អង្គការសហប្រជាជាតិ បានបញ្ចេញរបាយការណ៍អំពីសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលចូលដល់ថ្ងៃទី៤ នៅថ្ងៃអង្គារ ទី១០ ខែតុលា។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រជាជនជិតដល់ ២០០០០០នាក់បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៊ីស្រាអែលឆ្លើយតបវិញតាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងស្រោចលើតំបន់នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា។
យោងតាមប្រភពព័ត៌មានដដែលនេះ ទីភ្នាក់ងារមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ចំនួនជនភៀសខ្លួនបានកើនឡើងយ៉ាងគំហុកនៅទូទាំងតំបន់ Gaza Strip ដែលតួលេខបានបន្តកើនដល់លើស ១៨៧៥០០នាក់ហើយចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ហើយពួកគេភាគច្រើនកំពុងតែជ្រកកោននៅតាមសាលារៀនរបស់អង្គការសហប្រជាជាតិ។
បើតាមរបាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ តួលេខនេះត្រូវបានរំពឹងថានឹងបន្តកើនឡើងថែមទៀត ព្រោះអ៊ីស្រាអែល នៅបន្តបើកការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរមកលើតំបន់ Gaza។
ជាមួយគ្នានេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានលើកឡើងផងដែរថា ការប្រកាសដាក់វិធានការបិទខ្ទប់ទាំងស្រុងរបស់អ៊ីស្រាអែល លើតំបន់ Gaza Strip ដែលកាត់ផ្ដាច់អគ្គិសនី ស្បៀងអាហារ ទឹក និងឥន្ធនៈ ដែលជាការហាមឃាត់ក្រោមច្បាប់អន្តរជាតិ ព្រោះវាបង្កការគំរាមកំហែងដល់អាយុជីវិតជនស៊ីវិល។
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres ថ្លែងថា លោកព្រួយបារម្ភជាខ្លាំងដោយសារការប្រកាសរបស់អ៊ីស្រាអែល នៅក្នុងការវាយក្តោបក្តាប់ទាំងស្រុងលើតំបន់ហ្កាហ្សា។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ ស្ថានភាពមនុស្សធម៌នៅតំបន់ Gaza មានភាពយ៉ាប់ខ្លាំង គឺមុនពេលការប្រយុទ្ធគ្នា ហើយបច្ចុប្បន្ននេះវានឹងកាន់តែយ៉ាប់ខ្លាំងជាងមុនទៀត។
លោកបានថ្លែងដូច្នេះបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានថ្លែងថា លោកបានបញ្ជាឱ្យមានការកាត់ផ្ដាច់ចរន្តអគ្គិសនី និងការចែកចាយម្ហូបអាហារ ប្រេងសាំង និងសម្ភារៈផ្សេងៗទៀតទៅកាន់តំបន់នេះ។
លោក Gueterres បានស្នើសុំឱ្យអង្គការសហប្រជាជាតិទទួលបានការអនុញ្ញាតក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនប្រមាណ ២លាន ៣សែននាក់នៅក្នុងតំបន់ Gaza។ លោកបានជំរុញឱ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្រជាបន្ទាន់ដល់កិច្ចប្រឹងប្រែងផ្នែកមនុស្សធម៌នេះ។
យ៉ាងណា ការប្រយុទ្ធគ្នានៅតែបន្ត តែភាគីអ៊ីស្រាអែល បានឱ្យដឹងថា សាកសពប្រហែលជា ១៥០០នាក់ គឺជនសកម្មប្រយុទ្ធរបស់ក្រុម Hamas ត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល ក្បែរតំបន់ Gaza។
អ្នកនាំពាក្យសម្រាប់កងទ័ពអ៊ីស្រាអែល លោក Richard Hecht បានប្រាប់អ្នកសារព័ត៌មានថា នាពេលនេះ កងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែល បានស្ដារការគ្រប់គ្រងឡើងវិញហើយនៅតំបន់ព្រំប្រទល់ជាប់តំបន់ Gaza។
នៅពេលនេះដែរ មេដឹកនាំសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស បានសន្យាគាំទ្រអ៊ីស្រាអែល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារខ្លួនឯង ដែលឆ្លើយតបនឹងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយពីសំណាក់ក្រុម Hamas។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំប្រទេសទាំង ៥ នេះ ត្រូវបានចេញផ្សាយដោយសេតវិមាន។ ក្នុងសេចក្ដីថ្លែងការណ៍នេះ មេដឹកនាំទាំង ៥ប្រទេសនេះ ក៏បានលើកឡើងដែរថា ពួកគេទទួលស្គាល់នូវភាពស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ប៉ុន្តែក្រុម Hamas ដែលមិនបានផ្ដល់ភាពសុខសាន្តអ្វីទាល់តែសោះសម្រាប់ប្រជាជនប៉ាឡេស្ទីន ក្រៅតែពីបង្កនូវការបង្ហូរឈាម។
បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ចំនួនអ្នកស្លាប់នៅក្នុងការប្រយុទ្ធគ្នាមកទល់នឹងពេលនេះ ប្រជាជននៃប្រទេសទាំងពីរដែលបាត់បង់ជីវិតបានកើនដល់ជាង ១៦០០នាក់៕