29 C
Phnom Penh

តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​ញុះញង់​របស់​លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​សំណុំរឿង​លើ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រោម​បទ​ចោទប្រកាន់ «ញុះញង់» នៅ​សប្ដាហ៍​ក្រោយ​នេះ ខណៈ​សំណុំរឿង​មួយ​ទៀត តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា។

ក្នុង​លិខិត​អញ្ជើញ​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ចុះ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ ឲ្យ​ដឹង​ថា តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា មួយ​ករណី​ទៀត​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ប្រភព​ដដែល​ថា សំណុំរឿង «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង» ដែល​តុលាការ​នឹង​បើក​សវនាការ​នេះ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត​កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៣ និង​ក្នុង​ឆ្នាំ​២០២៣។

ក្រៅពី​សំណុំរឿង «ញុះញង់» លោក ថាច់ សេដ្ឋា ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​មួយ​ករណី​ទៀត​ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​អត់​ប្រាក់» ដោយ​សំណុំរឿង​នេះ តុលាការ​នឹង​ប្រកាស​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ខាងមុខ​ដែរ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​មាន​ដើមកំណើត​ខ្មែរក្រោម ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​អត់​ប្រាក់។

ប៉ុន្តែ​ក្រោយ​មក តុលាការ​បាន​ចោទប្រកាន់​លើ​រូបលោក​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង» បន្ថែម​ពី​លើ​ទៀត។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា លោក ថាច់ សេដ្ឋា បាន​និយាយ​អំពី​ប្រវត្តិសាស្ត្រ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ «វៀតណាម​ឈ្លានពាន» ការ​សង់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ធ្វើ​ឲ្យ​«បែកបាក់​ជាតិ» និង​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ដើម​ឆ្នាំ​២០២៣។

បើ​តាម​មេធាវី លោក ថាច់ សេដ្ឋា បាន​និយាយ​អំពី​ប្រវត្តិសាស្ត្រ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ «វៀតណាម​ឈ្លានពាន» ការ​សង់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ធ្វើ​ឲ្យ «បែកបាក់​ជាតិ» និង​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា។

តែ​យ៉ាងណា ភរិយា​របស់​លោក ថាច់ សេដ្ឋា អ្នកស្រី ថាច់ សុខបូរ៉ានី ចាត់ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​លើ​ស្វាមី​គាត់ ថា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

អ្នកស្រី​ទទូច​ឲ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​ខ្លួន ដើម្បី​អាច​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​បេះដូង និង​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត ដោយ​ថា​រយៈពេល​ប្រមាណ ៨​ខែ​មក​នេះ សុខភាព​របស់​ស្វាមី​អ្នកស្រី​កាន់តែ​ទ្រុឌទ្រោម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស