ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន ៥រូបចូលជួបបន្ទាប់ពីបានដាក់សំណើកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីសុំឲ្យរដ្ឋមន្ត្រីក្រសួងមួយនេះជួយផ្ដល់លិខិតចុះបញ្ជីច្បាប់ដើមរបស់គណបក្ស។
ថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន បានដាក់លិខិតជាថ្មីទៀតនេះដោយស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនឲ្យចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងលិខិតចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន ៥រូបចូលជួបតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកញ្ញា នេះ នៅសាលប្រជុំ «ខេត្តស្ទឹងត្រែង» នៃអគារទីស្ដីការក្រសួងមហាផ្ទៃ។
ការសម្រេចអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចូលជួបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានបដិសេធសំណើសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងមួយនេះនៅមុនការបោះឆ្នោត កាលពីខែកក្កដា និងកាលពីដើមខែសីហា កន្លងទៅ ដោយក្រសួងប្រាប់ឲ្យគណបក្សភ្លើងទៀន រង់ចាំរហូតដល់មានរដ្ឋាភិបាលថ្មី។
គណបក្សភ្លើងទៀនសុំជួបក្រសួងមហាផ្ទៃ ម្ដងហើយម្ដងទៀតនេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទទួលស្គាល់ និងមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយលើកហេតុផលថា ឯកសារដែលគណបក្សនេះដាក់សុំចុះបញ្ជីមិនមែនជាឯកសារច្បាប់ដើម។
តែយ៉ាងណា គណបក្សភ្លើងទៀនអះអាងថា ខ្លួនបានបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ អំឡុងពេលមានចម្រូងចម្រាសគ្នារវាងអតីតគណបក្សសង្គ្រោះជាតិ និងអាជ្ញាធរគណបក្សកាន់អំណាច ដោយគណបក្សភ្លើងទៀនបានជ្រកក្រោមដំបូលជាមួយគ្នានៅពេលនោះ។
ប៉ុន្តែលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសថា មិនបានជឿលើការលើកឡើងនេះទេ ដោយលោកបានដាក់ការសង្ស័យថា ការធ្វើឲ្យបាត់បង់ឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សភ្លើងទៀន ជាហេតុមិនអាចឲ្យគណបក្សនេះចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បាននោះ គឺជាឧបាយកលធ្វើឲ្យបរទេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍និយាយថា ការរារាំងមិនឲ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ដោយសារតែលោក ហ៊ុន សែន ខ្លាចចាញ់ការប្រកួតប្រជែងជាមួយបក្សមួយនេះដែលមានកម្លាំងគាំទ្រគួរសមដែរនោះ និងម្យ៉ាងទៀតដោយសារលោក ហ៊ុន សែន ខ្លាចបរាជ័យក្នុងការលើកបន្តុបកូនប្រុសរបស់លោកឲ្យឡើងស្នងតំណែងជានាយករដ្ឋមន្ត្រីតពូជនោះ៕