋាភិបាលចម្រុះ ១១បក្សនោះមានផែនការនឹងធ្វើការពិនិត្យឡើងវិញជាបន្ទាន់ ដោយការទម្លាក់ថ្លៃប្រេងសាំង ថ្លៃប្រេងឥន្ធនៈផ្សេងៗ ថ្លៃភ្លើងអគ្គិសនី និងការបញ្ចេញកញ្ចប់ថវិការាប់ពាន់លានបាត ដើម្បីជួយដល់ប្រជាជនថៃ។
តាមរយៈគោលនយោបាយនេះ ប្រជាជនថៃច្រើនលាននាក់ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ នឹងទទួលប្រាក់មួយម៉ឺនបាត ឬស្មើនឹង ២៨២ដុល្លារក្នុងម្នាក់ៗ។ ជាមួយគ្នានេះ រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោក ស្រេតថា ថាវិស៊ីន ក៏បានដាក់ចេញនូវផែនការទាក់ទាញអ្នកទេសចរបរទេសឱ្យមានសន្ទុះខ្លាំងថែមទៀត។
នៅក្នុងការថ្លែងអំពីគោលនយោបាយរបស់លោកទៅកាន់សភាជាលើកដំបូងនៅថ្ងៃទី១១ ខែកញ្ញា ក្រោយចូលកាន់តំណែងនាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវិស៊ីន បានលើកឡើងថា ពេលនេះសេដ្ឋកិច្ចថៃ កំពុងមានភាពផុយស្រួយដោយបំណុលរបស់ប្រជាជនមានកម្រិតខ្ពស់ខ្លាំង។ ត្រង់ចំណុចនេះ លោក ស្រេតថា ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ ក៏បានបញ្ជាក់ដែរថា បំណុលរបស់ប្រជាជនបានកើនដល់ ៩១% បើធៀបនឹងផលទុនក្នុងស្រុកសរុប GDP ហើយបំណុលសាធារណៈបានកើនដល់ ៦១% នៃផលទុនសរុប។
ដោយមើលឃើញដូចនេះ លោក ស្រេតថា បានប្ដេជ្ញាដោះស្រាយបញ្ហាបំណុលរបស់កសិករ បំណុលសាធារណៈ សហគ្រាសធុនតូច និងមធ្យម និងប្រជាជនថៃ ដែលជួបផលវិបាក។ លោក ស្រេតថា បានទទូចថា ការដោះស្រាយបំណុលដែលកសិករបានខ្ចីធនាគារ ឬប្រភពហិរញ្ញវត្ថុផ្សេងៗ អាចរួមបញ្ចូលនឹងការពន្យារពេលការសងថ្លៃដើម និងការប្រាក់។ លោក ស្រេតថា ពន្យល់សមាជិកសភាថា សេដ្ឋកិច្ចថៃ កំពុងជួបបញ្ហាប្រឈមជាច្រើន ខណៈចំនួនទេសចរបរទេសមិនមានការហក់ឡើង ដែលអាចធ្វើឱ្យសេដ្ឋកិច្ចថៃបន្តជួបឱនភាព។
ជាមួយនឹងការពន្យល់ដូចនេះ លោក ស្រេតថា បានបញ្ជាក់ថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការដាក់ចេញវិធានការជួយជំរុញសេដ្ឋកិច្ច ដោយក្នុងនោះរួមទាំងការផ្តល់ប្រាក់ ១ម៉ឺនបាត ឬ ២៨២ដុល្លារដល់ពលរដ្ឋថៃដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។
ជាមួយគ្នានេះ លោកបន្តបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងកាត់បន្ថយតម្លៃប្រេងសាំង ប្រេងម៉ាហ្ស៊ូត ហ្គាស៍ និងអគ្គិសនី។
បើតាមសេចក្ដីថ្លែងការណ៍របស់លោក ស្រេតថា កសិករថៃប្រើជាចាំបាច់នូវប្រេងម៉ាហ្ស៊ូតដែលលោកថា រដ្ឋាភិបាលនឹងកំណត់តម្លៃរបស់វាត្រឹមតែ ៣១បាតប៉ុណ្ណោះ។ លោកបន្តថា លោកសូមប្ដេជ្ញាថានឹងធ្វើឱ្យសេដ្ឋកិច្ចមានសន្ទុះយ៉ាងតិច ៥% ជារៀងរាល់ឆ្នាំ។
ក្នុងស្ថានភាពដែលមានការសួរដេញដោលខ្លាំងពីសមាជិកសភាមកពីក្រុមបក្សប្រឆាំង លោក ស្រេតថា ស្នើឱ្យមានការទុកចិត្តមកលើរដ្ឋាភិបាលរបស់លោក ដោយប្ដេជ្ញាថានឹងធ្វើឱ្យបានតាមគោលនយោបាយថ្មីនេះ។
ប៉ុន្តែសមាជិកសភានៃក្រុមបក្សចលនាឆ្ពោះទៅមុខ រិះគន់ថា មានភាពមិនច្បាស់លាស់ មិនមានពេលវេលាអនុវត្តឱ្យបានត្រឹមត្រូវ ពុំមានគម្រោងច្បាស់លាស់ និងពុំមានការបង្ហាញទំហំសាច់ប្រាក់ដែលត្រូវជួយសម្រាលបន្ទុករបស់ប្រជាជនថៃ។
តែបើតាមប្រភពក្រៅផ្លូវការ ទំហំថវិកាចំណាយទៅលើពលរដ្ឋម្នាក់ៗពីអាយុ ១៦ឆ្នាំឡើងទៅ អាចត្រូវចំណាយរហូតដល់ទៅ ៥៦០ពាន់លានបាតឯណោះ។
អ្នកស្រី Sirikanya Tansakul អនុប្រធានបក្សចលនាឆ្ពោះទៅមុខ បានហៅគោលនយោបាយរបស់នាយករដ្ឋមន្ត្រី ស្រេតថា ថាល្អ ព្រោះបានបញ្ជាក់ពីទិសដៅ និងវិធីសាស្ត្រក្នុងការអនុវត្តគោលនយោបាយឱ្យបានសម្រេច។ តែសមាជិកសភារូបនេះព្រមានថា ការបញ្ចេញកញ្ចប់ថវិកាផ្ដល់ពលរដ្ឋថៃម្នាក់មួយម៉ឺនបាត ប្រយ័ត្នរុញសេដ្ឋកិច្ចដាំក្បាលចុះថែមទៀត។ អ្នកស្រីសរសើរ តែទាមទារឱ្យមានការប្រុងប្រយ័ត្ន។
អ្នកស្រី Sirikanya Tansakul បន្តថា គោលនយោបាយនេះមិនខុសពីឯកសាររបស់បក្សភឿថៃ ដែលត្រូវបានបញ្ចេញក្នុងការឃោសនារកសន្លឹកឆ្នោតនោះទេ។
តែជាមួយគ្នានេះ សមាជិកសភាមកពីក្រុមបក្សប្រជាធិបតេយ្យ លោក Jurin Laksanawisit ដែលធ្លាប់កាន់តំណែងរដ្ឋមន្ត្រីពាណិជ្ជកម្ម បានចោទសួរថា តើជាល្បែងប្រជាភិថុតិឬទេ ព្រោះតែត្រូវការសន្លឹកឆ្នោតពីប្រជាជន។ លោកអះអាងថា បក្សរបស់លោកបានមើលឃើញថា ប្រាក់ខែអ្នករាជការថ្នាក់ទាបគួរតែហក់ឡើងជាង ២ម៉ឺន ៥ពាន់បាត ដែលបក្សប្រជាធិបតេយ្យបានកំណត់ក្នុងគោលនយោបាយរបស់ខ្លួនផងដែរ។
នៅក្នុងរដ្ឋសភាថៃ បក្សប្រឆាំងមានពីរបក្ស គឺបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលមានសមាជិកសភា ១៥១នាក់ និងបក្សប្រជាធិបតេយ្យ (DP) មាន ២៥នាក់។ រដ្ឋសភាថៃ មានសមាជិកសរុប ៥០០រូប៕