រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មាននៅកម្ពុជាផ្ដោតជាសំខាន់ទៅលើគុណភាពសារព័ត៌មាន ដែលសំដៅធ្វើយ៉ាងណាឱ្យមានគុណភាព ស៊ីជម្រៅ ពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈដល់អ្នកសារព័ត៌មានឱ្យកាន់តែរឹងមាំ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលទើបឡើងកាន់តំណែងថ្មី លោក នេត្រ ភក្ត្រា លើកឡើងក្នុងជំនួបជាមួយលោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កម្ពុជានឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិរួមមួយសម្រាប់អ្នកសារព័ត៌មានទាំងអស់ ឱ្យអនុវត្តប្រកបដោយវិជ្ជាជីវៈ និងមានគុណភាព ដើម្បីការពារដល់អ្នកសារព័ត៌មាន ពិសេសពង្រឹងគុណភាពសារព័ត៌មានឱ្យបានល្អថែមទៀត។
លោក នេត្រ ភក្ត្រា លើកឡើងថា កិច្ចការអាទិភាពរបស់ក្រសួងព័ត៌មានសម្រាប់រដ្ឋាភិបាលថ្មីនេះ គឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋបាលទំនើប ពង្រឹងសមត្ថភាពរបស់មន្ត្រី និងការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនធនធានមនុស្សផ្នែកសារព័ត៌មានឱ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ នេះទៅតែម្តង។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានបញ្ចេញរបាយការណ៍របស់ខ្លួនថា កម្ពុជាបានបើកឱ្យមានសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានយ៉ាងទូលំទូលាយ ដោយសារតែបច្ចុប្បន្ននេះ សារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានចំនួនដល់ទៅជាង ៦០០អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញមានចំនួន ៨៧៨អង្គភាព វិទ្យុ FM ដែលកំពុងដំណើរការផ្សាយមានចំនួន ២២១ស្ថានីយ និងទូរទស្សន៍ផ្សាយផ្ទាល់មានចំនួនរហូតដល់ជាង ១៩០ស្ថានីយ។
បែបនេះក្តី អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ ស្ថិតក្នុងលំដាប់លេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់មួយ ក្រោយគេរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសម្អាតដោយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ រហូតមក ដែលធ្វើឱ្យសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តធ្លាក់ចុះជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។
សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច នៃរដ្ឋកាលីហ្វ័រនីញ៉ា លោក មួង ណារ៉េត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា នេះថា សារព័ត៌មាននៅកម្ពុជាសព្វថ្ងៃនេះមានច្រើនតែបរិមាណ ប៉ុន្តែគ្មានគុណភាព ព្រោះថាសារព័ត៌មានភាគច្រើននៅក្នុងស្រុកមិនបានជួយផ្តល់ព័ត៌មានពិតដែលកំពុងកើតឡើងក្នុងសង្គមជុំវិញការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋនោះទេ។
លោក មួង ណារ៉េត លើកឡើងថា តួនាទីរបស់អង្គភាពសារព័ត៌មាន គឺត្រូវស៊ើបអង្កេតលើចំណុចអវិជ្ជមាននានាដែលកើតឡើងក្នុងសង្គម ប៉ុន្តែសារព័ត៌មាននៅកម្ពុជាដែលស្ថិតក្រោមការគាបសង្កត់របស់រដ្ឋាភិបាល គឺមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ គឺត្រឹមតែចុះផ្សាយលើកសរសើរអ្នកមានអំណាចប៉ុណ្ណោះ ក្នុងនោះ ជាក់ស្តែង សារព័ត៌មានខ្លះបានសរសើរលោក ហ៊ុន ម៉ាណែត ដែលទៅចូលរួមកិច្ចប្រជុំអាស៊ាន ថាជាតារារះនៅវេទិកាអាស៊ាន ខណៈលោក ហ៊ុន ម៉ាណែត គ្មានគុណសម្បត្តិអ្វីសោះចំពោះអាស៊ាន ក្រោយការឡើងជានាយករដ្ឋមន្ត្រីរបស់កម្ពុជាក្នុងរយៈពេលខ្លីនេះ។
ចំណែកអតីតប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានលើកឡើងក្នុងកម្មវិធីពិភាក្សានេះដែរថា ប្រទេសកម្ពុជាសព្វថ្ងៃនេះកំពុងធ្លាក់ចូលទៅក្នុងវិបត្តិសង្គមធំមួយក្នុងចំណោមវិបត្តិធំៗជាច្រើនទៀត គឺការបាត់បង់សារព័ត៌មានឯករាជ្យ ហើយការបាត់បង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺជាការខាតបង់ប្រយោជន៍យ៉ាងធំសម្រាប់សង្គមជាតិ និងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវព័ត៌មានពិតទាំងស្រុងថែមទៀត ជាពិសេសគឺទាក់ទងនឹងការជ្រើសរើសមេដឹកនាំតែម្តង។
លោក ប៉ា ងួនទៀង លើកឡើងថា បើរដ្ឋាភិបាលចង់ឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ គឺមានតែបើកលំហដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអាចដំណើរការសកម្មភាពឡើងវិញប៉ុណ្ណោះ ប៉ុន្តែបើរដ្ឋាភិបាលរឹតបន្តឹងសារព័ត៌មានឯករាជ្យដូចសព្វថ្ងៃនេះ អ្នកដែលទទួលរងនូវឥទ្ធិពលក៏អាក្រក់នេះ គឺមានតែប្រទេសជាតិ និងប្រជាពលរដ្ឋប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ធ្លាប់បង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា ពលរដ្ឋកម្ពុជាអាចទទួលបានព័ត៌មានតែពីស្ថាប័នដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ ជាក់ស្តែង កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ត្រូវគេរកឃើញថាជាប្រធានក្រុមហ៊ុនដ៏ធំសម្បើមមួយដែលកាន់កាប់កាសែត ទស្សនាវដី្ត ស្ថានីយវិទ្យុ បណ្ដាញទូរទស្សន៍ និងគេហទំព័រអ៊ីនធឺណិតនៅកម្ពុជាទាំងអស់ ដូចជាសារព័ត៌មាន Fresh News ជាដើម ដែលជាស្ថាប័នឃោសនានយោបាយឱ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ។
កាលពីឆ្នាំ២០១៨ សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៤២ ឆ្នាំ២០១៩ ជាប់លេខ១៤៣ ខណៈឆ្នាំ២០២០ និងឆ្នាំ២០២១ បានជាប់ចំណាត់ថ្នាក់លេខ១៤៤ ពីរឆ្នាំជាប់គ្នា ដោយឡែកឆ្នាំ២០២២ កម្ពុជាបានវិលទៅរកចំណាត់ថ្នាក់លេខ១៤២ ដូចឆ្នាំ២០១៨ វិញ ដែលជាឆ្នាំដែលរដ្ឋាភិបាលកម្ពុជាបោសសម្អាតអ្នកសារព័ត៌មានឯករាជ្យគ្មានសល់នៅក្នុងប្រទេស៕