អាជ្ញាធរសហរដ្ឋអាមេរិក នឹងប្រគល់វត្ថុបុរាណខ្មែរចំនួន ៣៣ដុំឲ្យមកប្រទេសកម្ពុជាវិញ បន្ទាប់ពីរឹបអូសបានពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក ខណៈវត្ថុបុរាណនេះត្រូវបានចោរលួចយកចេញពីកម្ពុជាក្នុងអំឡុងទសវត្សរ៍១៩៩០។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា មុននឹងដកហូតរូបចម្លាក់ រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក ឬហៅកាត់ថា “USAO-SDNY” និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ បានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន៣៣។
វត្ថុបុរាណខ្មែរទាំង ៣៣ដុំ សហរដ្ឋអាមេរិកនឹងប្រគល់មកឲ្យកម្ពុជាវិញ ក្នុងនោះមានបដិមាព្រះវិស្ណុ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជាភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថាមានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានីកោះកេរ។
ក្រសួងថា យោងតាមសាក្សី រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជាប្រាសាទតែមួយដែលតម្កល់បដិមាព្រះឥសូរ និងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។
ក្នុងចំណោមវត្ថុដែលប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គដែលគេជឿថាជាបដិមាព្រះធូស្ថទ្យុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែលមានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ផងដែរ។
ប្រភពដដែលថា ក្នុងកិច្ចសហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងអស់រយៈពេលជាងបីឆ្នាំមកនេះ ដោយទទួលបានរូបចម្លាក់ជាបន្តបន្ទាប់ ក្នុងនោះរូបចម្លាក់ព្រះធូស្ថទ្យុមន៍ គឺជាបដិមាដ៏សំខាន់មួយសម្រាប់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិក្នុងចំណោមបដិមាទេពទាំង ៩អង្គដែលមានប្រភពមកពីប្រាសាទចិន នៅកោះកេរ។
បដិមាព្រះធូស្ថទ្យុមន៍ នេះ ត្រូវបានគេលួចនៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ហើយបានដាក់លក់ដេញថ្លៃនៅឆ្នាំ១៩៩៤ ដោយក្រុមហ៊ុន Chinese Porcelain Company ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។
ក្រោយមក រូបភាពបដិមានេះត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្ដី Architectural Digest ខណៈបដិមាសំខាន់ៗចំនួនពីរទៀតដែលមានប្រភពមកពីប្រាសាទក្រចាប់ នៅកោះកេរ នឹងត្រូវប្រគល់ត្រឡប់មកវិញដែរ គឺបដិមាព្រះវិស្ណុផ្ទំ និងបដិមាអឌ្ឍនារីស្វរ ដែលត្រូវបានលួចក្នុងឆ្នាំ១៩៩៧។
សម្រាប់បដិមាព្រះវិស្ណុផ្ទំវិញ ត្រូវបានគេលួចយកចេញពីតួប៉មកណ្ដាលនៃប្រាសាទក្រចាប់ ដែលមានសារសំខាន់នៃព្រះសិរ្សអសុរា និងទេព ដែលមានអាយុកាលក្នុងសម័យអង្គរនៃរាជ្យព្រះមហាក្សត្រដ៏អស្ចារ្យបំផុតមួយ គឺព្រះបាទជ័យវរ្ម័នទី៧។
នេះមិនមែនជាលើកទី១ ដែលសហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណឲ្យប្រទេសកម្ពុជាវិញ កន្លងមក រដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតែយកវត្ថុបុរាណ ឬចម្លាក់របស់ខ្មែរប្រគល់ជូនកម្ពុជា បន្ទាប់ពីសមត្ថកិច្ចអាមេរិករឹបអូសបាន។
ក្រៅពីសហរដ្ឋអាមេរិក ថ្មីៗកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋាភិបាលបារាំង ក៏បានប្រគល់ចម្លាក់លិបមួយផ្ទាំងដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាន ដល់កម្ពុជាវិញ បន្ទាប់ពីចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាននៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែងនៅទីក្រុងលីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។
ចម្លាក់លិបដែលបារាំងប្រគល់ឲ្យកម្ពុជាវិញនេះ ជាចម្លាក់ធ្វើពីថ្មភក់ មានប្រាំបំណែក កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមានទម្ងន់ប្រហែល ៣០០គីឡូក្រាម អាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទបន្ទាយឆ្មារ៕