ក្រសួងមហាផ្ទៃទាមទារឲ្យតំណាងស្ថាបនិកគណបក្សបញ្ញាទំនើប ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌដោយចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីទទួលបានសុពលភាព និងធ្វើសកម្មភាពដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល។
តំណាងស្ថាបនិកគណបក្សបញ្ញាទំនើប លោក អ៊ឹម សួនិត បានដាក់លិខិតទៅអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីដើមខែសីហា ឆ្នាំ២០២៣ ដោយស្នើសុំបង្កើត «គណបក្សបញ្ញាទំនើប» សរសេរអក្សរកាត់ថា “គ.ប.ទ”។
ឆ្លើយតបនឹងសំណើនេះ ក្រសួងមហាផ្ទៃបានណែនាំទៅគណបក្សបញ្ញាទំនើប ដែលទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ៩៩ ផ្លូវC ភូមិភូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលទើបត្រូវបានផ្សាយនាថ្ងៃទី២១ កញ្ញា នេះថា ការទាមទារដូច្នេះដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គលនៅក្នុងរយៈពេល ១៨០ថ្ងៃ បន្ទាប់ពីបានបង្កើត «គណបក្សបញ្ញាទំនើប» រួចហើយ។
មាត្រា១៨២ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ ចែងថា ពលរដ្ឋទាំងពីរភេទដែលមានសញ្ជាតិខ្មែរពីកំណើត និងមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចធ្វើជាប្រធាន ឬអនុប្រធាននៃគណបក្សនយោបាយ ឬធ្វើជាសមាសភាពនៃអង្គការដឹកនាំនៃគណបក្សនយោបាយបាន។
ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយគ្មានការព្យួរទោសឡើយ ជាដើម។
ចំណែកមាត្រា១៩ថ្មី ចែងថា ក្នុងរយៈពេលយ៉ាងយូរ ១៨០ថ្ងៃបន្ទាប់ពីគណបក្សនយោបាយត្រូវបានបង្កើតឡើងស្របតាមមាត្រា៩ នៃច្បាប់នេះ គណបក្សនយោបាយនោះត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល ដោយត្រូវមានសមាជិកយ៉ាងតិច ៤ពាន់នាក់ និងត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងមាត្រា២០ នៃច្បាប់នេះ។
ទោះបីជាក្រសួងមហាផ្ទៃ បានណែនាំដូច្នេះ ប៉ុន្តែអាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនចំនួន ៦នាក់ និងបញ្ជូនទៅតុលាការដោយចោទប្រកាន់ «បទញុះញង់» ពាក់ព័ន្ធនឹងរឿងប្រមូលស្នាមមេដៃប្រជាពលរដ្ឋបង្កើតគណបក្សថ្មី។ មន្ត្រីបក្សភ្លើងទៀនទាំង ៦នាក់ ក្នុងនោះលោក ស៊ិន វត្ថា ប្រធានខេត្ត ហើយលោក ទេព សម្បត្តិ វឌ្ឍនោ អនុប្រធានស្រុកមង្គលបុរី លោក ឡុង ឡាវី អនុប្រធានខេត្ត និងលោក ទួត វាសនា ប្រធានស្រុកមង្គលបុរី រួមទាំងលោក ឈុំ ស៊ីណាត និងលោក វ៉ាន់ ស៊ីអ៊ីវ។
ការបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សនយោបាយ និងសកម្មជនសង្គមក្រោមរដ្ឋាភិបាលអាណត្តិទី៧ នៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នេះ ត្រូវសាធារណជន និងឃ្លាំមើល រិះគន់ថា របបដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក៏មិនខុសពីឪពុករបស់លោក គឺលោក ហ៊ុន សែន ដែរ ដែលបានប្រើប្រាស់ប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញលើក្រុមបក្សប្រឆាំងដើម្បីបង្ខំឲ្យពួកគេចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