29 C
Phnom Penh

លោក ហ៊ុន សែន ត្អូញត្អែរ​ថា​លោក​រងគ្រោះ​ដោយសារ​ការ​ប្រើ iPhone 15 ចំនួន​៤​គ្រឿង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ត្អូញត្អែរ​ថា លោក​រងគ្រោះ​ដោយសារតែ iPhone 15 ដែល​លោក​កំពុង​ប្រើ​ចំនួន ៤​គ្រឿង​នា​ពេល​បច្ចុប្បន្ន​នេះ ពីព្រោះ​វា​ពិបាក​ប្រើ មិន​ដូច iPhone 14, 13, 12 នោះ​ទេ ដូច្នេះ​លោក​សម្រេច​ចិត្ត​ផ្អាក​ប្រើ​ទូរសព្ទ iPhone 15 ទាំង ៤​គ្រឿង បើ​ទោះបីជា​ទូរសព្ទ iPhone 15 ទើប​ចេញ​ថ្មី​ក៏ដោយ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៦ ខែ​តុលា ដោយ​រៀបរាប់​ថា ការ​សម្រេច​ផ្អាក​ប្រើ​ទូរសព្ទ iPhone 15 ពីព្រោះ​វា​ជា​ប្រភេទ​ទូរសព្ទ​ដែល​លំបាក​ប្រើ​បំផុត​ដោយ​មិន​ដូច iPhone 14, 13, 12 ឡើយ។

លោក ហ៊ុន សែន ស្នើ​ទៅ​ក្រុមហ៊ុន iPhone ជួយ​រក​វិធី​សម្រួល​ដើម្បី​កុំ​ឲ្យ​អ្នក​ប្រើប្រាស់​ទូរសព្ទ iPhone 15 ទទួល​រងគ្រោះ​ដូច​លោក​បច្ចុប្បន្ន។

សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មយូរា ទឹកកក រិះគន់​ថា លោក ហ៊ុន សែន គ្រាន់តែ​ទូរសព្ទ iPhone ស៊េរី​ទំនើប ពិបាក​ប្រើ ចាត់ទុក​ថា​លោក​ជា​ជន​រងគ្រោះ​ទៅ​ហើយ ចុះ​ទម្រាំ​ពលរដ្ឋ​ដែល​ត្រូវ​អ្នក​មាន​អំណាច​រំលោភ​យក​ដី ហើយ​អ្នក​នយោបាយ​ជាប់​គុក​រាប់​ឆ្នាំ​ទាំង​គ្មាន​កំហុស​ផង​នោះ ហេតុ​អ្វី​បាន​ជា​មិន​ចាត់ទុក​ពួកគាត់​ទាំងនោះ​ថា​ជា​ជន​រងគ្រោះ​ផង​ទៅ។

ក្រៅពី​ទូរសព្ទ iPhone 15 ហើយ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ក៏​តែងតែ​សម្ញែង​នាឡិកា​ដៃ​របស់​លោក​ផង​ដែរ ដោយ​នាឡិកា​នេះ​ត្រូវ​បាន​គេ​ដឹង​ថា យ៉ាងហោច​ណាស់​មាន​តម្លៃ​រហូត​ទៅ​ជាង ២០​លាន​ដុល្លារ។

កាលពី​ឆ្នាំ​២០២០ បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​ឈ្មោះ​ថា វ៉ាយស៍ (VICE) បាន​ចេញ​ផ្សាយ​អត្ថបទ​ដ៏​លម្អិត​មួយ​ថា ប្រភេទ​នាឡិកា​ដៃ​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​នេះ មិនមែន​ជា​ផលិតផល​សម្រាប់​អតិថិជន​ធម្មតា​ដែល​នរណាៗ​ក៏​អា​ចរក​ទិញ​បាន​នោះ​ទេ។

សារព័ត៌មាន​អន្តរជាតិ​ដដែល​បញ្ជាក់​ថា នាឡិកា​ដៃ​លោក ហ៊ុន សែន ពាក់​នោះ​សុទ្ធតែ​ត្រូវ​បាន​ផលិត​ទៅ​តាម​ការ​បញ្ជា​ទិញ ដែល​ត្រូវ​កក់​ប្រាក់​ទុក​ជា​មុន​ពី​សំណាក់​អតិថិជន​លំដាប់ វីអាយភី «VIP» មួយ​ចំនួន ដែល​សុទ្ធសឹងតែ​ជា​មហាសេដ្ឋី តារា​ល្បីៗ​លំដាប់​ពិភពលោក ពួក​សប្បុរសធម៌​ជា​អ្នក​លេង និង​សម្រាប់​បុរស​ខ្លាំង​ខាង​ប្រើ​អំណាច​ផ្ដាច់ការ​ដែល​ដឹកនាំ​ប្រទេស​ក្រីក្រ​នៅ​លើ​ពិភពលោក។

ទូរសព្ទ iPhone 15 ចេញ​ថ្មី​នេះ​មាន​តម្លៃ​ជិត ១៥០០​ដុល្លារ​ក្នុង​មួយ​គ្រឿង ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស