30 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ដាក់​​វិធានការ​តេស្ដ​សារធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​គ្រប់​ជាន់​ថ្នាក់​ទូទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ដាក់​ចេញ​វិធានការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​គ្រប់​ជាន់​ថ្នាក់ និង​ជន​ជាប់​ឃុំ​ដែល​មាន​ការ​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​ពន្ធនាគារ​ណា​ម្នាក់​មាន​ចេតនា​គេចវេះ នឹង​ត្រូវ​អនុវត្ត​តាម​វិធានការ​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ លោក ឈន សាណាត បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ការ​ចុះ​ប្រតិបត្តិការ​ធ្វើ​តេស្ដ​ទឹកនោម​រក​សារធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​ទូទាំង​ប្រទេស និង​ជន​ជាប់​ឃុំ​ដែល​មាន​ការ​សង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ពន្ធនាគារ​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី-ខេត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ពី​មជ្ឈដ្ឋាន​ទូទៅ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រូវតែ​អនុវត្ត​វិធានការ​នេះ​ជា​កំហិត។

លោក ឈន សាណាត អះអាង​ថា សម្រាប់​ការ​ចុះ​ប្រតិបត្តិការ​ធ្វើ​តេស្ដ​រក​សារ​ធាតុ​ញៀន​ជាក់ស្ដែង​នោះ គឺ​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ពេទ្យ ឬ​ពន្ធនាគារ​តាម​គោលដៅ​នីមួយៗ ដោយ​មិន​មាន​ការ​ជូនដំណឹង​ជា​មុន​ឡើយ។ លោក​បន្ត​ថា បើ​រក​ឃើញ​មន្ត្រី​ពន្ធនាគារ​ណា​មាន​ចេតនា​គេចវេះ​ក្នុង​ការ​មិន​ចូលរួម​សហការ​ធ្វើ​តេស្ដ ឬ​រក​ឃើញ​មាន​សារធាតុ​ញៀន​មែន ពេល​នោះ​គេ​នឹង​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​នានា ឬ​វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​ជាដាច់ខាត។

ការ​ដាក់​ចេញ​វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ណែនាំ​ឱ្យ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ​រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ​រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​តួនាទី​ភារកិច្ច​ជា​កងកម្លាំង​ប្រដាប់​អាវុធ បើសិន​មាន​ការ​ស្រាវជ្រាវ​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សា​ទុក​ជា​កងកម្លាំង​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ។

លោក ស សុខា សង្កត់​ធ្ងន់​ទៅ​លើ​ការ​លុប​បំបាត់​ឱ្យ​បាន​នូវ​វប្បធម៌​អន្តរាគមន៍​គ្រប់​ប្រភេទ​ចំពោះ​ការ​ជួញដូរ​គ្រឿងញៀន​នេះ ព្រោះ​ថា​កាលពី​អាណត្តិ​មុន មាន​ស្នងការ​រង​ម្នាក់​បាន​ប្រព្រឹត្ត​កំហុស ហើយ​ក៏​បាន​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍​រហូត​ទៅ​ដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផង​ដែរ ដែល​បញ្ហា​នេះ​ត្រូវតែ​លុប​បំបាត់​ចោល​ឱ្យ​បាន។

កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ព្រមាន​ចាត់​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​នាយ​ទាហាន​រូប​ណា​ដែល​ជាប់​ពាក់ព័ន្ធ ឬ​បាន​ប្រើប្រាស់​គ្រឿងញៀន។ ជាង​នេះ​ទៀត លោក ទៀ សីហា បាន​អះអាង​ថា អ្នក​ដែល​ប្រឡង​ចូល​ក្របខ័ណ្ឌ​កងទ័ព ក៏​ត្រូវតែ​ធ្វើ​តេស្ដ​រក​គ្រឿងញៀន​យ៉ាងតិច​ចំនួន​បួន​ដង​ក្នុង​ម្នាក់ៗ។

របាយការណ៍​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​រយៈពេល ៨​ខែ​ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង ៥​ពាន់​ករណី (៥០៦០​ករណី) ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ជាង ១​ម៉ឺន​នាក់ (១២៣៥៦​នាក់) ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​សារធាតុ​ញៀន​ជិត ៣​តោន (២៦០០​គីឡូក្រាម) និង​កញ្ឆា​ស្ងួត​ជិត ៥០​គីឡូក្រាម ព្រមទាំង​សារធាតុ​គីមី​ជិត ១​តោន (៨០០​គីឡូក្រាម) ផង​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ កញ្ញា នេះ​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព លុះត្រាតែ​រដ្ឋាភិបាល​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល សហគមន៍​អន្តរជាតិ ដោយ​ឯករាជ្យ និង​តម្លាភាព ប៉ុន្តែ​បើ​រដ្ឋាភិបាល​បន្ត​អនុវត្ត​តែ​ម្នាក់​ឯង​ដូច​ពេល​កន្លងមក គឺ​នៅតែ​គ្មាន​ប្រសិទ្ធភាព​ដូច​មុន​ដដែល។

រហូត​មក​ទល់​ពេលនេះ គេ​នៅ​មិន​ទាន់​ភ្លេច​ទេ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត Rock ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម។

ក្នុង​សំណុំរឿង​នេះ តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ឧកញ៉ា គិត ធាង ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​អនុវត្ត​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​រយៈ​ពេល​ខ្លី និង​សម្រេច​ឲ្យ​ព្យួរ​ទោស​រយៈពេល ២​ឆ្នាំ​ផង​ដែរ។

យ៉ាងណាក៏ដោយ គេ​បាន​រក​ឃើញ​ថា អំឡុង​ពេល​ដែល​ឧកញ៉ា គិត ធាង ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ PJ បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ពិរុទ្ធជន​រូប​នេះ​នៅតែ​អាច​ដើរ​ហើរ​ដោយ​សេរី​ក្រៅ​ច្បាប់​ដូច​ជន​គ្មាន​ទោស​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស