អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល។

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស៊ើប​អង្កេត​លោក គង់ វិបុល និង​មន្ត្រី​ពន្ធដារ​ថ្នាក់​ជាតិ

By ឌឹ ខេមបូឌា ដេលី

October 04, 2023

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត​លើ​មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​តាមរយៈ​ការ​ប្រមូល​ពន្ធ​ឱ្យ​មាន​ប្រសិទ្ធភាព និង​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​គ្មាន​ស្តង់ដារ​ពីរ។

ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បំពេញ​ច្បាប់​លោក ហ៊ុន ម៉ាណែត បញ្ជា​ទៅ​អគ្គនាយក​ពន្ធដារ​លោក គង់ វិបុល ឲ្យ​ពិនិត្យ​មើល​លើ​ក្រមសីលធម៌​មន្ត្រី​រត់ការ​រក​ប្រាក់​ក្រៅ​ផ្លូវការ​ក្នុង​ការ​ចុះ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ និង​វិស័យ​ឯកជន នា​ថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ​២០២៣ នេះ។

លោក ហ៊ុន ម៉ាណែត បាន​ទទួលស្គាល់​ថា មន្ត្រី​ពន្ធដារ​មិន​បាន​ចុះ​ទៅ​ប្រមូល​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដោយ​ពួកគេ​បាន​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ជាមួយ​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​ផ្សេងៗ ដើម្បី​ចរចា​រក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទៅវិញ។

ជាក់ស្ដែង​ថ្មីៗ​នេះ លោក​បាន​បញ្ជា​ឲ្យ​អគ្គនាយក​ពន្ធដារ​បញ្ចប់​កិច្ចសន្យា​របស់​មន្ត្រី​ម្នាក់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​អង្គភាព ក្រោយពី​មន្ត្រី​កិច្ចសន្យា​ពន្ធដារ​រូប​នេះ​បាន​អនុវត្ត​នីតិវិធី​លើស ដោយ​ដើរ​តួនាទី​ជា​មន្ត្រី​សម្របសម្រួល ដើម្បី​ចរចា​រក​ប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ចាត់ទុក​ការ​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត ថា​ជា​គំនិត​ដែល​អាច​ប្រើប្រាស់​បាន ប៉ុន្តែ​មិន​អាច​ទប់ស្កាត់​អំពើពុករលួយ​បាន​ឡើយ។

លោក​បន្ត​ថា ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​តាមរយៈ​ការ​ប្រមូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព លោក​ថា​លុះត្រាតែ​លោក ហ៊ុន ម៉ាណែត ឲ្យ​ខាង​សវនកម្ម​ជាតិ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យ​មើល​ទ្រព្យសម្បត្តិ​មន្ត្រី​ស្ថាប័ន​ពន្ធដារ​ថ្នាក់​ជាតិ​ទាំងអស់ ជាពិសេស​លោក គង់ វិបុល ដែល​មាន​លុយ​រាប់​លាន​ដុល្លារ ប្រើប្រាស់​រថយន្ត​ទំនើបៗ ដើរ​ចាយវាយ​ខ្ជះខ្ជាយ និង​ទិញ​ផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី​រាប់​លាន​ដុល្លារ ជាដើម។ ចំណែក​មន្ត្រីៗ​នៅ​ក្នុង​ស្ថាប័ន​ពន្ធដារ​វិញ ក៏​ប្រើប្រាស់​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើបៗ និង​មាន​ប្រាក់​រាប់​លាន​ដុល្លារ​ផង​ដែរ។

ទោះជា​យ៉ាងណា​ក៏ដោយ លោក​មិន​មាន​ជំនឿ​លើ​លោក ហ៊ុន ម៉ាណែត ថា​អាច​ធ្វើ​ទប់ស្កាត់​អំពើពុករលួយ​បាន​ទេ ដោយ​ចាត់ទុក​ការ​លើកឡើង​នេះ​គ្រាន់តែ​ធ្វើ​ឲ្យ​ពីរោះ​ស្ដាប់ និង​ល្អ​មើល​តែប៉ុណ្ណោះ។

មូលហេតុ​ដែល​លោក​អះអាង​ដូច្នេះ ដោយសារ​លោក គង់ វិបុល ជា​មនុស្ស​ដែល​ជួយ​រក​ចំណូល​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន ដើម្បី​រក្សា​អំណាច​តាំងពី​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត និង​បក្ខពួក​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១២ ខែ​កក្កដា កន្លងទៅ ទូរទស្សន៍ Aljazeera បាន​រក​ឃើញ​លោក គង់ វិបុល ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ក្រុមហ៊ុន​មាន​តម្លៃ​រាប់​លាន​ដុល្លារ និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​លាង​លុយ​កខ្វក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ផង​ដែរ។

បើ​តាម​ទូរទស្សន៍ Aljazeera រាយការណ៍​ថា ក្រុមហ៊ុន​របស់​លោក គង់ វិបុល ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ដាក់​ឈ្មោះ​ថា ផាញ៉ារិទ្ធិ ភីធីវ៉ាយ (Panhariddh PTY Ltd.) បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១១ កំពុង​រំលោភ​ច្បាប់​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី ដោយសារតែ​ម្ចាស់​ក្រុមហ៊ុន​នេះ​មិន​បាន​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​អូស្ត្រាលី តាម​ច្បាប់​កំណត់។

ប៉ុន្តែ​លោក គង់ វិបុល បាន​បដិសេធ​ថា ក្រុមហ៊ុន​នោះ​គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ទៀត​នោះ​ទេ ក្រោយពី​លោក​បាន​លក់​ក្រុមហ៊ុន​នោះ​ទៅ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​ជា​យូរ​មក​ហើយ ហើយ​លោក​ក៏​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ម្ចាស់​ក្រុមហ៊ុន​ថ្មី​ប្រើប្រាស់​អាសយដ្ឋាន​របស់​លោក​ទៀត​នោះ​ដែរ។

លោក គង់ វិបុល បន្ថែម​នៅ​ក្នុង​បទសម្ភាសន៍​របស់​ទូរទស្សន៍ Aljazeera ជា​ភាសា​អង់គ្លេស​នោះ​ដោយ​បដិសេធ​ថា លោក​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ណា​មួយ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នេះ​ឡើយ ហើយ​លោក​បាន​បន្ទោស​ព័ត៌មាន​ដែល​អ្នកស្រី Marie Ann Jolly នៃ​ទូរទស្សន៍ Aljazeera ទទួល​បាន គឺជា​ព័ត៌មាន​ខុស។

ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន Aljazeera អ្នកស្រី Marie Ann Jolly សួរ​ថា អ៊ីចឹង​លោក​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន ឬ​ការ​រកស៊ី​ណា​មួយ​ក្នុង​ប្រទេស​អូស្ត្រាលី​ទេ មែន​ទេ? ពេល​នោះ​លោក គង់ វិបុល ឆ្លើយ​ថា ប្រាកដ​ហើយ។

អ្នកស្រី​បន្ត​សួរ​ទៀត​ថា លោក​ប្រាកដ​ហើយ​មែន​ទេ​ដែល​លោក​ថា​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ក្នុង​ប្រទេស​អូស្ត្រាលី ទោះបី​រដ្ឋាភិបាល​អូស្ត្រាលី​មាន​ឯកសារ និង​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការ​រកស៊ី​របស់​លោក​នោះ? លោក គង់ វិបុល ឆ្លើយ​ថា ពិត​ជា​មិន​មាន​ទេ ហើយ​ឯកសារ និង​ព័ត៌មាន​ទាំងនេះ​ជា​ព័ត៌មាន​ខុស។

អ្នកស្រី​បន្ត​សួរ​ថា តើ​លោក​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​លោក​ដោយ​របៀប​ណា ដែល​ថា​មិន​មាន​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ឈ្មោះ​របស់​លោក? ពេល​នោះ​លោក គង់ វិបុល ឆ្លើយ​ថា លោក​មិន​ចង់​និយាយ​អំពី​រឿង​នេះ​ទេ?៕