30 C
Phnom Penh

ប្រមុខ​ការទូត​រុស្ស៊ី​វាយប្រហារ​លោក​ខាងលិច ហើយ​ការពារ​ជំហរ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ជា​ថ្ងៃ​ដែល​តំណាង​ប្រទេស​រុស្ស៊ី ត្រូវ​ឡើង​ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៨ នៅ​ក្រុង​ញូវយ៉ក ជា​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​ពិភពលោក​នេះ។

បុរស​ម្នាក់​ដែល​ឡើង​ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត​នោះ គឺ​លោក ​ហ្សេហ្គេ ឡាវរ៉ូវ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ដែល​តំណាង​ឱ្យ​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី។

លោក វ៉្លាឌីមៀរ ពូទីន កំពុង​ស្ថិត​ក្នុង​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដែល​ចេញ​ដីកា​ចាប់​ខ្លួន​កំពូល​បុរស​ខ្លាំង​រូប​នេះ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។ បុរស​នេះ​ហើយ​ដែល​បញ្ជា​ឱ្យ​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន សំដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ហើយ​លើក​បន្តុប​រដ្ឋាភិបាល​អាយ៉ង​មួយ។

យ៉ាងណា​ក៏ដោយ បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង​រូប​នេះ​សឹងតែ​អស់​ផ្លូវ​ដើរ​ចេញពី​ប្រទេស​ទៅ​ហើយ ព្រោះ​តែ​លោក​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន​របស់​ប៉ូលិស​អន្តរជាតិ និង​រដ្ឋអាជ្ញា​របស់​តុលាការ ICC។

សម្រាប់​លោក ហ្សេហ្គេ ឡាវរ៉ូវ តែងតែ​ចេញ​មុខ​នៅ​លើ​វេទិកា​អន្តរជាតិ ដើម្បី​ថ្លែង​ការពារ​ជំហរ​របស់​លោក ពូទីន ដែល​បញ្ឆេះ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ថ្លែង​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក ឡាវរ៉ូវ ពុំ​បាន​និយាយ​ជា​ភាសា​អង់គ្លេស​នោះ​ទេ ទោះបី​លោក​ចេះ​ភាសា​អន្តរជាតិ​ផ្លូវការ​មួយ​នេះ​ក៏ដោយ គឺ​លោក​និយាយ​ភាសា​រុស្ស៊ី ហើយ​អាន​តាម​ការ​មើល​ឯកសារ​ដែល​សរសេរ​ជា​ភាសា​រុស្ស៊ី។

តាមរយៈ​អ្នក​បកប្រែ​ភាសា ប្រមុខ​ការទូត​រុស្ស៊ី​រូប​នេះ​បាន​ថ្លែង​វាយប្រហារ​ទៅ​លើ​ក្រុម​ប្រទេស​លោក​ខាងលិច​ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​មេ​ដឹក​មុខ។ លោក ឡាវរ៉ូវ បាន​បរិហារ​ក្រុម​ប្រទេស​លោក​ខាងលិច​ថា​ជា​អាណាចក្រ​នៃ​ការ​ភូត​កុហក និង​បំប៉ោង​សភាពការណ៍ និង​ជា​ក្រុម​ដែល​ចូលចិត្ត​ប្រមូល​កម្លាំង​បំពាន​គោលការណ៍​សណ្ដាប់ធ្នាប់​ពិភពលោក ហើយ​ដាក់​ក្រោម​ច្បាប់​ទម្លាប់​របស់​ខ្លួន។

មិន​តែប៉ុណ្ណោះ ប្រមុខ​ការទូត​រុស្ស៊ី​បាន​រិះគន់​មិន​សំចៃ​ទៅ​លើ​អង្គការ​សហប្រជាជាតិ ដោយ​បាន​ទាមទារ​ថា ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​នេះ ដើម្បី​ការពារ​ក្រុម​ប្រទេស​ស្ថិត​នៅ​ភាគ​ខាងត្បូង​អឌ្ឍគោល​នៃ​ផែនដី។ ជាមួយ​នឹង​ការ​វាយប្រហារ​បែប​នេះ កំពូល​អ្នក​ការទូត​រុស្ស៊ី​រូប​នេះ​ក៏​បាន​ទាមទារ​ឱ្យ​មាន​ការ​កែទម្រង់​អង្គការ​ពិភពលោក​មួយ​នេះ។ ប៉ុន្តែ​ការ​ទាមទារ​របស់​លោក ឡាវរ៉ូវ ធ្វើឡើង​ចំ​ពេល​មាន​ការ​ជជែក​គ្នា​រវាង​មេដឹកនាំ​ប្រទេស​ជាច្រើន​ដែល​មក​ចូលរួម​មហាសន្និបាត​អំពី​ការ​ទាមទារ​របស់​ប្រទេស​មួយ​ចំនួន ហើយ​ក្នុង​នោះ​ក៏​មាន​ទាំង​មេដឹកនាំ​អ៊ុយក្រែន លោក ហ្សេឡេនស្គី ដែល​បាន​សុំ​ឱ្យ​ដក​សិទ្ធិ​វេតូ​របស់​ប្រទេស​រុស្ស៊ី​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

