29 C
Phnom Penh

លោក នេត សាវឿន ក្មួយ​ប្រសា​​លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក នេត សាវឿន អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជំនួស​លោក កែ គឹមយ៉ាន។

ក្នុង​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​ដែល​ឪពុក​លើក​បន្តុប លោក ហ៊ុន ម៉ាណែត បាន​រុះរើ ឬ​ផ្លាស់ប្ដូរ​សមាសភាព​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ចាស់​ចេញ ដោយ​តែងតាំង​សមាសភាព​ថ្មី​ជំនួស​វិញ។

សមាសភាព​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ចំនួន ១៧​រូប​ដែល​លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុង​នោះ​មាន​លោក នេត សាវឿន ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជំនួស​លោក កែ គឹមយ៉ាន។

លោក កែ គឹមយ៉ាន អតីត​មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​កាន់​តួនាទី​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជំនួស​លោក ស ខេង កាលពី​អំឡុង​ឆ្នាំ​២០០៩។

ចំណែក​អនុប្រធាន​ចំនួន ៣​រូប ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ហើយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ សីហា និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ខណៈ​លោក ព្រុំ សុខា ជា​អនុប្រធាន​ប្រចាំការ ហើយ​អ្នក​ផ្សេង​ទៀត​ជា​សមាជិក។

ការ​សម្រេច​នេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ដែល​ឪពុក​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត បាន​ប្ដេជ្ញា​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​រូបលោក នឹង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យខាងតែ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត មិនទាន់​ជឿជាក់​ថា​លោក ហ៊ុន ម៉ាណែត អាច​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​បាន​ឡើយ ដោយសារ​បច្ចុប្បន្ន​លោក​មិនទាន់​មាន​ចំណាត់ការ និង​ផែនការ​ទប់ស្កាត់​ឲ្យ​ជាក់លាក់ ខណៈ​កន្លងមក លោក ហ៊ុន ម៉ាណែត ធ្លាប់​អះអាង​ថា​មាន​អ្នក​បបួល​លោក​ដាំ​កញ្ឆា ប៉ុន្តែ​លោក​បដិសេធ។

លោក​បន្ត​ថា ការ​តែងតាំង​លោក នេត សាវឿន ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ជួយ​បិទ​បាំង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ពី​សំណាក់​សាច់ញាតិ​របស់​លោក គឺ​លោក ហ៊ុន តូ និង​លោក ហ៊ុន ជា ជាដើម ដែល​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ធំៗ​លាតត្រដាង​ថា ជា​អ្នក​រកស៊ី​គ្រឿងញៀន​ធំ​ជាង​គេ​នៅ​កម្ពុជា។

មួយ​វិញ​ទៀត លោក​ថា​លោក នេត សាវឿន អាច​ជួយ​សម្របសម្រួល និង​បើក​ផ្លូវ​អ្នក​រកស៊ី​គ្រឿងញៀន​នៅ​កម្ពុជា​បន្ថែម​ទៀត។

តែ​យ៉ាងណា លោក ម៉ែន ណាត ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ដោយ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន និង​ចាប់​ខ្លួន​មេខ្លោង​ធំៗ​មក​ដាក់​ពន្ធនាគារ​តាម​ច្បាប់ និង​យុត្តិធម៌ ដើម្បី​ឲ្យ​សាធារណជន​ជឿជាក់​ថា ការ​និយាយ​នេះ​មិនមែន​ជា​ការ​ដោះសា និង​ជួយ​បិទ​បាំង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​របស់​ក្រុម​គ្រួសារ​លោក​ជាដើម។

ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត ដូច្នេះ ក្រោយពី​លោក ហ៊ុន សែន កាន់​អំណាច​ជិត ៤០​ឆ្នាំ​មក​នេះ​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទីតាំង និង​ជា​កន្លែង​ជួញដូរ ចរាចរណ៍ ចែកចាយ និង​ផលិត​គ្រឿងញៀន​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ទប់ស្កាត់​នេះ ដោយសារ​គ្រួសារ​លោក ហ៊ុន សែន អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​កំពុង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ក្លឹប​រាត្រី រង្គសាល ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់ ហើយ​អ្នក​ដែល​ចែកចាយ​ធំ គឺជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន។

លោក នេត សាវឿន ជា​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា និង​ជា​ស្វាមី​លោកស្រី ហ៊ុន គឹមឡេង ក្មួយ​បង្កើត​របស់​លោក ហ៊ុន សែន។

លោក នេត សាវឿន គឺជា​អ្នក​ដែល​វាយប្រហារ​លើ​គណបក្ស​ប្រឆាំង​កាលពី​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ នៅ​ឯ​ទីប្រជុំជន​រាជធានី​ភ្នំពេញ។ លោក​ស្ថិត​នៅ​ក្នុង​ចំណោម​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បង្ក្រាប​បាតុកម្ម​នៅ​ក្នុង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​១៩៩៨ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ២១​នាក់ និង​យ៉ាងហោចណាស់​មនុស្ស​ប្រមាណ ៦០​នាក់​ទៀត​រង​របួស។ លើស​ពី​នេះ លោក នេត សាវឿន ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​អំឡុង​ឆ្នាំ​២០១៧ ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស