ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី សម្ដែងនូវព្រះទ័យជឿជាក់យ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិនានារបស់កម្ពុជានឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់ការអភិវឌ្ឍឱ្យក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូររុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ សីហមុនី មានព្រះរាជបន្ទូលក្នុងព្រះរាជពិធីអបអរសាទរខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នេះថា រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្រោមព្រះរាជតម្រិះចុងក្រោយរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ហើយក៏បានឆ្លងការអនុម័តរបស់សភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ រហូតកើតចេញជារដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិពេញលេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែរ ដែលត្រូវចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជារហូតមក។
ព្រះមហាក្សត្រខ្មែរសម្ដែងនូវការគោរពព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធរបស់ស្ថាបនិកដែលបានរៀបចំបង្កើតរដ្ឋធម្មនុញ្ញកម្ពុជាទាំងឡាយដែលបានលាចាកលោក និងសូមឱ្យពួកគេទៅកាន់សុគតិភព ព្រមទាំងសម្ដែងនូវការកោតសរសើរ និងដឹងគុណចំពោះបញ្ញវន្តផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹងប្រែងប្រកបដោយការលះបង់ខ្ពស់ ជួយរៀបចំតាក់តែងសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញជាតិនេះអស់រយៈពេល ៣០ឆ្នាំកន្លងមក។
សម្តេចព្រះបរមនាថ សីហមុនី សម្ដែងនូវព្រះទ័យកោតសរសើរដល់ប្រធាន និងសមាជិកសមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញគ្រប់អាណត្តិ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិ បូរណភាពទឹកដី អធិបតេយ្យភាព សន្តិភាព សេចក្តីសុខ ជីវភាពសម្បូរសប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរ និងស្ថិរភាពសង្គម ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» រហូតមក។
ព្រះរាជបន្ទូលព្រះមហាក្សត្រខ្មែរធ្វើឡើងក្នុងព្រះរាជពិធីអបអរសាទរខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញរបស់កម្ពុជា នៅថ្ងៃសុក្រ ចុងសប្តាហ៍នេះ។
មេដឹកនាំដែលរំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ រំលោភព្រះមហាក្សត្រផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ តុលា នេះដែរថា គិតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ រដ្ឋធម្មនុញ្ញកម្ពុជាមានអាយុ ៣០ឆ្នាំគត់ ដែលជារដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង ៦ ដែលកម្ពុជាធ្លាប់បានអនុវត្តកន្លងមក។
មេដឹកនាំខ្មែរដែលកំពុងជាន់ឈ្លីច្បាប់នៅកម្ពុជាលោក ហ៊ុន សែន បញ្ជាក់ថា ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល ៣០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលញាំងឱ្យប្រជារាស្ត្ររស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីប្រកាសព័ត៌មានថា ពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នឹងត្រូវប្រារព្ធនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វិញ តាមការស្នើសុំពីស្ថាប័នពាក់ព័ន្ធនានា។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងឡាយព្រះហស្តលេខាឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះបាទ នរោត្តម សីហនុ ដែលបានផ្ដួចផ្ដើមឡើងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៤ មក រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ១០លើករួចមកហើយ ក្នុងនោះ លើកទី១ កែប្រែនៅឆ្នាំ១៩៩៤ លើកទី២ នៅឆ្នាំ១៩៩៩។
រីឯលើកទី៥ នៅឆ្នាំ២០០៦ ដើម្បីកែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាល ពី ២ភាគ៣ មកជា ៥០ភាគរយបូក១ រហូតលើកទី១០ នៅឆ្នាំ២០២២ ដែលគេមើលឃើញថា ការកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញលើកចុងក្រោយនេះ គឺបង្ហាញពីខ្លឹមសារដោយត្រង់ក្នុងការប្រគល់អំណាចឱ្យគណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី ដោយទាត់ចោលនូវការសម្រេចចិត្តរបស់ប្រធានសភាទាំងស្រុងដែលកម្ពុជាតែងអនុវត្តកន្លងមក។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ តុលា នេះថា ពិតមែនតែខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ពីគោលការណ៍អំណាចរបស់ស្ថាប័នកំពូលៗរបស់កម្ពុជា ដើម្បីឱ្យការអនុវត្តច្បាប់នានាប្រកបដោយយុត្តិធម៌ដែលនឹងនាំមកនូវសុភមង្គលសម្រាប់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែការអនុវត្តជាក់ស្តែង លោក ហ៊ុន សែន បានរំលោភទៅលើអំណាចនីតិប្រតិបត្តិ អំណាចនីតិប្បញ្ញត្តិ និងអំណាចតុលាការយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យការអនុវត្តនានាដែលមានចែងក្នុងច្បាប់កំពូលនេះ ត្រូវខកខានស្ទើរតែទាំងស្រុង។
លោក ម៉ែន ណាត ត្អូញត្អែរថា ក្រោយរដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មជាច្រើនលើកច្រើនសាចាប់តាំងពីឆ្នាំ១៩៩៤ មក បានធ្វើឱ្យបាត់បង់នូវសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ ហើយការបាត់បង់នូវសិទ្ធិអំណាចនេះ គឺដោយសារតែខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលបានកែប្រែជាបន្តបន្ទាប់មកនោះ គឺបានចែងពីការប្រគល់អំណាចឱ្យមេដឹកនាំបក្សកាន់អំណាចដែលតំណពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត នៅពេលនេះពេញទំហឹង។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ជាក់ស្តែង ការកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញលើកទី១០ កាលពីឆ្នាំ២០២២ កន្លងទៅនេះ គឺជាផែនការរបស់លោក ហ៊ុន សែន ដែលបំបិទសិទ្ធិរដ្ឋសភាក្នុងការជ្រើសតាំងសមាជិករដ្ឋសភាធ្វើជានាយករដ្ឋមន្ត្រីរបស់កម្ពុជាទាំងស្រុង។ ជាក់ស្តែង លោក ហ៊ុន ម៉ាណែត ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅពេលនេះ មិនមែនជ្រើសតាំងចេញពីរដ្ឋសភារួចហើយថ្វាយព្រះមហាក្សត្រសម្រេចទេ គឺមាត្រា១១៩ចាស់ ដែលកែប្រែថ្មី បានតម្រូវឱ្យព្រះមហាក្សត្រចាត់តាំងនាយករដ្ឋមន្ត្រីមុនការជ្រើសរើសរបស់រដ្ឋសភាតែម្តង។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានរំលោភបំពានក្រោមរូបភាពវិសោធនកម្មដើម្បីកែប្រែខ្លឹមសារដើមម្តងហើយម្តងទៀត ដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ ដែលជាសញ្ញាដ៏អាក្រក់បំផុតមួយបង្ហាញថា បក្សកាន់អំណាចកំពុងមានឥទ្ធិពលក្នុងការគ្រប់គ្រងលើស្ថាប័នជាតិទាំង ៣ របស់កម្ពុជា ដូចជា ស្ថាប័នរដ្ឋសភា ស្ថាប័នតុលាការ និងស្ថាប័នរដ្ឋាភិបាល តាមអំពើចិត្តដែលដូចគ្នាទៅនឹងក្រុមប្រទេសផ្ដាច់ការដែលតែងអនុវត្តបែបនេះក្នុងការដឹកនាំរបស់ពួកគេតាំងពីអតីតកាលមក៕