ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ជាង ២០នាក់ បន្តចេញធ្វើកូដកម្មដោយស្នើសុំឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងរដ្ឋមន្ត្រីថ្មីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយដោះស្រាយវិវាទការងាររបស់ពួកគេជាមួយក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ ដែលបានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំ ដើម្បីបញ្ចប់បញ្ហា។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនបនល្បែងស៊ីសងណាហ្គាវើលដ៍២ ស្ថិតក្នុងភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឈរលើកបដាដែលមានភ្ជាប់រូបថតនាយករដ្ឋមន្ត្រីថ្មី រូបថតរដ្ឋមន្ត្រីក្រសួងការងារ និងរូបថតថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យពួកគេជួយដោះស្រាយវិវាទការងារដែលបានអូសបន្លាយដោយគ្មានដំណោះស្រាយអស់រយៈពេលជិត ២ឆ្នាំកន្លងមក។
ក្រុមកូដករទាំងនេះ ទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ចេញមុខដោះស្រាយបញ្ចប់វិវាទការងារឲ្យពួកគេ ដើម្បីឱ្យកម្មករដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ បានចូលធ្វើការវិញ និងស្នើសុំការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីថ្មីឱ្យជួយអន្តរាគមន៍លើវិវាទនេះ ដើម្បីបញ្ចប់បញ្ហា ព្រមទាំងស្នើឲ្យតុលាការដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ និងទាមទារឱ្យទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើសមាជិកសហជីពដែលកំពុងរងនូវការចោទប្រកាន់ទាំងអយុត្តិធម៌សព្វថ្ងៃនេះផងដែរ។
ការទាមទារនេះ ធ្វើឡើងដើម្បីជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជាជួយដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានបន្តអូសបន្លាយតាំងពីនាយករដ្ឋមន្ត្រីចាស់រហូតដល់នាយករដ្ឋមន្ត្រីថ្មីអស់រយៈពេលជិត ២ឆ្នាំកន្លងមកនេះ។
ចាប់តាំងពីផ្ទុះការតវ៉ាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មក តំណាងក្រុមកូដករបានស្វែងរកការចរចាជាមួយតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើកច្រើនសា និងបានដាក់ញត្តិទៅក្រសួងការងារ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក៏ដូចជាភាគីពាក់ព័ន្ធផងដែរ ប៉ុន្តែរហូតមកទល់នឹងពេលនេះ មិនទាន់មានដំណោះស្រាយណាមួយដើម្បីបញ្ចប់វិវាទនេះនៅឡើយទេ។
ជាងនេះទៀត សហភាពសហព័ន្ធ សម្ព័ន្ធសហជីព សហជីពមូលដ្ឋាន និងអង្គការសមាគមដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស និងលើកកម្ពស់សិទ្ធិការងារ ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយបញ្ចប់វិវាទនេះដែរ ប៉ុន្តែគ្មានស្ថាប័នណាមួយចេញមុខដោះស្រាយដើម្បីបញ្ចប់វិវាទនេះឡើយ។
ទាក់ទិននឹងបញ្ហានេះ គេសង្កេតឃើញថា ក្រោយរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត លេចចេញជារូបរាងចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក នាយករដ្ឋមន្ត្រីថ្មីរូបនេះមិនដែលលើកឡើងពីវិវាទការងារនៃក្រុមកូដករណាហ្គាវើលដ៍ម្តងណាឡើយ បើទោះបីជាលោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលថ្មីរបស់លោកផ្ដោតការយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់កម្មករក៏ដោយ។
កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបនឹងឡើងកាន់តំណែង លោក ហេង សួរ បានចោទកម្មករនិយោជិតថា ការតវ៉ារបស់កម្មករនិយោជិតទាំងនោះ គឺជាបច្ចេកទេសមួយដែលរៀបចំចលនាបដិវត្តន៍ពណ៌ប៉ុណ្ណោះ ប៉ុន្តែការចោទប្រកាន់នេះត្រូវរងការរិះគន់ពីមហាជនយ៉ាងចាស់ដៃ រហូតធ្វើឱ្យលោក ហេង សួរ លុបសំណេរនោះចេញពីគណនីហ្វេសប៊ុករបស់ខ្លួនវិញ។
ជាងនេះទៀត ឪពុកនាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា អតីតបុគ្គលិកណាហ្គាវើលដ៍ដែលនៅសេសសល់ គួរតែបញ្ឈប់សកម្មភាពតវ៉ាបន្តទៀតទៅ ព្រោះថាមិនមែនលោកមិនដឹងថាពួកគេកំពុងស៊ីឈ្នួលបាតុកម្មនោះទេ។
លោក ហ៊ុន សែន លើកជាសំណួរថា កម្មករដែលអត់មានការងារធ្វើសោះ តែមានលទ្ធភាពធ្វើបាតុកម្មរយៈពេលជិត ២ឆ្នាំ ដោយមិនចាំបាច់ធ្វើការងារ តើជារឿងដែលទៅរួចដោយរបៀបណា។ លោកបន្ថែមថា នេះគឺដោយសារមានអ្នកជួលនៅពីក្រោយខ្នងឱ្យកម្មករទាំងនោះធ្វើបាតុកម្មប៉ុណ្ណោះ។
ទោះជាបែបនេះក្តី ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការចោទប្រកាន់របស់លោក ហ៊ុន សែន លើក្រុមកូដករទាំងនោះ គ្រាន់តែលេសដើម្បីគេចវេះពីការទទួលខុសត្រូវក្នុងការដោះស្រាយវិវាទនេះប៉ុណ្ណោះ ព្រោះថានរណាក៏គេដឹងដែរថា ក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ ក៏មានភាគហ៊ុនមួយចំណែកធំរបស់ក្រុមគ្រួសារត្រកូលហ៊ុនដែរ ដូច្នេះការខាតបង់របស់ក្រុមហ៊ុនល្បែងមួយនេះ ក៏ជាការខាតបង់ទ្រព្យសម្បត្តិរបស់លោក ហ៊ុន សែន ដែរ៕