គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកយុទ្ធនាការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតរយៈពេល ១៩ថ្ងៃនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតរយៈពេល ១៩ថ្ងៃនេះ គឺរាប់បញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ ប៉ុន្តែការិយាល័យចុះឈ្មោះបោះឆ្នោត នឹងត្រូវផ្អាកតែ ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១៤ ខែតុលា ដើម្បីឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមការងារចុះឈ្មោះបោះឆ្នោត ធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តការងារនេះឱ្យបានត្រឹមត្រូវ។
ស្ថាប័នរៀបចំការបោះឆ្នោតរបស់ត្រកូលហ៊ុនមួយនេះ អំពាវនាវឱ្យពលរដ្ឋដែលមិនបានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលនឹងត្រូវគ្រប់អាយុ ១៨ឆ្នាំនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេសអ្នកដែលមានថ្ងៃខែឆ្នាំកំណើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ និងអ្នកដែលបានផ្លាស់ប្ដូរលំនៅឋានចូលទៅរស់នៅក្នុងឃុំ-សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំ-សង្កាត់ដែលពួកគេកំពុងរស់នៅ ឬស្នាក់នៅសព្វថ្ងៃនេះ។
ការចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងដើម្បីជំរុញឱ្យពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត និងគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឱ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅក្នុងឃុំ-សង្កាត់របស់ខ្លួនដែលកំពុងរស់នៅបច្ចុប្បន្ននេះ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ តុលា នេះ ដោយអំពាវនាវឱ្យពលរដ្ឋគ្រប់រូបនាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិបោះឆ្នោតនៅថ្ងៃបោះឆ្នោត ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយនេះក៏ជាវិធីតែមួយគត់ដែលពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យត្រូវតែប្រកាន់យក ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនដែរ។
លោក មាជ សុវណ្ណារ៉ា ត្អូញត្អែរថា មានពលរដ្ឋជាច្រើនបានលើកឡើងពីឧបសគ្គមួយចំនួនដែលជាបញ្ហាធ្វើឱ្យពួកគាត់មិនចង់ទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត ក្នុងនោះគឺបណ្តាលមកពីមន្ត្រី គ.ជ.ប នៅមូលដ្ឋានមានការរើសអើងពលរដ្ឋដែលគាំទ្រគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងភាពលម្អៀងរបស់ គ.ជ.ប ទៅរកបក្សកាន់អំណាចក្នុងការរៀបចំដំណើរការបោះឆ្នោតកន្លងមក ព្រមទាំងការអវត្តមានគណបក្សប្រឆាំងដែលមិនបានចូលរួមបោះឆ្នោតនៅអាណត្តិមុនៗផងដែរ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះជំរុញឱ្យ គ.ជ.ប ពិនិត្យលើកិច្ចការរបស់ខ្លួនឱ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឱ្យពួកគាត់ចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាស្របតាមច្បាប់ ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទៅថ្ងៃមុខ។
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល លោក ស៊ឹង សែនករុណា ក៏បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ តុលា នេះដែរថា ទោះស្ថានភាពនយោបាយដែលខ្លួនមិនពេញចិត្តក៏ដោយ ក៏ពលរដ្ឋត្រូវតែចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដែរ ដើម្បីរង់ចាំឱកាសណាមួយដែលស្ថានភាពនយោបាយរបស់កម្ពុជាវិលទៅរកភាពល្អប្រសើរឡើងវិញ ហើយនៅពេលនោះ ពលរដ្ឋគឺអាចអនុវត្តសិទ្ធិរបស់ខ្លួនបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តែម្តង។
លោក ស៊ឹង សែនករុណា លើកឡើងថា ប្រសិនបើប្រជាពលរដ្ឋលះបង់កាតព្វកិច្ចចុះឈ្មោះបោះឆ្នោត គឺអាចនឹងក្លាយជាគុណវិបត្តិនៅពេលក្រោយ ព្រោះថាប្រសិនបើបរិបទនយោបាយក្នុងពេលណាមួយដែលតម្រូវឱ្យពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ចូលរួមដើម្បីទាញសង្គមជាតិឱ្យមករកភាពល្អប្រសើរឡើងវិញ ប៉ុន្តែពួកគាត់បែរជាគ្មានឱកាសធ្វើកិច្ចការនេះ ដោយសារតែភាពធ្វេសប្រហែសរបស់ខ្លួន នោះគឺជារឿងដែលគួរឱ្យសោកស្តាយបំផុត។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការពារសិទ្ធិមនុស្សរូបនេះ អំពាវនាវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីធានាដល់ការអនុវត្តសិទ្ធិបោះឆ្នោតសម្រាប់ពលរដ្ឋដែលចំណាកស្រុក ត្បិតពួកគេក៏ជាពលរដ្ឋខ្មែរម្ចាស់ប្រទេស និងម្ចាស់ឆ្នោតដែរ ដូច្នេះសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំរបស់ពួកគេមិនគួរត្រូវបានទុកចោលដូចពេលកន្លងមកនោះទេ។
ទាក់ទិននឹងបញ្ហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា យោងតាមតារាងស្ថិតិប៉ាន់ស្មាន ពលរដ្ឋដែលមានមានអាយុ ១៨ឆ្នាំឡើងទៅ គឺមានចំនួន ១០,៩លាននាក់ (១០ ៩៧៨ ២៥៨នាក់) ខណៈចំនួនពលរដ្ឋដែលត្រូវរំពឹងថានឹងចុះឈ្មោះបោះឆ្នោតបន្តទៀតមានចំនួនជាង ២សែននាក់ (២៨០ ៥៩៣នាក់) ផងដែរ ស្របពេលដែលចំនួនឈ្មោះពលរដ្ឋក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ កន្លងទៅ មានចំនួនជាង ៩,៧លាននាក់នោះ (៩ ៧១០ ៦៥៥នាក់)៕