ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព។

នយោបាយ

អាមេរិក​សាទរ​កម្ពុជា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​កូរ៉េខាងជើង ការពារ​បូរណភាព​ទឹកដី​អ៊ុយក្រែន​និង​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​នៅ​ភូមា

By ឌឹ ខេមបូឌា ដេលី

September 28, 2023

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ បាន​ជួប​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី លោក ហ៊ុន ម៉ាណែត នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ដែល​ជា​ប្រយោជន៍​រួម។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា លោក Murphy បាន​មើល​ឃើញ​ពី​ជំនួប​ប្រកប​ដោយ​លទ្ធផល​ល្អ​របស់​លោក ហ៊ុន ម៉ាណែត ជាមួយ​មន្ត្រី និង​ក្រុមហ៊ុន​អាមេរិក អំឡុង​ពេល​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​បូរី​ញូវយ៉ក កាលពី​ពេល​ថ្មីៗ​នេះ។

លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​កត់សម្គាល់​ឃើញ​ភាព​ជា​ដៃគូ​ជា​បន្ត​របស់​កម្ពុជា​លើ​បញ្ហា​សំខាន់ៗ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដែល​រួម​មាន​ការ​អនុវត្ត​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​លើ​ប្រទេស​កូរ៉េខាងជើង ការ​ការពារ​បូរណភាព​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន និង​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​នៅ​ប្រទេស​ភូមា ជាដើម។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ដែរ​នោះ លោក​ឯកអគ្គរដ្ឋទូត Murphy បាន​សង្កត់​ធ្ងន់​លើ​ការ​ប្ដេជ្ញា​ចិត្ត​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា និង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា ដែល​គេ​អាច​មើល​ឃើញ​តាមរយៈ​ជំនួយ​បរទេស​ចំនួន ៣​ពាន់​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​មក​នេះ។

ទោះបី​លោក​បាន​កត់សម្គាល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​ក្នុង​ការ​បន្ត​ឡើងវិញ​នូវ​កម្មវិធី​ជំនួយ​បរទេស​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​ជា​រួម​ដែល​មាន​សារសំខាន់​សម្រាប់​សុខភាព​របស់​ប្រជាជន​កម្ពុជា និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្តី ប៉ុន្តែ​លោក Murphy ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​សិទ្ធិមនុស្ស និង​ការ​ការពារ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ចាំបាច់​ត្រូវតែ​មាន​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បំផ្លាញ​ចោល​អាវុធ ដូចជា​ការ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ហើយ​លោក​ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​អំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​បេសកកម្ម​រុករក​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​អាមេរិក​នៅ​កម្ពុជា។

លោក Murphy បាន​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​កម្ពុជា​រក្សា​គោលនយោបាយ​ការបរទេស​ដែល​មាន​ឯករាជ្យ និង​តុល្យភាព ដើម្បី​ជា​ឧត្តម​ប្រយោជន៍​នៃ​ប្រជាជន​កម្ពុជា និង​ដើម្បី​បន្ត​សកម្មភាព​ធំៗ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​បាន​កត់សម្គាល់​ឃើញ​ពី​សារសំខាន់​នៃ​ជំហរ​ស្មោះត្រង់​ជា​សាធារណៈ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ប្រឆាំង​នឹង​បទល្មើស​ជា​សកល​នេះ។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អាច​បញ្ជាក់​ថា អាមេរិក​នៅ​រក្សា​ជំហរ​ដដែល ដែល​ជំរុញ​ឲ្យ​កម្ពុជា​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ ប៉ុន្តែ​ក៏​បាន​បង្ហាញ​សញ្ញា​ហត់​នឿយ​ខ្លះ​ដែរ​នៅ​ពេល​មេដឹកនាំ​នយោបាយ​ធំៗ​ដែល​ជា​បង្អែក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ធ្វើ​សកម្មភាព​ឲ្យ​សកម្ម​នៅ​សមរភូមិ​នយោបាយ​កម្ពុជា ខណៈ​មេដឹកនាំ​នយោបាយ​ខ្លះ​ប្រើ​ការ​សម្ងំ​ស្ងៀម​ជា​យុទ្ធសាស្ត្រ​ទៅ​វិញ៕