លោក ហ៊ុន សែន ដែលកំពុងក្តោបក្តាប់អំណាចពិតប្រាកដនៅពីលើនាយករដ្ឋមន្ត្រីដែលត្រូវជាកូនប្រុសរបស់ខ្លួន លើកឡើងថា នៅពេលនេះ លោកបានឡើងឋានៈជាឪពុករបស់នាយករដ្ឋមន្ត្រីជិត ១ខែហើយ ហើយនេះក៏ជាការពិតមួយដែលកំពុងបង្ហាញទៅកាន់ក្រុមប្រឆាំងដែលតែងតែពេបជ្រាយដាក់លោកកន្លងមកដែរ ចំពោះការលើកឡើងថា លោកនឹងក្លាយជាឪនាយករដ្ឋមន្ត្រីនៅថ្ងៃណាមួយនោះ។
អតីតមេកម្មាភិបាលខ្មែរក្រហមលោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កន្លងមកលោកធ្លាប់បាននិយាយច្រើនដងណាស់ថា ថ្ងៃនេះលោកជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅពេលខាងមុខ លោកនឹងក្លាយទៅជាឪពុកនាយករដ្ឋមន្ត្រីជាមិនខាន តែក្រុមប្រឆាំងតែងតែពេបជ្រាយការលើកឡើងរបស់លោកជានិច្ច។
លោក ហ៊ុន សែន ដែលកំពុងកាន់អំណាចបញ្ជាពីលើនាយករដ្ឋមន្ត្រីដែលជាកូនរបស់ខ្លួន លើកឡើងថា កាលពីឆ្នាំ២០២២ កន្លងទៅ គឺនៅថ្ងៃទី២២ កញ្ញា លោកបានចេញដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ប៉ុន្តែនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះ នាយករដ្ឋមន្ត្រីថ្មីដែលជាកូនប្រុសបង្កើតរបស់លោក បានចេញដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិលើទឹកដីសហរដ្ឋអាមេរិកជំនួសលោកវិញ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មាន លោក ហ៊ុន សែន អះអាងថា គោលបំណងរបស់លោកដែលចង់ឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី បានក្លាយជាការពិតហើយ ហើយរូបលោកផ្ទាល់ក៏កំពុងក្លាយខ្លួនជាឪពុករបស់នាយករដ្ឋមន្ត្រីដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ហ៊ុន សែន លើកឡើងថា នៅពេលដែលឱកាសមកដល់ លោកនឹងក្លាយជាឪរបស់នាយករដ្ឋមន្ត្រីជាមិនខាន ហើយលោកក៏បានដាក់កំណត់ឲ្យចៅរបស់លោកត្រូវតែប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រីក្នុងរយៈពេល ២០ឆ្នាំក្រោយផងដែរ។
លោក ហ៊ុន សែន លើកឡើងថា កូនអ្នកដទៃធ្វើបាន រឿងអីកូន និងចៅរបស់លោកដែលទទួលបានការបណ្តុះបណ្តាលខ្ពង់ខ្ពស់ដែររហូតមក ធ្វើមិនបាន?
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ កញ្ញា នេះថា អ្វីដែលលោក ហ៊ុន សែន គួរលើកឡើង គឺការណែនាំឱ្យកូនប្រុសរបស់គាត់ឱ្យធ្វើនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សារវាងអ្នកប្រជាធិបតេយ្យដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញពីនយោបាយបក្សកាន់អំណាច និងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជានយោបាយឆ្ពោះទៅរកការឯកភាពជាតិ មិនមែនណែនាំឱ្យដឹកនាំទៅរកការបែកបាក់សាមគ្គីជាតិកាន់តែខ្លាំងឡើងៗនោះទេ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ការលើកឡើងរបស់លោក ហ៊ុន សែន គ្រាន់តែបង្ហាញឱ្យអន្តរជាតិឃើញពីការផ្ទេរអំណាចទៅកូនប្រុសរបស់គាត់ជាការផ្ទេរអំណាចបន្តពូជប៉ុណ្ណោះ ហើយការប្រើសម្ដីបែបនេះ ក៏ជាហេតុនាំទៅរកការបង្កជម្លោះជាតិឯងដែរ ព្រោះជាសម្ដីដែលឌឺដង ពេបជ្រាយទៅក្រុមអ្នកនយោបាយដែលប្រឆាំងនឹងការដឹកនាំរបស់ខ្លួន គឺមិនបាននាំអ្វីចំណេញអ្វីដល់ជាតិឡើយ ហើយសម្ដីបែបនេះក៏មិនគួរចេញពីមាត់អ្នកនយោបាយជាន់ខ្ពស់ដែរ។
ចំណែកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងផ្ដាច់មុខនៃគ្រួសារនិយមរបស់ត្រកូលហ៊ុនថែមមួយកម្រិតទៀតហើយ ក្រោយការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត និងការរៀបចំតែងតាំងសាច់ញាតិខ្លួនឯងឱ្យចូលទៅកាន់តួនាទីកាន់តែខ្ពស់ៗដោយកម្ចាត់អ្នកដទៃឱ្យចេញផុតពីតួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាលនៅពេលនេះ។
រីឯអ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ធ្លាប់បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា ក្រុមគ្រួសារត្រកូលហ៊ុនកំពុងរៀបចំឱ្យមានអង្គការចាត់តាំងតាមរបៀបប្រព័ន្ធគ្រប់គ្រងរបស់ខ្មែរក្រហម ដើម្បីរក្សាអំណាចនៃវង្សត្រកូលរបស់ខ្លួន។
លោក គឹម សុខ បញ្ជាក់ថា ការរៀបចំអំណាចដឹកនាំប្រទេសឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្ស ទោះអាក្រក់យ៉ាងណា ក៏នៅតែគ្រាន់បើជាងការរៀបចំអំណាចដឹកនាំប្រទេសឱ្យស្ថិតក្រោមការគ្រប់គ្រងក្រុមគ្រួសារនិយមដែរ ដូច្នេះការរៀបចំអំណាចក្តោបក្តាប់ប្រទេសកម្ពុជាក្នុងវង្សត្រកូលរបស់លោក ហ៊ុន សែន បែបនេះ នឹងទាញកម្ពុជាឱ្យវិលធ្លាក់ទៅក្នុងការដឹកនាំដូចអតីតកាលឡើងវិញ ដែលនឹងនាំវាសនាអាក្រក់ដល់ប្រទេសជាតិ និងប្រជាជននាពេលអនាគតជាមិនខាន។
ជុំវិញការប្រកាសផ្ទេរអំណាចពីឪពុកទៅកូនសម្រាប់ដឹកនាំប្រទេសកម្ពុជានេះ សមាគមអ្នកសារព័ត៌មានកម្ពុជា ខេមបូចា បានលាតត្រដាងក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនកាលពីពេលថ្មីៗនេះថា ពួកគេបានរកឃើញសែស្រឡាយបក្ខពួករបស់លោក ហ៊ុន សែន ជាច្រើននាក់តាមរយៈបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដែលមានរហូតដល់ទៅជិត ១ភាគ៤ ដែលត្រូវបានដាក់ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតអាណត្តិទី៧ នេះ។ លើសពីនេះ ក៏មានការតែងតាំងខ្សែបណ្ដាញបក្ខពួករបស់ពួកគេឱ្យកាន់តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាលថ្មីនេះថែមទៀត៕