29 C
Phnom Penh

កម្ពុជា-ឡាវ​ប្ដេជ្ញា​គាំទ្រ​ផែនការ​ប្រទេស​បី​គោលដៅ​តែ​មួយ​ដើម្បី​ជំរុញ​កំណើន​ទេសចរ​កម្ពុជា-ឡាវ-វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ប្រមុខ​សាធារណរដ្ឋ​ប្រជាមានិត​រដ្ឋ​ឡាវ លោក ថងលុន ស៊ីសូលីត ប្ដេជ្ញា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ត្រីភាគី​កម្ពុជា ឡាវ និង​វៀតណាម ដែល​មាន​ន័យ​ថា​ប្រទេស​បី​មាន​គោលដៅ​តែ​មួយ (Three Countries One Destination) ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​បី​ឱ្យ​កាន់តែ​មាន​កំណើន​ខ្ពស់។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ លោក ថងលុន ស៊ីសូលីត អំឡុង​ពេល​ចូលរួម​វេទិកា «ខ្សែក្រវាត់ និង​ផ្លូវ» នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន អំពី​គំនិត​ផ្ដួចផ្ដើម​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​តាមរយៈ​នៃ​ការ​ដាក់​ចេញ​នូវ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ត្រីភាគី កម្ពុជា ឡាវ និង​វៀតណាម ដែល​ត្រូវ​ត​ភ្ជាប់​ជើងហោះហើរ​ដោយ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​វៀងច័ន្ទន៍ និង​ពី​ទីក្រុង​វៀងច័ន្ទន៍ ទៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ នេះ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រធាន​រដ្ឋ​ឡាវ សម្ដែង​នូវ​ការ​សាទរ​ចំពោះ​សមិទ្ធផល​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​នឹង​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ​២០១៩ មក។

ជាង​នេះ​ទៀត ឡាវ​ក៏​បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន ដូចជា វិស័យ​ការពារ​ជាតិ អប់រំ ថាមពល និង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ត្រីភាគី (កម្ពុជា ឡាវ វៀតណាម) «ប្រទេស​បី គោលដៅ​តែ​មួយ (Three Countries One Destination)» ផង​ដែរ។

កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​បី កម្ពុជា ឡាវ និង​វៀតណាម នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា វៀតណាម​កំពុង​រៀប​ប្រទេស​ទាំង​បី​ឱ្យ​ទៅ​ជា​ប្រទេស​តែ​មួយ ដើម្បី​ឱ្យ​វៀតណាម​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ទៅ​ថ្ងៃ​មុខ។

លោក ហ៊ុន ម៉ាណែត ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​វៀតណាម ដោយ​បាន​ពិភាក្សា​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​នានា​រវាង​ប្រទេស​ទាំង​បី គឺ​កម្ពុជា វៀតណាម ឡាវ។ ក្នុង​ជំនួប​នោះ មេដឹកនាំ​វៀតណាម ក៏​បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ត​យកចិត្ត​ទុកដាក់​បង្កើត​លក្ខខណ្ឌ​កាន់តែ​ងាយស្រួល​សម្រាប់​សហគមន៍​វៀតណាម​នៅ​កម្ពុជា​ផង​ដែរ ទាំង​ក្នុង​ការ​រស់នៅ ការ​ធ្វើ​ការងារ ព្រមទាំង​ដោះស្រាយ​បញ្ហា​ឯកសារ​ផ្លូវ​ច្បាប់​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត សម្រាប់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ ខណៈ​លោក ហ៊ុន ម៉ាណែត ក៏​មិន​បាន​បដិសេធ​នឹង​សំណើ​នេះ​ដែរ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​សម័យ​ថ្មី​ដែល​បន្ត​វេន​ពី​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ នឹង​ខិតខំ​ប្រែ​ក្លាយ​កម្ពុជា វៀតណាម និង​ឡាវ ឱ្យ​ទៅ​ជា​ប្រទេស​តែ​មួយ ប៉ុន្តែ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម នា​ពេល​អនាគត។

លោក អ៊ុំ សំអាន លើកឡើង​ជា​ការ​ប្រៀបធៀប​ថា ស្លឹកឈើ​ពិត​ជា​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន ដែល​លោក​ចង់​មាន​ន័យ​ថា លោក ហ៊ុន ម៉ាណែត ដែល​បាន​បន្ត​កាន់​អំណាច​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក និង​ជា​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យ​ចំណុះ​ប្រទេស​វៀតណាម មិន​ខុស​ពី​លោក ហ៊ុន សែន ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក​នោះ​ឡើយ។

កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៣ ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ដែល​ខ្វល់ខ្វាយ​ពី​ប្រទេស​ជាតិ​ជាច្រើន​នាក់ ដូចជា បណ្ឌិត ឌី ការ៉េត ជាដើម បាន​បើក​កិច្ចប្រជុំ​មួយ​ដោយ​លើកឡើង​ពី​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​គឺជា​គណបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា តាមរយៈ​នៃ​ការ​បង្កើត​ឱ្យ​មាន​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម នៅ​ពេលនេះ។

បណ្ឌិត ឌី ការ៉េត ធ្លាប់​លើកឡើង​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម គឺ​ជា​ផែនការ​របស់​វៀតណាម ដែល​មាន​ចេតនា​បង្កប់​កងទ័ព​របស់​ខ្លួន​ឱ្យ​ចូល​ទៅ​ក្នុង​ទឹកដី​ខ្មែរ ដើម្បី​គ្រប់គ្រង​ខ្មែរ​ប៉ុណ្ណោះ ព្រោះ​ថា​តំបន់​ត្រីកោណ​នេះ គឺ​មាន​ឈ្មោះ​ដើម​ថា សហព័ន្ធ​ឥណ្ឌូចិន​វៀតណាម ប៉ុន្តែ​ក្រោយ​មក​ដោយ​ខ្លាច​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ខ្មែរ វៀតណាម​ក៏​បាន​កែ​ឈ្មោះ​មក​ជា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​វិញ ប៉ុន្តែ​នៅ​ពេលនេះ វៀតណាម​ក៏​បាន​កែ​ឈ្មោះ​បន្ថែម​ទៀត​មក​ជា​តំបន់​ត្រីកោណ ដោយ​លុប​ពាក្យ​អភិវឌ្ឍន៍​ចោល​តែម្តង។

បណ្ឌិត ឌី ការ៉េត លើកឡើង​ថា ផែនការ​របស់​វៀតណាម ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ គឺជា​ផែនការ​សម្ងាត់​របស់​លោក ហ៊ុន សែន ជាមួយ​នឹង​វៀតណាម ជា​យូរ​មក​ហើយ ព្រោះ​ថា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ត្រូវ​បាន​វៀតណាម​ដាក់​ផែនការ​ពង្រីក​បន្តិច​ម្តងៗ​តាមរយៈ​នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​នេះ ក្នុង​ពេល​ចាប់ផ្តើម​ពី​ខេត្ត​ត្រឹមតែ ២ នៅ​លើកដំបូង និង​ដាក់​ខេត្ត​ចំនួន ៤ ទៀត​ក្នុង​រយៈពេល​បន្តបន្ទាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​សង្គម​ស៊ីវិល ក្រុម​អ្នក​ឃ្លាំមើល និង​ក្រុម​អ្នកវិភាគ តែង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ជាបន្ទាន់ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​រឹងមាំ​ជា​មុន​សិន ចាំ​គិតគូរ​ពិចារណា​រឿង​ការ​អភិវឌ្ឍ​រួម​គ្នា​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ឬ​គ្រោះថ្នាក់​ធ្វើ​ឱ្យ​បាត់បង់​ព្រំដែន​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ​ទៅ​ប្រទេស​វៀតណាម​បន្ថែម​ទៀត។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ ឬ​ហៅថា CLV ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​នោះ​មាន​ខេត្ត​ចំនួន ១២ ដែល​ភាគី​នីមួយៗ​បាន​ដាក់​ខេត្ត​ចំនួន ៤ ដូច​គ្នា​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ក្នុង​នោះ​ខាង​ភាគី​កម្ពុជា បាន​ដាក់​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស