26 C
Phnom Penh

កម្ពុជា​ច្រាន​ចោល​ការ​ថ្លែង​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ករណី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ថា​គ្មាន​ការពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​ច្រានចោល​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch (HRW) ដែល​ថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ខណៈ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ធ្វើឡើង​ក្រោម​ការ​រឹតត្បិត​លំហ​សេរីភាព​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​នោះ ថា​គ្មាន​លក្ខណៈ​ថ្លឹងថ្លែង និង​គ្មាន​ការពិត។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដោយ​អះអាង​ថា ទោះបីជា​ក្រុម​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ប្រើ​វោហារសាស្ត្រ​ជេរ​ប្រមាថ បង្កាច់​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា និង​ស្អប់ខ្ពើម​ជាតិ​សាសន៍ ព្រមទាំង​អំពាវនាវ​ឲ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ក្ដី ក៏​អង្គការ Human Rights Watch តែងតែ​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា ហៅ​សកម្មភាព​របស់​បក្ស​ប្រឆាំង​ថា​មិនមែន​ជា​ការ​បញ្ចេញមតិ​ប្រកប​ដោយ​ភាព​ទទួល​ខុសត្រូវ និង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ហើយ​ថា​កម្ពុជា​បាន​អនុវត្ត​ចំពោះ​សិទ្ធិមនុស្ស​ដោយ​ស្មើៗ​គ្នា ឈរ​លើ​ជំហរ​តែ​មួយ និង​មាន​ទម្ងន់​ដូច​គ្នា។

ចំណែក​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​វិញ កម្ពុជា​អះអាង​ថា​មាន​គណបក្ស​ចំនួន ១៨ ចូលរួម​ប្រកួតប្រជែង​គ្នា ហើយ​មាន​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ជិត ៨៥% បើ​ទោះបី​មាន​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ចំពោះ​ការ​បោះឆ្នោត​ពី​សំណាក់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក​ក្ដី។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា ចំនួន​ពលរដ្ឋ​ដែល​ទៅ​ចូលរួម​បោះឆ្នោត​កាលពី​ខែ​កក្កដា មាន​ច្រើន​លើសលប់ ជា​ការ​បញ្ជាក់​ពី​ភាព​ចាស់ទុំ​ខាង​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា ខណៈ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ដែល​តំណាង​ឲ្យ​ចំនួន ៦៥​ប្រទេស​ដែល​ចាត់ទុក​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ តម្លាភាព និង​សន្តិភាព ព្រមទាំង​បាន​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ច្បាប់​ជា​ធរមាន។

ការ​ច្រានចោល​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ដាក់​លិខិត​មួយ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ដោយ​ស្នើ​ឲ្យ​អនុម័ត​ដំណោះស្រាយ​សំខាន់ៗ​ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះស្រាយ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស។

ការ​ជំរុញ​ឲ្យ​អនុម័ត​នេះ ដោយ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិមនុស្ស ព្រមទាំង​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នៅ​មុន​ការ​បោះឆ្នោត​កាន់តែ​ធ្ងន់ធ្ងរ។

លិខិត​ដដែល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​ការ​ផ្ដន្ទាទោស​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ព្រមទាំង​សកម្មជន​សិទ្ធិ​ដីធ្លី​នៅ​ខេត្ត​កោះកុង ហើយ​និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ជាដើម។

ការ​ស្នើ​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ផ្សេង​ទៀត ធ្វើឡើង​មុន​ពេល​តំណាង​អចិន្ត្រៃយ៍​នៃ​សមាជិក និង​អ្នក​សង្កេតការណ៍​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើក​ទី​៥៤ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស ចាប់ពី​ថ្ងៃទី​១១ ខែ​កញ្ញា ដល់​ថ្ងៃទី​១៣ ខែ​តុលា ខាងមុខ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស