អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ចូលរួមគ្នាជាកម្លាំងចលកររំដោះប្រទេសកម្ពុជាដែលកំពុងត្រូវបានគ្រប់គ្រងធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារត្រកូលហ៊ុនសព្វថ្ងៃនេះ។
ការអះអាងរបស់លោក សម រង្ស៊ី ធ្វើឡើងនៅក្នុងពិធីជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួនអំឡុងពេលចូលរួមក្នុងពិធីកាន់បិណ្ឌនៅវត្តភ្នំសេរី ទីក្រុងឡូវែល (Lowell) រដ្ឋ Massachusetts លើទឹកដីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងស្រុកមិនអាចតវ៉ានឹងរបបដឹកនាំតាមបែបកុម្មុយនីស្តផ្ដាច់ការរបស់ត្រកូលហ៊ុន ដែលកំពុងដឹកនាំតត្រកូលបានទេ ដូច្នេះមានតែពលរដ្ឋខ្មែរដែលរស់នៅក្រៅស្រុកប៉ុណ្ណោះ ដែលមានសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិប្រឆាំងនឹងការដឹកនាំគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋខ្មែរតាំងពីឪពុករហូតដល់កូននៅកម្ពុជាសព្វថ្ងៃនេះ។
លោក សម រង្ស៊ី លើកឡើងថា តាំងពីឪពុកដល់កូន ត្រកូលហ៊ុនបានរៀបចំចាត់ចែងការដឹកនាំប្រទេសកម្ពុជាទៅរករបបមួយដែលទុកពលរដ្ឋខ្មែរទូទាំងប្រទេសជាសត្វធាតុ ដោយពួកគេបិទសិទ្ធិពលរដ្ឋខ្មែរគ្រប់រូបមិនឱ្យគិតពីសុខទុក្ខរបស់ប្រទេសជាតិខ្លួនឯងនោះទេ ក្នុងនោះអ្នកដែលគិតគូរពីបញ្ហាប្រទេសជាតិ គឺត្រូវបានចាប់ឃុំខ្លួន ឬត្រូវបាត់បង់ជីវិតក្រោមឧបទ្ទវហេតុផ្សេងៗ ជាដើម។
លោក សម រង្ស៊ី បន្ថែមថា ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលខ្មែរដែលដឹកនាំដោយត្រកូលហ៊ុន ក៏បានប្រើវិធីពង្វក់យុវជនខ្មែរតាមល្បិចកលអបាយមុខជាច្រើន ដូចជា ការបើកដៃឲ្យមានការចរាចរថ្នាំញៀនពេញប្រទេស ដែលជាហេតុធ្វើឱ្យយុវជនខ្មែរធ្លាក់ចូលទៅក្នុងឥទ្ធិពលគ្រឿងញៀន ដែលជាកត្តារុញច្រានឱ្យពួកគេលែងគិតគូរពីបញ្ហាប្រទេសជាតិទាំងអស់។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ក្នុងនាមជាពលរដ្ឋខ្មែរដែលមានសេចក្តីថ្លៃថ្នូរ មានទឹកដី និងមានប្រវត្តិជាពូជសាសន៍ដ៏រុងរឿងក្នុងពេលអតីតកាល មិនត្រូវបណ្តែតបណ្តោយឱ្យគ្រួសារត្រកូលហ៊ុនបំផ្លាញអនាគតរបស់ប្រទេសជាតិតាមអំពើចិត្តរបស់ពួកគេទៀតនោះទេ ព្រោះថាបច្ចុប្បន្ននេះ កម្ពុជាទាំងមូលស្ទើរតែក្លាយទៅជាប្រទេសរបស់គ្រួសារត្រកូលហ៊ុន ដែលពួកគេកំពុងកាន់កាប់ផ្ដាច់មុខទៅហើយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា កម្ពុជាកំពុងរអិលធ្លាក់ទៅក្នុងការគ្រប់គ្រងតាមបែបគ្រួសារនិយមកាន់តែជ្រៅទៅៗ បន្ទាប់ពីលោក ហ៊ុន សែន បានលើកបន្តុបកូនប្រុសរបស់គាត់គឺលោក ហ៊ុន ម៉ាណែត ឱ្យគ្រប់គ្រងប្រទេសកម្ពុជាបន្តពីខ្លួននៅពេលនេះ។
ទាក់ទិននឹងបញ្ហានេះ តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ធ្លាប់បានព្រមានកាលពីពេលថ្មីៗនេះដែរថា ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងផ្ដាច់មុខនៃគ្រួសារនិយមរបស់ត្រកូលហ៊ុនថែមមួយកម្រិតទៀតហើយ ក្រោយការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត និងការរៀបចំតែងតាំងសាច់ញាតិខ្លួនឯងឱ្យចូលទៅកាន់តួនាទីកាន់តែខ្ពស់ៗ ដោយកម្ចាត់អ្នកដទៃឱ្យចេញផុតពីតួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាលថ្មីនេះ។
ជាក់ស្តែង ក្រោយរដ្ឋសភាជាតិបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលថ្មី លោក ហ៊ុន ម៉ាណែត បានតែងតាំងមន្ត្រីរដ្ឋាភិបាលតាមសែស្រឡាយបក្ខពួកជាបន្តបន្ទាប់ ក្នុងនោះសមាជិករដ្ឋាភិបាលទាំងជាង ១ពាន់នាក់ (១៥៤៧នាក់) ត្រូវគេមើលឃើញថា សុទ្ធតែជាបក្ខពួក និងសែស្រឡាយសាច់ញាតិរបស់ត្រកូលហ៊ុនទាំងអស់ ខណៈស្ថាប័នកំពូលរបស់ប្រទេស ដូចជាស្ថាប័នរដ្ឋសភា ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នតុលាការ ក៏ត្រូវបានក្តោបក្តាប់ដោយវង្សត្រកូលរបស់លោក ហ៊ុន សែន ដែរនៅពេលនេះ៕