សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែក្បួនក្នុងអំឡុងទិវាគ្រូបង្រៀនពិភពលោក ក្រោមលេសថា បង្កឲ្យមានបញ្ហាកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
ការសម្រេចនេះ ធ្វើឡើងនៅក្នុងកំណត់ហេតុប្រជុំពិភាក្សាស្ដីពីការរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ រវាងសាលារាជធានីភ្នំពេញ ជាមួយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
អភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា លើកឡើងថា អាជ្ញាធរអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រារព្ធទិវាគ្រូបង្រៀនពិភពលោកចាប់ពីម៉ោង ៨ព្រឹកដល់វេលាម៉ោង ១២ថ្ងៃត្រង់ នៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី០៥ ខែតុលា ខាងមុខនេះ ប៉ុន្តែមិនអនុញ្ញាតឲ្យដង្ហែក្បួននោះទេ ពីព្រោះវានឹងបង្កឲ្យមានបញ្ហាកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ខណៈញត្តិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យវិញ អាជ្ញាធរនឹងឲ្យស្ថាប័នពាក់ព័ន្ធមកទទួលនៅទីលានប្រជាធិបតេយ្យ។
ក្រៅពីនេះ សាលារាជធានីភ្នំពេញក៏តម្រូវឲ្យសមាគមគ្រូបង្រៀនឯករាជ្យ ផ្សព្វផ្សាយក្រមសីលធម៌ដល់សមាជិករបស់ខ្លួន ក្រោមលេសថា ដើម្បីកុំឲ្យយកវេទិកានេះធ្វើសកម្មភាពវាយប្រហារដល់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាល ឬបំផុសញុះញង់ពលរដ្ឋឲ្យមានជាអំពើហិង្សា ផ្ទុយពីខ្លឹមសារ និងគោលបំណងនៃការរៀបចំពិធីនេះ ឬបំបែកបំបាក់សាមគ្គីភាពជាតិ ប្រើសារនយោបាយ និងប្រាសចាកពីរដ្ឋធម្មនុញ្ញ។
មួយវិញទៀត អាជ្ញាធររាជធានីភ្នំពេញក៏បានទាមទារឱ្យសមាគមគ្រូបង្រៀនឯករាជ្យ ពិនិត្យ និងទទួលខុសត្រូវលើខ្លឹមសារបដារបស់ខ្លួន និងអ្នកឡើងថ្លែងមតិ មិនឲ្យប្រាសចាកពីគោលបំណងនៃការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក និងមិនឲ្យប្រើឧបករណ៍បំពងសំឡេងខ្លាំងៗផងដែរ ក្រោមលេសថា រំខានដល់អ្នកជិតខាង ជាដើម។
លើសពីនេះ សាលារាជធានីភ្នំពេញក៏បានព្រមានចាត់វិធានការច្បាប់លើតំណាងសមាគម ក្រោមហេតុផលថា មិនគោរពតាមខ្លឹមសារដែលបានឯកភាពជាមួយសាលារាជធានីភ្នំពេញដែលបានដាក់ឲ្យទេនោះ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងនឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោកនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ «សេរីភាពសមាគម» ដោយមានអ្នកចូលរួមយ៉ាងតិចចំនួន ១៥០នាក់ មកពីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងមាតាបិតាសិស្ស ព្រមទាំងសមាជិកសមាជិកាសមាគម លោកគ្រូអ្នកគ្រូ កម្មករ យុវជន សិស្ស និស្សិត និងសហជីព។
ក្រោយពេលជួបប្រជុំនៅទីលានប្រជាធិបតេយ្យ សមាគមគ្រោងដឹកនាំដង្ហែក្បួនចេញពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិជូនក្រសួងអប់រំ យុវជន និងកីឡា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងមន្ទីររដ្ឋសភា បន្ទាប់មកនឹងប្រកាសបិទកម្មវិធីតែម្តង។
ទិវាគ្រូបង្រៀនពិភពលោក ត្រូវបានប្រកាសដោយអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៤។ កន្លងទៅ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្លាប់បានប្រារព្ធទិវានេះនៅទីលានប្រជាធិបតេយ្យ ដោយបង្ហាញពីទុក្ខលំបាករបស់គ្រូបង្រៀនកំពុងជួបប្រទះ។ លើសពីនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក៏តែងតែស្នើសុំរដ្ឋាភិបាលឲ្យដំឡើងប្រាក់ខែ និងដោះស្រាយបញ្ហានានាសម្រាប់គ្រូបង្រៀនផងដែរ៕