28 C
Phnom Penh

សាធារណជន​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា​រឿង​ចោរ​ឆក់​ប្លន់​ឃាតកម្ម​និង​ក្មេង​ទំនើង​ជា​រឿង​កំប៉ិក​កំប៉ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម រិះគន់​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ដែល​ចាត់ទុក​ករណី​ចោរ​ឆក់ ចោរ​ប្លន់ ឃាតកម្ម ក្មេង​ទំនើង ឬ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ថា​ជា​រឿង​កំប៉ិកកំប៉ុក។ មហាជន​ទូទៅ​អះអាង​ថា បញ្ហា​អសន្តិសុខ​សង្គម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ខ្លាចរអា​ក្នុង​ការ​មក​លេង​ប្រទេស​កម្ពុជា។

ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រទេស​ជឿនលឿន​គេ​ចាត់ទុក​បញ្ហា​អសន្តិសុខ​សង្គម​មួយ​ចំនួន​ជា​រឿង​កំប៉ិកកំប៉ុក មិន​ពង្រីក​ឲ្យ​ធំ​ឡើយ។ បញ្ហា​អសន្តិសុខ​សង្គម ដូចជា​ករណី​ចោរ​លួច ចោរ​ប្លន់ ឃាតកម្ម ក្មេង​ទំនើង ឬ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​នោះ កំពុង​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ លោក​ថា​ជា​រឿង​ធម្មតា​តែប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ CHAV បាន​លើកឡើង​ថា ភ្ញៀវ​ទេសចរ​បរទេស​មិន​មក​លេង និង​ទស្សនា​ប្រទេស​កម្ពុជា ដោយសារ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចាត់ទុក​បញ្ហា​ករណី​ចោរ​ឆក់ ចោរ​ប្លន់ ឃាតកម្ម ក្មេង​ទំនើង ជាដើម ជា​រឿង​កំប៉ិកកំប៉ុក​បែប​នេះ។

ចំណែក​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក សាន់ ម៉ាឡា លើកឡើង​ថា ប្រសិនបើ​បញ្ហា​អសន្តិសុខ​សង្គម​ជា​រឿង​កំប៉ិកកំប៉ុក​មែន​នោះ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​តែងតែ​យក​លេស​សន្តិសុខ​សង្គម សណ្ដាប់ធ្នាប់​សង្គម​នេះ​មក​គាបសង្កត់​ខាង​អង្គការ​សមាគម​ទៅ​វិញ?

លោក​បន្ត​ថា សូម្បីតែ​រឿង​ស្ទះ​ចរាចរណ៍​ក៏​រដ្ឋាភិបាល​យក​មក​រារាំង​អ្នក​សម្ដែង​មតិ​រហូត​ដល់​មាន​ចាប់​ខ្លួន​ដាក់​គុក​ផង​ដែរ។

ចំណែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត លើកឡើង​ថា នេះ​ជា​សម័យ​អ៊ីនធឺណិត google ជន​បរទេស​ដែល​មក​លេង​ស្រុក​ខ្មែរ បើ​ពួកគេ​ជួប​រឿង​ល្អ គេ​នឹង​សរសេរ​ល្អ​ពី​ខ្មែរ ប៉ុន្តែ​បើ​គេ​ជួប​រឿង​មិន​ល្អ​វិញ នោះ​គេ​ក៏​នឹង​សរសេរ​មិន​ល្អ ហើយ​ផ្សព្វផ្សាយ​ទៅ​ពេញ​ពិភពលោក​ដែរ។

លោក​បន្ត​ថា ភ្ញៀវ​បរទេស​មុន​នឹង​ទៅ​លេង​ប្រទេស​ណា​មួយ ពួកគេ​តែង​ឆែក​មើល​ព័ត៌មាន​អំពី​ប្រទេស​នោះ​ជា​មុន​សិន។ ដូច្នេះ​ប្រហែល​លក្ខខណ្ឌ​សន្តិសុខ​នៅ​កម្ពុជា​មិន​ល្អ​សម្រាប់​ទេសចរ​បរទេស​ហើយ បាន​ជា​អ្នក​បើក​ភោជនីយដ្ឋាន​សម្រាប់​ជនបរទេស​នៅ​ម្ដុំ​ផ្សារ​ចាស់ និង​ផ្សារ​កណ្ដាល នាំគ្នា​រអ៊ូ​តែ​ពី​រឿង​ក្មេង​ជើងកាង​ប្លន់​ជនបរទេស​យក​លុយ យក​ទូរសព្ទ​នៅ​ពេល​យប់​ជ្រៅ។

លោក​ចាត់ទុក​បញ្ហា​នេះ​ថា​ជា​កត្តា​ធំ​បំផុត​មួយ ខណៈ​កត្តា​ទី​ពីរ គឺ​ចំណី​អាហារ​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាង​នៅ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ដែល​ជា​ប្រទេស​ជិតខាង​របស់​កម្ពុជា ដែល​នេះ​ជា​អ្វី​ដែល​លោក​បាន​ឮ​ពី​អ្នក​ទេសចរ​បរទេស​ដោយ​ផ្ទាល់។

ប្រភព​ដដែល​បន្ត​ថា នេះ​ជា​អ្វី​ដែល​អ្នក​នយោបាយ​ត្រូវ​គិតគូរ​ឡើងវិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

ក្រៅពី​បញ្ហា​ចោរ​ឆក់ ប្លន់ ក្មេង​ទំនើង គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​វិបត្តិ​គ្រឿងញៀន​ហើយ កម្ពុជា​ក៏​បាន​ក្លាយ​ជា​កន្លែង​ជួញដូរ​មនុស្ស និង​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​អនឡាញ​ផង​ដែរ។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ហៅថា UNODC កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា នៅ​តំបន់​អាស៊ី​អាគ្នេយ៍ កម្ពុជា​កំពុង​ពេញ​និយម​ខ្លាំង​នៃ​ការ​ជួញដូរ​មនុស្ស ដើម្បី​បង្ខំ​ឱ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​អនឡាញ។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា ក្រុម​ឧក្រិដ្ឋជន​មាន​ប្រតិបត្តិការ ការ​ផ្សារភ្ជាប់​ទៅ​នឹង​កន្លែង​កម្សាន្ត​នានា ដូចជា បនល្បែង សណ្ឋាគារ​ធំៗ និង​ក្រុមហ៊ុន​អាជីវកម្ម​ចុះបញ្ជី ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស