មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ចាប់ផ្តើមជាផ្លូវការហើយកាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា នៅទីក្រុងញូវយ៉ក។ មហាសន្និបាតនេះនឹងបិទបញ្ចប់នៅថ្ងៃទី២៦ កញ្ញា។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារនៃសារព័ត៌មានបារាំង AFP ឲ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ២០២៣ នេះ មានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ១៤៥ប្រទេសដែលមកចូលរួមផ្ទាល់ ហើយក្រៅពីនេះ ប្រទេសខ្លះបញ្ជូនអ្នកតំណាងរបស់ខ្លួន ដូចជារដ្ឋមន្ត្រីការបរទេស អនុប្រធានាធិបតី ឬឧបនាយករដ្ឋមន្ត្រី។
តែជាការកត់សម្គាល់របស់អ្នកសង្កេតការណ៍ និងអ្នកវិភាគ គេសង្កេតឃើញវត្តមានចូលរួមផ្ទាល់ជាលើកទី១ របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលគេហៅថាជាវីរជនសង្គ្រាម។
ដោយសារតែប្រទេសអ៊ុយក្រែន ធ្លាក់ក្នុងសង្គ្រាម គេសង្កេតឃើញវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន និងសុន្ទរកថារបស់លោកបានទាក់ទាញខ្លាំងជាងគេ គឺដូចសុន្ទរកថារបស់លោក បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកដែរ។
សេចក្ដីថ្លែងការណ៍របស់លោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានផ្ដោតតែទៅលើប្រទេសរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានមកលើប្រទេសរបស់លោក។
នៅក្នុងរយៈពេលជាង ១៥នាទី លោក ហ្សេឡេនស្គី បានរៀបរាប់អំពីវិនាសកម្មនៃសង្គ្រាមរបស់ប្រទេសរុស្ស៊ីមកលើប្រទេសរបស់លោក ប៉ុន្តែលោកបានព្រមានថា នៅពេលនេះពិភពលោកកំពុងដើរលើវិថីទៅរកសង្គ្រាមនុយក្លេអ៊ែរ បើបណ្ដោយឱ្យរុស្ស៊ីដែលលោកហៅថាជារដ្ឋភេរវកម្មនៅមានសិទ្ធិគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ។ សម្រាប់អ៊ុយក្រែន លោកថាបានបោះបង់ចោលហើយអាវុធប្រល័យលោកនេះ។ តែលោកថា ជាអកុសល អាវុធនុយក្លេអ៊ែររបស់អ៊ុយក្រែន បែរជាធ្លាក់ក្នុងដៃនៃប្រទេសឈ្លានពានប្រទេសរបស់លោកទៅវិញ។
លោក ហ្សេឡេនស្គី ទទូចថា វានឹងគ្រោះថ្នាក់ ហើយសង្គ្រាមលោកជាថ្មី បើផ្ទុះឡើង គឺជាសង្គ្រាមនុយក្លេអ៊ែរ។ លោកទទូចឱ្យមេដឹកនាំពិភពលោកទាំងអស់ដែលកំពុងជួបជុំគ្នានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវរួបរួមគ្នាប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ហើយថារុស្ស៊ី ត្រូវតែបញ្ឈប់សង្គ្រាមមួយនេះ ទើបពិភពលោកអាចផ្ដោតការដោះស្រាយលើបញ្ហានានាដែលពិភពលោកកំពុងប្រឈម។
សេចក្ដីថ្លែងការណ៍របស់លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាឱ្យបានថា នៅបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី វានឹងមិនមានប្រទេសណាមួយផ្សេងនៅលើពិភពលោកហ៊ានវាយប្រហារលើប្រទេសដទៃទៀតនោះទេ។ ដូច្នេះ យើងត្រូវតែបញ្ឈប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី ហើយត្រូវតែរួមគ្នាធ្វើសកម្មភាពដើម្បីបំបាក់ជនឈ្លានពាន ដើម្បីងាកទៅផ្ដោតអារម្មណ៍លើសមត្ថភាព និងថាមពលផ្សេងៗដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលពិភពលោកកំពុងឆ្លងកាត់ ដូចជាការប្រែប្រួលអាកាសធាតុ ជាដើម។
នៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះ លោក ហ្សេឡេនស្គី ទទួលបានការអបអរសាទរយ៉ាងខ្លាំងនៅពេលឡើងថ្លែងសុន្ទរកថានៅឯមហាសន្និបាត UN ក្នុងទីក្រុងញូវយ៉ក ដែលជាការបង្ហាញខ្លួនដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីរុស្ស៊ី ឈ្លានពានប្រទេសរបស់លោកកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក។
វត្តមានរបស់លោក ហ្សេឡេនស្គី នៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក លើដែនដីសហរដ្ឋអាមេរិក ចំពេលដែលកងទ័ពរបស់លោកកំពុងប្រយុទ្ធគ្នាយ៉ាងសាហាវជាមួយកងទ័ពរុស្ស៊ីនៅភាគខាងកើត និងខាងត្បូងប្រទេសអ៊ុយក្រែន ដែលជាសង្គ្រាមឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ី ដែលវាបានឈានចូលដល់ខែទី១៩ ហើយ។
ចំណែកឯលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានឡើងថ្លែងមុនលោក ហ្សេឡេនស្គី គឺមេដឹកនាំប្រទេសមហាអំណាចទី១ នេះ បានថ្លែងទទូចទៅមេដឹកនាំប្រទេសដែលមានវត្តមាននៅឯមហាសន្និបាតនេះ រួមគ្នាឈរជាមួយប្រជាជនអ៊ុយក្រែនប្រឆាំងអ្នកឈ្លានពាន។ លោកបានទាមទារថា រុស្ស៊ីត្រូវតែបញ្ចប់សង្គ្រាមជាបន្ទាន់។
តាមសេចក្ដីថ្លែងការណ៍របស់លោក បៃដិន ពិភពលោកមិនត្រូវទុកឱ្យមេដឹកនាំផ្ដាច់ការនៅក្រុងមូស្គូ បន្តសង្គ្រាមវិនាសកម្ម និងបន្តបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោកទៀតឡើយ។ លោក បៃដិន បន្តសន្យាជួយអ៊ុយក្រែនរហូតរុស្ស៊ីបញ្ចប់សង្គ្រាម។
ចំពោះប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន មិនបានមកចូលរួមប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនោះទេ។ បុរសខ្លាំងវិមានក្រឹមឡាំងរូបនេះ កំពុងជាប់ឈ្មោះជាជនឧក្រិដ្ឋកម្មសង្គ្រាមដែលជាអ្នកបញ្ជាឱ្យលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន។
តុលាការឧក្រិដ្ឋកម្មសង្គ្រាម ICC បានចេញដីកាចាប់ខ្លួនបុរសខ្លាំងរូបនេះតាំងពីខែមីនា ឆ្នាំ២០២៣។ ក្រោមដីកាចាប់ខ្លួនជាអន្តរជាតិនេះ លោក ពូទីន មិនអាចចាកចេញពីប្រទេសរុស្ស៊ីងាយៗឡើយ លើកលែងតែប្រទេសនោះធានាមិនមានការចាប់ខ្លួន។
តំណាងលោក ពូទីន ដែលមានវត្តមាននៅឯមហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២៣ នេះ គឺលោករដ្ឋមន្ត្រីការបរទេស ហ្សេហ្គេឡារ៉ូវ។ លោក ឡារ៉ូវ នឹងឡើងថ្លែងសេចក្ដីថ្លែងការណ៍តំណាងឱ្យប្រទេសរុស្ស៊ី នៅថ្ងៃទី២៣ ខែកញ្ញា៕