ពលរដ្ឋខ្មែរនៅក្រៅស្រុកដែលមកពីបណ្តាប្រទេសផ្សេងៗលើសកលលោក ប្រកាសជួបជុំគ្នាដើម្បីប្រារព្ធខួបលើកទី៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ១៩៩១ (Paris Peace Accords) នៅឯសមាគមខ្មែររដ្ឋអ៊ីល្លីណយ (Cambodian Association Illinois) ដែលហៅកាត់ថា CAI លើទឹកដីសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ។
សមាគមខ្មែរនៅក្រៅស្រុកជាច្រើន ដូចជា ក្រុមប្រឹក្សា ២៣តុលា (23 October Council) សមាគមខ្មែររដ្ឋអ៊ីល្លីណយ (Cambodian Association Illinois) សហព័ន្ធខ្មែរអូស្ត្រាលី (Cambodian Australian Federation) សមាគមសង្គ្រោះកម្ពុជា (Save Cambodia) និងសមាគមខ្មែរនៅក្រៅស្រុកជិត ២០ស្ថាប័នផ្សេងទៀត បានចេញសេចក្តីជូនដំណឹងរួមគ្នានៅថ្ងៃទី១៧ តុលា នេះថា ពួកគេនឹងប្រារព្ធខួបលើកទី៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ១៩៩១ នៅក្នុងទីតាំងសមាគមខ្មែររដ្ឋអ៊ីល្លីណយ ស្ថិតនៅវិថី 2831 W Lawrence Ave ទីក្រុងឈីកាកូ (Chicago) រដ្ឋអ៊ីល្លីណយ (IL 60625) នៅចុងសប្តាហ៍នេះ។
ក្រុមសមាគមខ្មែរនៅក្រៅស្រុកខាងលើបញ្ជាក់ថា កម្មវិធីប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ១៩៩១ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃសុក្រ ទី២០ វេលាម៉ោង ៨ព្រឹករហូតដល់ម៉ោង ៥ល្ងាច និងថ្ងៃសៅរ៍ ទី២១ ចាប់ផ្តើមពីវេលាម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
ប្រភពដដែលបញ្ជាក់ថា ក្នុងពេលជាមួយគ្នានេះ សមាគមខ្មែររដ្ឋអ៊ីល្លីណយ (Cambodian Association Illinois) ដែលហៅកាត់ថា CAI ក៏នឹងប្រារព្ធខួបលើក ៤៨ឆ្នាំរបស់ខ្លួននៅយប់ថ្ងៃសៅរ៍ ទី២១ ខែតុលា នេះផងដែរ ដោយចាប់ផ្តើមកម្មវិធីពីម៉ោង ៧យប់រហូតដល់ពាក់កណ្តាលអាធ្រាត្រ ដោយមានការសម្ដែងរបាំប្រពៃណីខ្មែរផងដែរ។ ដោយឡែកនៅថ្ងៃអាទិត្យ ទី២២ ក៏មានដំណើរកម្សាន្តនៅទីក្រុងឈីកាកូ (Tour of Chicago) ថែមទៀត។
ការប្រកាសប្រារព្ធរំលឹកខួបលើកទី៣២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ធ្វើឡើងក្នុងបំណងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងអន្តរជាតិនេះឱ្យខ្ជាប់ខ្ជួនឡើងវិញ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយស្ដីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលបំណងឈានទៅរកការរៀបចំឲ្យមានសន្តិភាពឡើងវិញនៅកម្ពុជា និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ដើម្បីការពារអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិរបស់កម្ពុជាទាំងមូល។
កម្ពុជាស្ថិតក្រោមការដឹកនាំរបស់បុរសខ្លាំងក្រាញអំណាចតត្រកូល លោក ហ៊ុន សែន ត្រូវគេមើលឃើញថា មេដឹកនាំខ្មែរដែលត្រូវកងទ័ពវៀតណាមលើកបន្តុបរូបនេះបានប្រើអំណាចហួសដែនកំណត់ រំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលជាង ៣ទសវត្សរ៍មកនេះ។
ជាងនេះទៀត ជារឿយៗ គេតែងឃើញ និងឮគ្រប់ៗគ្នានៅតាមវេទិកាសាធារណៈ លោក ហ៊ុន សែន តែងអះអាងជាច្រើនលើកច្រើនសាដដែលៗថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានស្លាប់ជាខ្មោចបាត់ហើយ ព្រោះថាធាតុសំខាន់ៗនៃកិច្ចព្រមព្រៀងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអស់ហើយ។ ម្យ៉ាងវិញទៀត ភាគីខ្មែរក្រហមដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ក៏បានរលំរលាយ និងសហភាពសូវៀតដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះដែរនោះ ក៏បានរលំរលាយផងដែរ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ តុលា នេះថា ការលើកស្ទួយឱ្យមានការគោរព និងអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាស្មារតីលើកស្ទួយការអនុវត្តច្បាប់ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋរបស់កម្ពុជា។
លោកបន្ថែមថា ជនដែលប្រព្រឹត្តទង្វើរំលោភបំពានកិច្ចព្រមព្រៀងមួយនេះ គឺជាជនដែលបំផ្លាញសន្តិភាព និងឯករាជ្យជាតិរបស់កម្ពុជាយ៉ាងពិតប្រាកដ ហើយទង្វើបែបនេះក៏បង្ហាញឲ្យឃើញដែរថា អ្នកទាំងនោះគឺជាជនដែលបំផ្លាញនីតិរដ្ឋ និងបំបែកបំបាក់ផ្ទៃក្នុងនយោបាយជាតិរបស់កម្ពុជាកាន់តែធ្ងន់ធ្ងរថែមទៀត។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា បើត្រឹមតែលក្ខខណ្ឌថាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមួយចំនួនបែកបាក់ ឬលែងមានវត្តមានលើផែនដីនេះ ហើយចាត់ទុកថាកិច្ចព្រមព្រៀងនេះស្លាប់បាត់ដែរនោះ គឺជារឿងខុសស្រឡះ ព្រោះថាច្បាប់ដែលបង្កើតឡើងហើយ ទោះអ្នកបង្កើតច្បាប់នោះបានស្លាប់បាត់ ក៏ច្បាប់នោះនៅតែធរមានដដែល តួយ៉ាងដូចជារដ្ឋធម្មនុញ្ញរបស់កម្ពុជា ជាដើម ទោះស្ថាបនិកខ្លះបានអវត្តមានពីលើលោកនេះ ប៉ុន្តែច្បាប់នេះនៅតែធរមានដដែល។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងឆ្នាំ២០២២ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក អិត ម៉ាកឃី (Ed Markey) និងជាប្រធានអនុគណៈកម្មាធិការទំនាក់ទំនងបរទេស ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងថា គណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក បានយល់ព្រមជាឯកច្ឆន្ទអនុម័តសេចក្តីស្នើច្បាប់ស្តីអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាហើយ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួនដូចដែលមានចែងក្នុងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក អិត ម៉ាកឃី (Ed Markey) អំពាវនាវឱ្យពលរដ្ឋខ្មែរអាមេរិកាំង និងពលរដ្ឋខ្មែរគ្រប់រូប ពួតដៃគ្នាបន្តទៀតដើម្បីអនាគតកម្ពុជា ក្នុងការទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបន្តគោរព និងរក្សាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឱ្យបានត្រឹមត្រូវដូចបំណងនៃកិច្ចព្រមព្រៀងនេះចង់បាន៕