នាយករដ្ឋមន្ត្រីតពូជថ្មី លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយរូបលោក បានដាក់ចេញនូវគោលនយោបាយតាំងពីថ្ងៃទី១ នៅក្នុងសភា ខណៈរដ្ឋាភិបាលខ្លះរង់ចាំរយៈពេល ១០០ថ្ងៃក្រោយបោះឆ្នោត ទើបមានគោលនយោបាយដាក់ចេញ។
ការអះអាងរបស់នាយករដ្ឋមន្ត្រីថ្មី ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ។
លោក ហ៊ុន ម៉ាណែត បានអួតថា រាជរដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយរូបលោក បានដាក់ចេញនូវគោលនយោបាយភ្លាមៗនៅចំពោះមុខរដ្ឋសភាកាលពីថ្ងៃទី២២ ខែសីហា ដោយមិនរង់ចាំរយៈពេល ១០០ថ្ងៃដូចរដ្ឋាភិបាលខ្លះដែលលោក ហ៊ុន ម៉ាណែត ថាមានតែទ្រឹស្ដីនោះទេ។
លោកថា រដ្ឋាភិបាលខ្លះក្រោយបោះឆ្នោតរយៈពេល ៩០ថ្ងៃ ទើបមានគោលនយោបាយដាក់ចេញ ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយរូបលោកវិញ គឺដាក់ចេញតាំងពីថ្ងៃទី១ មកម្ល៉េះ។
លោកអះអាងថា ថ្ងៃទី១ នៅក្នុងសភា លោកបានអានគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើជាបន្ទាន់ ជាពិសេសគោលនយោបាយកម្មវិធី ៦ចំណុចដែលត្រូវអនុវត្តដើម្បីតម្រូវការរបស់ពលរដ្ឋ ប៉ុន្តែបើសិនជាធ្វើមិនបាននោះ វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
លោក ហ៊ុន ម៉ាណែត រិះគន់ចំពោះអ្នកវិភាគដែលនិយាយថា គោលនយោបាយដែលដាក់ចេញនេះធ្វើមិនបាន និងមិនចេះដឹកនាំនោះ ថាជាអ្នកវិភាគចេះគ្រប់រឿង ខណៈគោលនយោបាយដែលដាក់ចេញនេះ លោកថាមិនមែនចេះតែសរសេរដូចអ្នកអង្គុយវិភាគនោះឡើយ។
លោកថា គោលនយោបាយរដ្ឋាភិបាលនីមួយៗមិនមែនកើតឡើងគ្រាន់តែចូល Google ហើយវាយអក្សរ និងថតចម្លង ហើយក៏មិនមែនជាការសរសេរនិក្ខេបបទដើម្បីយកឲ្យគ្រូដាក់ពិន្ទុជាប់ ឬមិនជាប់នោះដែរ។
លោក ហ៊ុន ម៉ាណែត អះអាងថា គោលនយោបាយល្អឥតខ្ចោះ បើអនុវត្តមិនបាន គ្មានប្រសិទ្ធភាព វាមិនមែនជាគោលនយោបាយល្អនោះទេ ដូច្នេះដើម្បីចងក្រងគោលនយោបាយ និងវិធានការអនុវត្ត គឺផ្អែកទៅលើមូលដ្ឋានជាក់ស្ដែងនៅលើដី និងមូលដ្ឋានទិដ្ឋភាពពិតប្រាកដនៅកម្ពុជាដោះស្រាយបញ្ហារបស់ពលរដ្ឋក្នុងស្ថានភាពបច្ចុប្បន្ន។
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily ថា លោក ហ៊ុន ម៉ាណែត បានត្រឹមតែអួត ដោយអួតជាងឪពុករបស់ខ្លួន។ លោកបន្តថា ចំពោះអ្វីដែលសល់នៅ គឺការបំផ្លាញប្រជាធិបតេយ្យ បន្តរំលោភសិទ្ធិមនុស្ស កើនអំពើពុករលួយ បក្ខពួកនិយម រំលោភអំណាច សេដ្ឋកិច្ចរបស់ពលរដ្ឋកំពុងធ្លាក់ក្នុងវិបត្តិ ចំណែកព្រំដែនកាន់តែដាច់ខ្សែ រីឯអន្តោប្រវេសន៍អាណានិគមវិញកាន់តែឡើងចាងដែរ។
លោក ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន ជាឪពុកចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយគតិមកដល់ថ្ងៃទី២៤ ខែតុលា នេះមានរយៈពេលជាង ២ខែហើយ ប៉ុន្តែលទ្ធផលផ្លែផ្កាជាក់ស្ដែងហាក់មិនទាន់មាននោះទេ ខណៈបច្ចុប្បន្នពលរដ្ឋកំពុងប្រឈមនឹងជំពាក់បំណុលវ័ណ្ឌក វិបត្តិអត់ការងារធ្វើ វិបត្តិនយោបាយ និងបញ្ហាវិវាទដីធ្លី ជាដើម នៅមិនទាន់ដោះស្រាយបាននៅឡើយ។
ក្រឡេកមកមើលរដ្ឋាភិបាលថៃ ដឹកនាំដោយលោក ស្រេតថា ថាវីស៊ីន វិញ បន្ទាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាមៗ លោកបានបន្ថយថ្លៃប្រេងសាំង និងអគ្គិសនី ព្រមទាំងសម្រេចឱ្យកសិកររបស់ខ្លួនផ្អាកសងបំណុលរយៈពេល ៣ឆ្នាំ និងអាចខ្ចីថែមដើម្បីធ្វើអាជីវកម្ម ជាដើម។ ក្រៅពីដោះស្រាយបញ្ហាពលរដ្ឋហើយ បន្ទាប់ពីជាប់ឆ្នោត លោក ស្រេតថា ថាវីស៊ីន ក៏បានទាក់ទាញក្រុមហ៊ុន Tesla, Google, Microsoft ទៅវិនិយោគនៅប្រទេសថៃ ដែលនឹងធ្វើឱ្យពលរដ្ឋថៃ រស់នៅក្នុងជីវភាពល្អប្រសើរជាងបច្ចុប្បន្នផងដែរ៕