រដ្ឋធម្មនុញ្ញ

ច្បាប់

កម្ពុជា​លើក​ពេល​ប្រារព្ធ​ទិវា​រំឭក​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ទៅ​ដើម​ខែ​តុលា​វិញ

By ឌឹ ខេមបូឌា ដេលី

September 25, 2023

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​រំឭក​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​មាន​ភាព​អធិកអធម​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​លើក​ទៅ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ ជំនួស​វិញ។

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ពិធី​អបអរ​សាទរ​ទិវា​រំឭក​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នឹង​ត្រូវ​លើក​ទៅ​ប្រារព្ធ​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០២៣ ខាងមុខ ក្រោម​ព្រះ​រាជាធិបតី​នៃ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បន្ទាប់ពី​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អស់​រយៈពេល ៣០​ឆ្នាំ​គត់ បើ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ អះអាង​ថា ថ្ងៃទី​២៤ ខែ​កញ្ញា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ច្បាប់​កំពូល​របស់​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​ជា​ផ្លូវការ ក្រោយ​សភា​ធម្មនុញ្ញ​បាន​អនុម័ត​តាម​ឆន្ទៈ​រួម​នៃ​ប្រជារាស្ត្រ​ខ្មែរ។

ប្រភព​ដដែល​លើកឡើង​ថា ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ក្នុង​អំឡុង​ពេល ៣០​ឆ្នាំ​កន្លង​មក ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​ប្រកប​ដោយ​ភាព​ជោគជ័យ​ត្រចះត្រចង់ ដែល​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ទទួល​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ និង​ឡាយ​ព្រះហស្តលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ព្រះបាទ នរោត្តម សីហនុ ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។

គិត​តាំងពី​ឆ្នាំ​១៩៩៤ មក រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ចំនួន ១០​លើក​រួច​មក​ហើយ និង​ត្រូវ​គេ​មើល​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​ទាំងនោះ​សុទ្ធសឹងតែ​ដើម្បី​ការ​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ក្នុង​នោះ៖

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ កញ្ញា នេះ​ថា ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ២៤ កញ្ញា ឆ្នាំ​១៩៩៣ បាន​កប់​បាត់​ក្នុង​ក្រអូមមាត់​នៃ​ជន​ល្មោភ​អំណាច​និយម​ទៅ​ហើយ។ ជាក់ស្ដែង ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គ្រាន់តែ​ប្រើ​សិទ្ធិ​អហិង្សា​ទាមទារ​យុត្តិធម៌​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​អង្គការ​រដ្ឋ​ត្រូវតែ​ដោះស្រាយ​នោះ ក៏​ត្រូវ​ក្រុម​បក្ខពួក​លោក ហ៊ុន សែន ចាប់​បញ្ជូន​ចូល​គុក​ទាំង​គ្មាន​កំហុស​ដែរ​នា​ពេល​កន្លងមក។

លោក ម៉ែន ណាត លើកឡើង​ថា ខ្លឹមសារ​ច្បាប់​ខ្លះ ដូចជា​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​នៃ​ក្រម​ព្រហ្មទណ្ឌ មាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​ការ​បើក​លំហ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។

ជាង​នេះ​ទៀត ខ្លឹមសារ​ក្រម​ព្រហ្មទណ្ឌ​ក្នុង​ផ្នែក​ទី​៣ ស្ដីពី​បទ​ញុះញង់ គឺ​បង្កើត​ឡើង​ក្នុង​ចេតនា​ដើម្បី​បម្រើ​នយោបាយ​បុគ្គល​អំណាច​និយម​សុទ្ធសាធ។ ករណី​នេះ​មិនទាន់​និយាយ​ឲ្យ​លម្អិត​ដល់​ច្បាប់​ផ្សេង​ទៀត​ដែល​ក្រុម​លោក ហ៊ុន សែន កែ​សម្រួល និង​រៀបចំ​ធ្វើឡើង​ទាំង​មិន​ស្រប​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ដើម្បី​គាប​សង្កត់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដើម្បី​គ្រាន់តែ​ការពារ​ផែនការ​អំណាច​គ្រួសារ​ត្រកូល «ហ៊ុន» ផង។

ក្រុម​អ្នក​សង្កេត​ការណ៍​លើកឡើង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​រំលោភ​បំពាន​ក្រោម​រូបភាព​វិសោធនកម្ម​ដើម្បី​កែប្រែ​ខ្លឹមសារ​ដើម​ជាច្រើន​លើក​ច្រើនសា​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ក្នុង​ល្បិចកល​ឱ្យ​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​អាច​ក្តោប​ក្តាប់​អំណាច​បាន​ពេញ​ដៃ និង​បន្ត​អំណាច​នេះ​ទៅ​កូន​ខ្លួនឯង​ទៅ​ថ្ងៃ​មុខ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ក្រោយពី​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់​មក​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់ ខណៈ​ការ​ដឹកនាំ​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ឃ្លាត​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។

ជាង​នេះ​ទៀត ស្ថាប័ន​ដែល​ជា​សសរស្ដម្ភ​ទាំង​បី​របស់​ជាតិ ដូចជា ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​អ្នក​កាន់​អំណាច​ទាំងស្រុង ជាពិសេស​ក្រោយ​ការ​រៀបចំ​អំណាច​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្រោយ​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ៕

© 2023, . All rights reserved.