យោងតាមការចុះផ្សាយមួយរបស់បណ្ដាញផ្សាយព័ត៌មាន BBC បានឱ្យដឹងថា តុលាការយុត្តិធម៌អន្តរជាតិ ICJ ចាប់ផ្ដើមបើកសំណុំរឿងប្រឆាំងរបបនៅក្រុងមូស្គូ ដោយការបើកសវនាការជំនុំជម្រះក្ដីករណីប្រល័យពូជសាសន៍ទៅលើជាតិសាសន៍អ៊ុយក្រែន។
តាមប្រភពដដែលនេះ តុលាការអន្តរជាតិដែលមានមូលដ្ឋាននៅក្រុងឡាអេ ប្រទេសហុឡង់ដ៍ បានបើកសវនាការចាប់តាំងពីនៅថ្ងៃចន្ទ ទី១៨ កញ្ញា នេះ ដោយមានចៅក្រមទាំង ១៥រូបនឹងស្តាប់អំណះអំណាងរបស់ភាគីរុស្ស៊ី។
ជាមួយគ្នានេះ នៅថ្ងៃទី១៩ គឺដល់វេនដើមចោទ គឺភាគីអ៊ុយក្រែន ដែលនឹងត្រូវឡើងមកការពារបណ្ដឹងរបស់ខ្លួនដែលប្ដឹងរុស្ស៊ី។ បន្ថែមពីនេះ នៅថ្ងៃពុធ ទី២០ កញ្ញា ចៅក្រមទាំង ១៥រូបនៃតុលាការយុត្តិធម៌អន្តរជាតិ ICJ ដដែលនេះ នឹងស្តាប់អំណះអំណាងរបស់តំណាងប្រទេសចំនួន ៣២ប្រទេស ដែលនឹងមកផ្តល់សក្ខីកម្មការពារអ៊ុយក្រែន ដែលជាប្រទេសរងគ្រោះដោយការឈ្លានពានរបស់រុស្ស៊ី ហើយប្រទេសទាំងនេះក៏ជាដើមបណ្ដឹងផងដែរ។
ក្នុងចំណោម ៣២ប្រទេស មាន Germany, Austria, Slovakia, សាធារណរដ្ឋឆេក, Belgium, Estonia, Finland, Ireland, Austria, Luxembourg, Sweden, Bulgaria, Canada, និង Australia។
តាមការចុះផ្សាយរបស់ប្រភពព័ត៌មាន BBC សវនាការនេះនឹងបន្តរហូតដល់ថ្ងៃទី២៧ កញ្ញា មុននឹងចៅក្រមសម្រេចសេចក្តីថា តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ មានអំណាចយុត្តាធិការ ឬក៏គ្មាន ដើម្បីជំនុំជម្រះលើពាក្យបណ្ដឹងរបស់អ៊ុយក្រែន និងប្រទេស៣២ ដែលជាអ្នកផ្ដល់សក្ខីកម្មប្រឆាំងរុស្ស៊ី។
តែគេអាចគិតថា សេចក្តីសម្រេចរបស់ ICJ អាចនឹងត្រូវការពេលច្រើនខែបន្ថែមទៀត។ ជាមួយគ្នានេះ តុលាការយុត្តិធម៌អន្តរជាតិមួយនេះត្រូវជំនុំជម្រះលើសំណុំរឿងផ្សេងទៀត ដូចជាសំណុំរឿងដែលអ៊ុយក្រែនចោទរុស្ស៊ីថាបានផ្គត់ផ្គង់ថវិកា និងអាវុធដល់ក្រុមបំបែកទឹកដីនៅភាគខាងកើតអ៊ុយក្រែន ដោយបំពានទៅនឹងសន្ធិសញ្ញាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
អំពើប្រល័យពូជសាសន៍ គឺជាការបំពានអនុសញ្ញាអន្តរជាតិក្រុងវិយេន ១៩៤៨ ដែលជាដែនយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ។
ការពិតដែលឈានទៅដល់តុលាការ ICJ សម្រេចបើកសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងរបបនៅក្រុងមូស្គូ ដឹកនាំដោយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ព្រោះក្រុងមូស្គូ បានចោទរដ្ឋាភិបាលអ៊ុយក្រែន បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើប្រជាជននិយាយភាសារុស្ស៊ី ដែលរស់នៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន។
មុនសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន លើកហេតុផលថា ដោយសារតែមានអំពើប្រល័យពូជសាសន៍នេះហើយ ទើបរុស្ស៊ីបង្ខំចិត្តបើកប្រតិបត្តិការពិសេសនៅអ៊ុយក្រែន ក្នុងគោលដៅដើម្បីជួយរំដោះប្រជាជនដែលរងគ្រោះនៅក្នុងតំបន់ដុនបាស។
តែយ៉ាងណា អ៊ុយក្រែនដែលគេថាមានភាពវៃឆ្លាត បានសម្រេចដាក់ពាក្យប្ដឹងប្រឆាំងរុស្ស៊ីជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយបានលើកឡើងថា ការចោទរបស់រុស្ស៊ីមកលើអ៊ុយក្រែន ថាបានបង្កើតឱ្យមានអំពើប្រល័យពូជសាសន៍នោះ គឺវាជាការចោទប្រកាន់ដែលគ្មានភស្តុតាង គ្មានមូលដ្ឋានច្បាប់ឡើយ។
ភាគីអ៊ុយក្រែន ចោទបកវិញថា រុស្ស៊ីព្យាយាមបង្កើតផ្លូវមួយដើម្បីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ រដ្ឋាភិបាលអ៊ុយក្រែន បានទាមទារឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ពិនិត្យឡើងវិញករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលជាការបំពានអនុសញ្ញាអន្តរជាតិក្រុងវិយេន ១៩៤៨។
ទោះជាយ៉ាងនេះក្ដី តុលាការយុត្តិធម៌អន្តរជាតិនេះបានចេញដីការបស់ខ្លួន ដោយបានបញ្ជាឲ្យភាគីរុស្ស៊ីត្រូវតែបញ្ឈប់សង្គ្រាមជាបន្ទាន់ ទៅលើប្រទេសអ៊ុយក្រែន។ ការសម្រេចសេចក្ដីនៅខែមីនា ឆ្នាំ២០២២ ដោយចៅក្រម ៩រូប លើកឡើងថា ប្រតិបត្តិការកងទ័ពទ្រង់ទ្រាយធំរបស់រុស្ស៊ី អាចនឹងប៉ះពាល់ដល់អាយុជីវិតជនស្លូតត្រង់អ៊ុយក្រែន និងបង្កវិនាសកម្មយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក្ដី រុស្ស៊ីដែលមិនបានបញ្ជូនអ្នកច្បាប់ទៅការពាររឿងក្ដីរបស់ខ្លួន ក៏មិនបានស្ដាប់បង្គាប់របស់តុលាការអន្តរជាតិនេះដែរ។
ជាព្រឹត្តិការណ៍គួរភ្ញាក់ផ្អើលដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្រោមស្ថាប័នរបស់អង្គការសហប្រជាជាតិ បានបើកសវនាការប្រឆាំងរបបនៅក្រុងមូស្គូ ករណីប្រល័យពូជសាសន៍ទៅលើប្រជាជនអ៊ុយក្រែន ធ្វើឡើងចំពេលមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការពិភពលោកនេះក៏ចាប់ផ្ដើមបើកសម័យប្រជុំរបស់ខ្លួន។
លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ដែលមានវត្តមានជាលើកដំបូងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក ត្រូវគេរំពឹងថា លោកនឹងលើកឡើងអំពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន និងករណីសំណុំរឿងប្រល័យពូជសាសន៍ដែលអ៊ុយក្រែន ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន មកដល់ពេលនេះឈានចូលដល់ខែទី១៩ ហើយ។ គេរំពឹងថា មេដឹកនាំនៃប្រទេសដែលប្រតិកម្មនឹងរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន នឹងលើកឡើងអំពីសោកនាដកម្មរបស់ប្រជាជនអ៊ុយក្រែន ដែលជាជនរងគ្រោះនៃសង្គ្រាម។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក៏ត្រូវគេរំពឹងថា លោកថ្លែងអំពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន ហើយទាមទារឱ្យមានការថ្កោលទោសរុស្ស៊ី និងប្រទេសណាដែលនៅបន្តមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងជួយផ្ដល់អាវុធទៅឱ្យរុស្ស៊ី៕