លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី ដែល​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣។

ជម្លោះដីធ្លី

ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ដោះលែង​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី

By ឌឹ ខេមបូឌា ដេលី

October 08, 2023

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ សម្រេច​ឲ្យ​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី រួច​ផុត​បទ​ចោទប្រកាន់ និង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ២​ឆ្នាំ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក ឆន ផល្លា សកម្មជន​ការពារ​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ការពារ​ព្រៃឈើ ធនធាន​ធម្មជាតិ​នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នា​រសៀល​ថ្ងៃទី​៦ តុលា នេះ។

ការ​ដោះលែង​នេះ លោក​ថា​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៣ សម្រេច​បដិសេធ​សាលក្រម​សាលាដំបូង​ខេត្ត​រតនគិរី ទុក​ជា​អសារបង់ និង​ឲ្យ​លោក ឆន ផល្លា រួច​ផុត​ចោល​បទ​ចោទប្រកាន់​ផង​ដែរ។

លោក​ថា សកម្មជន​រូប​នេះ​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នា​រសៀល​ថ្ងៃទី​៦ ខែ​តុលា នេះ បន្ទាប់ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ។

លោក ស៊ឹង សែនករុណា ថា​លោក ឆន ផល្លា ត្រូវ​បាន​អាជ្ញាធរ និង​តុលាការ​ខេត្ត​រតនគិរី ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​ចោទប្រកាន់​ជាច្រើន​បទល្មើស​ទាំង​អយុត្តិធម៌ ប៉ុន្តែ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ សម្រេច​បដិសេធ​សាលក្រម​សាលាដំបូង​ខេត្ត​រតនគិរី ចោល​ទុក​ជា​អសារបង់ និង​ឲ្យ​រួច​ផុត​ចោល​បទ​ចោទប្រកាន់​ជា​បន្តបន្ទាប់ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា សម្រេច​លើកលែង​បទ​ចោទប្រកាន់​លើ​លោក ឆន ផល្លា ពី​បទ «កាប់​គាស់ រុករាន​ឆ្ការ​ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ» ប៉ុន្តែ​លោក​នៅ​ជាប់​សំណុំរឿង​មួយ​ទៀត។

សាលាដំបូង​ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​៨ កក្កដា បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ព្រៃឈើ ៣​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ៦​ឆ្នាំ ពី​បទ​ផ្ដើម​គំនិត ញុះញង់​ឱ្យ​ប្រជាជន​កាប់​រុករាន​ដី​ព្រៃ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ក្នុង​នោះ​សកម្មជន​ព្រៃឈើ លោក ស៊ីថាន់ ញ៉ាន់ និង​លោក ខាំ ម៉ាសូក ដាក់​ពន្ធនាគារ ៥​ឆ្នាំ​តែ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ។ ចំណែក​លោក ឆន ផល្លា វិញ តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៦​ឆ្នាំ។

ជុំវិញ​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា សម្ដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​ព្រៃឈើ​លោក ឆន ផល្លា ហើយ​ចាត់ទុក​សកម្មភាព​នេះ​ថា​ជា​ការ​គំរាមកំហែង និង​រំលោភ​លើ​សិទ្ធិ​អ្នក​ការពារ​បរិស្ថាន​រូប​នេះ៕