សកម្មជនសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គម រិះគន់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលចាត់ទុកករណីចោរឆក់ ចោរប្លន់ ឃាតកម្ម ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ ថាជារឿងកំប៉ិកកំប៉ុក។ មហាជនទូទៅអះអាងថា បញ្ហាអសន្តិសុខសង្គមនេះហើយដែលធ្វើឲ្យភ្ញៀវទេសចរបរទេសខ្លាចរអាក្នុងការមកលេងប្រទេសកម្ពុជា។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រទេសជឿនលឿនគេចាត់ទុកបញ្ហាអសន្តិសុខសង្គមមួយចំនួនជារឿងកំប៉ិកកំប៉ុក មិនពង្រីកឲ្យធំឡើយ។ បញ្ហាអសន្តិសុខសង្គម ដូចជាករណីចោរលួច ចោរប្លន់ ឃាតកម្ម ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះ កំពុងកើតឡើងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ លោកថាជារឿងធម្មតាតែប៉ុណ្ណោះ។
ជុំវិញរឿងនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមឈ្មោះ CHAV បានលើកឡើងថា ភ្ញៀវទេសចរបរទេសមិនមកលេង និងទស្សនាប្រទេសកម្ពុជា ដោយសារមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកបញ្ហាករណីចោរឆក់ ចោរប្លន់ ឃាតកម្ម ក្មេងទំនើង ជាដើម ជារឿងកំប៉ិកកំប៉ុកបែបនេះ។
ចំណែកសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា លើកឡើងថា ប្រសិនបើបញ្ហាអសន្តិសុខសង្គមជារឿងកំប៉ិកកំប៉ុកមែននោះ ហេតុអ្វីបានជារដ្ឋាភិបាលតែងតែយកលេសសន្តិសុខសង្គម សណ្ដាប់ធ្នាប់សង្គមនេះមកគាបសង្កត់ខាងអង្គការសមាគមទៅវិញ?
លោកបន្តថា សូម្បីតែរឿងស្ទះចរាចរណ៍ក៏រដ្ឋាភិបាលយកមករារាំងអ្នកសម្ដែងមតិរហូតដល់មានចាប់ខ្លួនដាក់គុកផងដែរ។
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត លើកឡើងថា នេះជាសម័យអ៊ីនធឺណិត google ជនបរទេសដែលមកលេងស្រុកខ្មែរ បើពួកគេជួបរឿងល្អ គេនឹងសរសេរល្អពីខ្មែរ ប៉ុន្តែបើគេជួបរឿងមិនល្អវិញ នោះគេក៏នឹងសរសេរមិនល្អ ហើយផ្សព្វផ្សាយទៅពេញពិភពលោកដែរ។
លោកបន្តថា ភ្ញៀវបរទេសមុននឹងទៅលេងប្រទេសណាមួយ ពួកគេតែងឆែកមើលព័ត៌មានអំពីប្រទេសនោះជាមុនសិន។ ដូច្នេះប្រហែលលក្ខខណ្ឌសន្តិសុខនៅកម្ពុជាមិនល្អសម្រាប់ទេសចរបរទេសហើយ បានជាអ្នកបើកភោជនីយដ្ឋានសម្រាប់ជនបរទេសនៅម្ដុំផ្សារចាស់ និងផ្សារកណ្ដាល នាំគ្នារអ៊ូតែពីរឿងក្មេងជើងកាងប្លន់ជនបរទេសយកលុយ យកទូរសព្ទនៅពេលយប់ជ្រៅ។
លោកចាត់ទុកបញ្ហានេះថាជាកត្តាធំបំផុតមួយ ខណៈកត្តាទីពីរ គឺចំណីអាហារនៅកម្ពុជាមានតម្លៃថ្លៃជាងនៅប្រទេសថៃ ឡាវ និងវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា ដែលនេះជាអ្វីដែលលោកបានឮពីអ្នកទេសចរបរទេសដោយផ្ទាល់។
ប្រភពដដែលបន្តថា នេះជាអ្វីដែលអ្នកនយោបាយត្រូវគិតគូរឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្រៅពីបញ្ហាចោរឆក់ ប្លន់ ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាវិបត្តិគ្រឿងញៀនហើយ កម្ពុជាក៏បានក្លាយជាកន្លែងជួញដូរមនុស្ស និងបង្ខំឲ្យធ្វើឧក្រិដ្ឋកម្មបោកប្រាស់អនឡាញផងដែរ។
ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅថា UNODC កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញផ្សាយរបាយការណ៍មួយដោយបង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាកំពុងពេញនិយមខ្លាំងនៃការជួញដូរមនុស្ស ដើម្បីបង្ខំឱ្យធ្វើឧក្រិដ្ឋកម្មបោកប្រាស់អនឡាញ។
របាយការណ៍ដដែលឲ្យដឹងថា ក្រុមឧក្រិដ្ឋជនមានប្រតិបត្តិការ ការផ្សារភ្ជាប់ទៅនឹងកន្លែងកម្សាន្តនានា ដូចជា បនល្បែង សណ្ឋាគារធំៗ និងក្រុមហ៊ុនអាជីវកម្មចុះបញ្ជី ជាដើម៕
© 2023, . All rights reserved.