28 C
Phnom Penh

បក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​វិញ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ទៅ​អាជ្ញាធរ​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ​ខ្មែរ​ដែល​កំពុង​ជាប់​ពន្ធនាគារ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ពួកគេ​បាន​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ៧០​នាក់​កំពុង​ជាប់​ឃុំ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា បើ​ទោះជា​ត្រូវ​លះបង់​សិទ្ធិ​សេរីភាព​យ៉ាង​ធំធេង​ដោយ​ត្រូវ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​យ៉ាងណា​ក៏ដោយ ក៏​អ្នកទោស​មនសិការ​ទាំងអស់​នៅតែ​បន្ត​ភាព​ក្លាហាន ភាព​អត់ធ្មត់ និង​ភាព​ស្មោះត្រង់​ចំពោះ​គណបក្ស​ភ្លើង​ទៀន និង​ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌ សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។

គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ជាប់​ពន្ធនាគារ ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​បាន​ជួបជុំ​ក្រុម​គ្រួសារ ពិសេស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ប្រពៃណី​នៃ​ការ​ជួបជុំ​ក្រុម​គ្រួសារ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​តាំងពី​បុរាណ​រៀង​មក។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ៧០​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ដាក់​ពន្ធនាគារ​ក្រោម​ការ​ចោទប្រកាន់​ពី​តុលាការ ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់»។

ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ទាំងនោះ​រួម​មាន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា រួម​ទាំង​សកម្មជន​ផ្សេងៗ​ដែល​ទើប​ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​ហេតុផល​ថា ពួកគេ​ធ្វើ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត ជាដើម។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ចាត់ទុក​ការ​អំពាវនាវ​របស់​គណបក្ស​ភ្លើង​ទៀន ថា​ជា​រឿង​ល្អ ហើយ​ជា​ផ្លូវ​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​ណា​មួយ​នា​ពេល​ខាងមុខ។ ដូច្នេះ លោក​ថា​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត គួរតែ​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​មេដឹកនាំ និង​សកម្មជន​គណបក្ស​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ ឬ​ពន្ធនាគារ ព្រមទាំង​ជាប់​បម្រាម​នយោបាយ​ទាំងអស់ ជាជាង​ដើរ​ទាក់​ម៉ូយ​រក​អ្នក​វិនិយោគ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ថា អ្នក​វិនិយោគ​នឹង​ចូល​មក​រកស៊ី​នៅ​កម្ពុជា​វិញ ដោយ​មិន​ចាំបាច់​ដើរ​ទាក់​ម៉ូយ​ទេ បើ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មិន​អាក្រក់​ដូច​បច្ចុប្បន្ន ដោយ​ការ​វិល​មក​ស្ដារ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​លុប​បំបាត់​អំពើពុករលួយ ជាដើម។

លោក ម៉ែន ណាត ថា​បើសិនជា​លោក ហ៊ុន ម៉ាណែត ហ៊ាន​ធ្វើ​រឿង​នេះ សូម្បីតែ​ប្រព័ន្ធ EBA របស់​អឺរ៉ុប អាច​នឹង​ទទួល​បាន​វិញ​ទាំងស្រុង ខណៈ​អាមេរិក​នឹង​ពិចារណា​ផ្ដល់​អត្ថប្រយោជន៍​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណា​មួយ​មក​ដល់​កម្ពុជា​វិញ។

លោក​អំពាវនាវ​ទៅ​លោក ហ៊ុន ម៉ាណែត ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​អ្នក​នយោបាយ ហើយ​បើក​ឱកាស​ឲ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​បក្ស​ផ្សេងៗ​ទៀត​ចូលរួម​ធ្វើ​សកម្មភាព​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​គណបក្ស​កាន់​អំណាច។

លើស​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​កែសម្រួល​ច្បាប់​ដែល​លោក ហ៊ុន សែន ជា​ឪពុក​របស់​លោក​បាន​ធ្វើ​កន្លងមក ដែល​បាន​បំបិទ​សិទ្ធិ​សេរីភាព​អ្នក​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស ជាដើម ដើម្បី​សម្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស