គណបក្សភ្លើងទៀន គ្រោងស្នើទៅនាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត ឲ្យជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ចេញលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយឲ្យគណបក្សភ្លើងទៀន ដើម្បីយកមកប្រើប្រាស់។
គម្រោងសរសេរលិខិតស្នើសុំកិច្ចអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែកញ្ញា នេះ បានប្រកាសមិនចេញលិខិតបញ្ជាក់ថ្មីស្ដីពីការចុះបញ្ជីគណបក្សនយោបាយឲ្យគណបក្សភ្លើងទៀន ខណៈឯកសារច្បាប់ដើម គណបក្សភ្លើងទៀនថាបានបាត់បង់កាលពីអំឡុងឆ្នាំ២០១៧។
ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនាយកនៃគណបក្សភ្លើងទៀន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា គណបក្សភ្លើងទៀននឹងសរសេរលិខិតដាក់ទៅលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតពូជថ្មី។
ប្រភពដដែលឲ្យដឹងថា ការស្នើទៅលោក ហ៊ុន ម៉ាណែត នេះ ដើម្បីសុំឲ្យលោកជួយធ្វើអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងជួយផ្ដល់ដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្សភ្លើងទៀន សម្រាប់ឲ្យគណបក្សនេះយកមកប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ។
ក្រៅពីគ្រោងសរសេរលិខិតនេះហើយ គណបក្សភ្លើងទៀនអះអាងថា ខ្លួននឹងប្រកាសចង “សម្ព័ន្ធភាពឆ្ពោះទៅអនាគតជាមួយបក្សមួយចំនួនដែលមានទស្សនៈ និងគោលជំហរនយោបាយដូចគ្នា”។
ការបន្តសុំលិខិតបញ្ជាក់ពីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទទួលស្គាល់ និងមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមហេតុផលថា ឯកសារដែលគណបក្សនេះដាក់សុំចុះបញ្ជីមិនមែនជាឯកសារច្បាប់ដើម បើទោះបីជាក្រសួងមហាផ្ទៃជាអ្នកចេញឲ្យគណបក្សភ្លើងទៀនក៏ដោយ។
គណបក្សភ្លើងទៀន អះអាងថា គណបក្សបានបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ អំឡុងពេលនៃការចម្រូងចម្រាសគ្នារវាងអតីតគណបក្សសង្គ្រោះជាតិ និងអាជ្ញាធរគណបក្សកាន់អំណាច ដោយគណបក្សភ្លើងទៀនបានជ្រកក្រោមដំបូលជាមួយគ្នានោះផងដែរ។
ប៉ុន្តែលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិនបានជឿទៅលើការលើកឡើងរបស់គណបក្សភ្លើងទៀននេះទេ ដោយលោកបានដាក់ការសង្ស័យថា ការធ្វើឲ្យបាត់បង់ឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សភ្លើងទៀន ហើយមិនអាចឲ្យគណបក្សនេះចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បាននោះ វាគឺជាឧបាយកលធ្វើឲ្យបរទេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។
ជុំវិញរឿងនេះ អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងយល់ថា លោក ហ៊ុន សែន ដឹងថាកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពប្រកួតឈ្នះគណបក្សភ្លើងទៀន ដូច្នេះចង់មិនចង់ លោក ហ៊ុន សែន រកវិធីដើម្បីបិទគណបក្សភ្លើងទៀនមិនឲ្យធ្វើសកម្មភាព ហើយបញ្ជាទៅក្រសួងមហាផ្ទៃ មិនឲ្យចេញលិខិតបញ្ជាក់ជាថ្មីទៅគណបក្សមួយនេះ៕