មេដឹកនាំខ្មែរដែលកំពុងក្តាប់អំណាចបញ្ជាពីលើនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បដិសេធថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនបានជួយរំលត់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត នោះទេ។
លោក ហ៊ុន សែន ដែលកំពុងក្តោបក្តាប់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជានៅក្នុងដៃ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ តុលា នេះថា សង្គ្រាមរ៉ាំរ៉ៃរបស់កម្ពុជាដែលបានឆេះឡើងរាប់រយឆ្នាំ មិនមែនបញ្ចប់ដោយកិច្ចព្រមព្រៀងសន្តិភាពប៉ារីសទេ ប៉ុន្តែត្រូវបានបញ្ចប់ដោយនយោបាយឈ្នះឈ្នះរបស់លោកប៉ុណ្ណោះនៅឆ្នាំ១៩៩៨ ដែលធ្វើឱ្យប្រទេសកម្ពុជាទាំងមូលស្គាល់នូវសន្តិភាព និងភាពសម្បូរសប្បាយរហូតដល់សព្វថ្ងៃនេះ។
ការអះអាងនេះ ធ្វើឡើងចំពេលខួបលើកទី៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កន្លងទៅនោះ។
គណបក្សសង្គ្រោះជាតិដែលមានមូលដ្ឋាននៅក្រៅស្រុក បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ថា រយៈពេល ៣២ឆ្នាំកន្លងមកនេះ គោលការណ៍គ្រឹះដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចជា សិទ្ធិមនុស្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ជាដើម មិនត្រឹមតែមិនត្រូវបានគោរព និងអនុវត្តទេ តែបែរជាត្រូវបានជាន់ឈ្លីដោយរដ្ឋាភិបាលក្រោមបង្គាប់របស់លោក ហ៊ុន សែន ទៅវិញ។
គណបក្សសង្គ្រោះជាតិ ត្អូញត្អែរថា ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ និងមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា កំពុងត្រូវបានរំលោភបំពានជាបន្តបន្ទាប់ និងរំលាយចោលទាំងស្រុងដោយមេដឹកនាំក្រាញអំណាចលោក ហ៊ុន សែន ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជាកាលពី ៦ឆ្នាំមុននោះ។
គណបក្សប្រឆាំងដែលកំពុងតស៊ូនៅក្រៅស្រុក បញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានរៀបចំការបោះឆ្នោតក្លែងក្លាយមួយ ដោយលុបបំបាត់ចោលសំឡេងប្រឆាំងជិត ២លាននាក់មិនឲ្យមានជម្រើសតាមរយៈការបំបិទគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងពិតប្រាកដថ្មីមួយនៅប្រទេសកម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមការបោះឆ្នោតនៅពេលនោះ។
គណបក្សប្រឆាំងដ៏ធំដែលត្រូវរដ្ឋាភិបាលកម្ពុជារំលាយទាំងអយុត្តិធម៌កាលពីឆ្នាំ២០១៧ អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសហត្ថលេខីទាំងអស់ដែលមានកាតព្វកិច្ចក្នុងការធានាការអនុវត្តកិច្ចព្រមព្រៀងនេះ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាធានានូវការប្ដេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិដែលមានចែងក្នុងកិច្ចសន្យាអន្តរជាតិនេះ ដើម្បីស្ដារប្រជាធិបតេយ្យ និងធានាអព្យាក្រឹតភាព និងឯករាជភាពរបស់ប្រទេសកម្ពុជាស្របតាមស្មារតីនៃកិច្ចព្រមព្រៀងនេះឡើងវិញ។
យ៉ាងណាក៏ដោយ មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបលោក ហ៊ុន សែន តែងអះអាងដដែលៗថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានស្លាប់ជាខ្មោចបាត់ទៅហើយ ព្រោះថាភាគីខ្មែរក្រហម និងសហភាពសូវៀតដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ បានរលំរលាយអស់ហើយ ដូច្នេះបើចង់ឱ្យកិច្ចព្រមព្រៀងនេះរស់ឡើងវិញ ទាល់តែឱ្យភាគីខ្មែរក្រហមរស់ឡើងវិញដែរ។
បែបនេះក្តី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ តំណាងសមាគម សហគមន៍ សហព័ន្ធសហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានប្រារព្ធពិធីអបអរសាទរខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ក្រោមប្រធានបទ«លើកកម្ពស់ស្មារតី និងកាតព្វកិច្ចរបស់ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នៅទីលានប្រជាធិបតេយ្យថ្មីដែលមានអ្នកចូលរួមប្រមាណ ១០០០នាក់ ដើម្បីបង្ហាញថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានជីវិត និងនៅតែធរមាននៅឡើយ។
ចំណែកអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ តុលា នេះដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសុពលភាពរស់រវើកមកដល់បច្ចុប្បន្ននេះ ដូច្នេះសមាជិកហត្ថលេខីទាំងអស់មានកាតព្វកិច្ចជំរុញរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងនេះឱ្យបានខ្ជាប់ខ្ជួនជារៀងរហូត។
លោក សម រង្ស៊ី បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាសន្ធិសញ្ញាអន្តរជាតិមួយ ហើយក៏ជាមូលដ្ឋានច្បាប់ដើម្បីធានាឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពដែរ ក្នុងបំណងដើម្បីឱ្យប្រជារាស្ត្រខ្មែរបានស្គាល់សេរីភាព និងយុត្តិធម៌ ក្រោមរបបមួយដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពេញលេញ និងពិតប្រាកដ។
ដោយឡែកគណបក្សកម្លាំងជាតិ ក៏បានចេញលិខិតអបអរសាទរខួបលើកទី៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា នេះដែរថា គណបក្សកម្លាំងជាតិ មើលឃើញថា ភាគីពាក់ព័ន្ធមួយចំនួនមិនទាន់អនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញនៅឡើយទេ ព្រោះថាសព្វថ្ងៃនេះ ប្រទេសកម្ពុជាមិនទាន់មានឯកភាពជាតិ និងប្រជាធិបតេយ្យសេរីពិតប្រាកដនៅឡើយ ដែលកំពុងកើតមាននូវការរំលោភសិទ្ធិមនុស្ស និងភាពអយុត្តិធម៌សង្គមសព្វថ្ងៃនេះ។
គណបក្សកម្លាំងជាតិ ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកលំហប្រជាធិបតេយ្យឱ្យកាន់តែទូលំទូលាយ ធានានូវការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ និងលើកទឹកចិត្តឱ្យមានការសន្ទនាសម្របសម្រួលដោះលែងមេដឹកនាំ និងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនដីធ្លី និងសកម្មជនបរិស្ថាន ដើម្បីឱ្យមានការឯកភាពជាតិពិតប្រាកដ ឈានទៅរកការរួបរួមគ្នាបម្រើការពារផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងនេះទៅថ្ងៃមុខ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយស្ដីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ដែលបានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ គោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិកម្ពុជា ដែលនៅតែមានសុពលភាព ហើយប្រទេសហត្ថលេខីមិនអាចបដិសេធនឹងកាតព្វកិច្ចនានារបស់ខ្លួនដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះឡើយ៕
© 2023, . All rights reserved.