នៅ​ចំពោះ​មុខ​អង្គ​មហាសន្និបាត លោក ឡាវរ៉ូវ បាន​លើកឡើង​ថា សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​លោក​ខាងលិច​បាន​និង​កំពុង​តែ​បង្ក​វិវាទ​គ្រប់​ទីកន្លែង ធ្វើ​ឲ្យ​ពិភពលោក​បែកបាក់​គ្នា​ជាច្រើន​ក្រុមៗ។

លោក​បន្ត​ថា ក្រុម​ប្រទេស​លោក​ខាងលិច​តែងតែ​រក​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​កុំ​ឲ្យ​ពិភពលោក​មាន​សណ្ដាប់ធ្នាប់​រួម​មួយ គឺ​យុត្តិធម៌ និង​ពហុ​ប៉ូល ហើយ​ថា​អ្វី​ដែល​ពួកគេ​ចង់​បាន គឺ​ចង់​តែ​ដាក់​សម្ពាធ​ឲ្យ​ពិភពលោក​ធ្វើ​តាម​វិធានការ​ច្បាប់​ដែល​គេ​ចង់​បាន ដើម្បី​បម្រើ​អត្ថប្រយោជន៍​របស់​ពួកគេ​ប៉ុណ្ណោះ។

សុន្ទរកថា​របស់​ប្រមុខ​ការទូត​រុស្ស៊ី​រូប​នេះ មើល​ទៅ​ពុំ​សូវ​មាន​ការ​ទាក់ទាញ​ច្រើន​ពី​គណៈប្រតិភូ​នោះ​ទេ ប៉ុន្តែ​អ្នក​ការទូត​ម្នាក់​តំណាង​ឱ្យ​រដ្ឋការ​របស់​លោក បៃដិន មើល​ទៅ​ព្យាយាម​តាម​កត់ត្រា​ទុក​នូវ​ចំណុច​វាយប្រហារ​របស់​លោក ឡាវរ៉ូវ។

ថ្លែង​សុន្ទរកថា​ចប់​មាន​ការ​ទះ​ដៃ​តិចតួច លោក ឡាវរ៉ូវ មិន​អស់ចិត្ត​ក៏​បាន​បើក​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្រៅ​សាល​មហាសន្និបាត។

ក្នុង​ឱកាស​នោះ អ្នកកាសែត​បាន​ចោទ​សួរ​លោក ឡាវរ៉ូវ អំពី​ផែនការ​សន្តិភាព​ដែល​លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​ស្នើ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​សុំ​ឱ្យ​គាបសង្កត់​រុស្ស៊ី​ដក​ទ័ព​ចេញពី​ទឹកដី​អ៊ុយក្រែន។ លោក ឡាវរ៉ូវ បាន​ឆ្លើយ​ទៅ​កាន់​អ្នកកាសែត​ថា ផែនការ​នេះ​គឺ​មិន​អាច​សម្រេច​ទៅ​បាន​ជាដាច់ខាត ដែល​រុស្ស៊ី​ត្រូវ​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។

ក្រោយពី​លោក ឡាវរ៉ូវ ឆ្លើយ​ដោយ​កំហឹង​ដូចនេះ​ទៅ​កាន់​អ្នកកាសែត លោក ឡាវរ៉ូវ បាន​ឆ្លើយ​ដោយ​កំហឹង​ទៀត​ថា គ្រប់​គ្នា​ដឹង​ច្បាស់​ហើយ​ថា​អាមេរិក អង់គ្លេស និង​បក្ខពួក​របស់​អាមេរិក កំពុង​តែ​វាយ​ប្រយុទ្ធ​មក​លើ​រុស្ស៊ី ដោយ​ខ្ចី​ដៃ​ខ្ចី​កងទ័ព​អ៊ុយក្រែន។

យ៉ាងណា មើល​ទៅ​លោក ឡាវរ៉ូវ ចង់​ប្រាប់​ទៅ​លោក​ខាងលិច​ថា លែង​គាំទ្រ និង​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន ទៀត​ទៅ បើ​ចង់​បញ្ចប់​សង្គ្រាម។

លោក​ថា ដោយសារតែ​ជួយ​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​ដ៏​សន្ធឹកសន្ធាប់​នេះ វា​មិនមែន​មាន​ន័យ​ថា​ជួយ​អ៊ុយក្រែន ទេ គឺ​កាន់តែ​ធ្វើ​ឱ្យ​សង្គ្រាម​រក​ពេល​បញ្ចប់​មិន​ឃើញ។

តាម​ប្រមុខ​ការទូត​រុស្ស៊ី​រូប​នេះ សហរដ្ឋ​អាមេរិក​ជា​អ្នក​ដឹក​មុខ​ក្រុម​ប្រទេស​លោក​ខាងលិច​ធ្វើ​សង្គ្រាម​លាក់​មុខ​ប្រឆាំង​នឹង​រុស្ស៊ី​ទៅវិញ​ទេ។ លោក ឡាវរ៉ូវ ចោទ​ថា នៅ​លើ​ទឹកដី​អ៊ុយក្រែន ក៏​មាន​ក្រុម​ទាហាន​ស៊ីឈ្នួល​របស់​ពួក​បស្ចិម​ប្រទេស​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស