29 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ផ្ទេរ​និង​តែងតាំង​មុខតំណែង​ប្រធាន​និង​ចៅក្រម មិន​បាន​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ផ្ទេរ និង​តែងតាំង​មុខតំណែង​ប្រធាន អនុប្រធាន និង​ចៅក្រម​ថ្មីៗ​នេះ មិន​បាន​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ឡើយ ទោះបី​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី​ក៏ដោយ ព្រោះ​ថា​ប្រព័ន្ធ​ដឹកនាំ​នៅតែ​ស្ថិត​ក្រោម​ការ​ក្តោប​ក្តាប់​របស់​លោក ហ៊ុន សែន ដដែល។

ការ​លើកឡើង​នេះ បន្ទាប់ពី​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្ទេរ​លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​អនុប្រធាន​តុលាការ​កំពូល​វិញ ខណៈ​ចៅក្រម​ជិត ៥០​រូប​ត្រូវ​បាន​តែងតាំង និង​ផ្ទេរ​មុខតំណែង។

ក្នុង​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​ផ្ទេរ និង​តែងតាំង​មុខតំណែង​ប្រធាន អនុប្រធាន និង​ចៅក្រម​ចំនួន ៤៨​នាក់។

ប្រធាន អនុប្រធាន និង​ចៅក្រម​ចំនួន ៤៨​រូប ក្នុង​នោះ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល ហើយ​ប្រធាន គឺ​លោក ជីវ កេង ខណៈ​លោក ប្លង់ សំណាង ចៅក្រម​សាលា​ឧទ្ធរណ៍​ត្រូវ​បាន​ផ្ទេរ​ទៅ​ជា​ចៅក្រម​តុលាការ​កំពូល។

ចំណែក​ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក ងួន ណារ៉ា ត្រូវ​បាន​ផ្ទេរ​មក​ធ្វើ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ហើយ​លោក ធាម ច័ន្ទពិសិដ្ឋ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្រៅពី​ផ្ទេរ និង​តែងតាំង​ប្រធាន និង​អនុប្រធាន​ខាងលើ​នេះ ប្រធាន និង​ចៅក្រម​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ផ្ទេរ និង​តែងតាំង​ដែរ។

ការ​ផ្ទេរ និង​តែងតាំង​មុខតំណែង​ប្រធាន អនុប្រធាន និង​ចៅក្រម​ចំនួន ៤៨​នាក់​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត លើកឡើង​ថា ការ​ផ្ទេរ និង​តែងតាំង​មុខតំណែង​ប្រធាន អនុប្រធាន និង​ចៅក្រម​នា​ពេលនេះ មិន​បាន​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ឡើយ ផ្ទុយ​ទៅវិញ​វា​ជា​សេណារីយ៉ូ​ដែល​លោក ហ៊ុន សែន រៀបចំ​´​ឲ្យ​បម្រើ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

ដូច្នេះ លោក​ថា​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួល​អយុត្តិធម៌​ដោយ​ប្រព័ន្ធ​តុលាការ​ពេល​កន្លងមក គឺ​នៅ​តែ​បន្ត​ទទួល​រង​អយុត្តិធម៌​ដដែល ទោះបី​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី​ក៏ដោយ ព្រោះ​ថា​ប្រព័ន្ធ​ដឹកនាំ គឺ​នៅតែ​ស្ថិត​ក្រោម​ការ​ក្តោប​ក្តាប់​របស់​លោក ហ៊ុន សែន ដដែល។

កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ចៅក្រម​ចំនួន ៤៨​រូប​ត្រូវ​បាន​ផ្ទេរ និង​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​ខេត្ត ចៅក្រម​សាលា​ឧទ្ធរណ៍​ខេត្ត និង​រាជធានី​ភ្នំពេញ ប្រធាន​សាលាដំបូង​ខេត្ត និង​អនុប្រធាន​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ។

ចំណោម​ចៅក្រម​ជិត ៥០​រូប​នេះ​មាន​អតីត​ចៅក្រម​សាលាដំបូង​រាជធានី​ចំនួន ៤​រូប​ធ្លាប់​ដឹកនាំ​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​សកម្មជន​បក្ស​ប្រឆាំង​ផង​ដែរ។ ចៅក្រម​ទាំង ៤​រូប​នោះ​មាន​លោក រស់ ពិសិដ្ឋ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​រតនគិរី លោក អ៊ឹម វណ្ណៈ និង​លោក ឃុន សូណា ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​សាលា​ឧទ្ធរណ៍​ភ្នំពេញ និង​លោកស្រី​ចៅក្រម ជុំ សង្វា ត្រូវ​បាន​ផ្ទេរ​មក​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ។

លោក​ចៅក្រម រស់ ពិសិដ្ឋ និង​លោក​ចៅក្រម អ៊ឹម វណ្ណៈ ធ្លាប់​ដឹកនាំ​សវនាការ​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​អំឡុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០។ លោក​ចៅក្រម អ៊ឹម វណ្ណៈ ក៏​ធ្លាប់​ដឹកនាំ​សវនាការ​លើ​សំណុំរឿង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផង​ដែរ។

ចំណែក​លោក ឃុន សូណា ធ្លាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ និង​ជន​ជាប់ចោទ ១២​នាក់​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ស្នាម​មេដៃ។

ចំណែក​លោកស្រី ជុំ សង្វា ជា​ចៅក្រម​នៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ត្រូវ​បាន​ផ្ទេរ​មក​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ។ លោកស្រី ជុំ សង្វា ធ្លាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ផង​ដែរ​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

របាយការណ៍​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) ឆ្នាំ​២០២២ បាន​ដាក់​កម្ពុជា​នៅ​ចំណាត់ថ្នាក់​លេខ​១៣៩ ក្នុង​ចំណោម​១៤០ គឺ​នៅ​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) តែ​មួយ​គត់។ ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ដែល​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ប្រព័ន្ធ​យុត្តិធម៌​ធ្ងន់ធ្ងរ។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក បាន​វាយតម្លៃ​ដូច្នេះ​តាមរយៈ​ការ​សិក្សា ​និង​វាយតម្លៃ​ដោយ​ផ្អែក​លើ​ការ​ស្ទង់មតិ​ប្រចាំ​ឆ្នាំ​ថ្នាក់​ជាតិ​លើ​ក្រុម​គ្រួសារ​ជិត ១៤​ម៉ឺន​គ្រួសារ (១៣៨០០០​គ្រួសារ) និង​អ្នក​អនុវត្ត​ច្បាប់ ព្រមទាំង​អ្នកជំនាញ​ចំនួន ៤២០០​នាក់​នៅ​ជុំវិញ​ពិភពលោក។

ការ​វាយតម្លៃ​នោះ​ទៀតសោត ផ្អែក​ទៅ​លើ​ចំណុច​ជា​ធាតុ​ផ្សំ​របស់​នីតិរដ្ឋ​ចំនួន ៨ រួម​មាន​ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុបបំបាត់​អំពើពុករលួយ រដ្ឋាភិបាល​បើក​ទូលាយ សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់ និង​សន្តិសុខ ការ​អនុវត្ត​បទប្បញ្ញត្តិ យុត្តិធម៌​ផ្នែក​រដ្ឋប្បវេណី និង​យុត្តិធម៌​ព្រហ្មទណ្ឌ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស