ច្បាប់

អង្គការ​សុវណ្ណ​កុមារ​ខកចិត្ត​លើ​សមត្ថកិច្ច​ដែល​មិន​ទាន់​ចាប់​ខ្លួន​លោក អារុណ សុធា និង​បក្ខពួក​ករណី​ប្រើ​ហិង្សា​និង​រំលោភ​សេពសន្ថវៈ​កុមារ

By ឌឹ ខេមបូឌា ដេលី

October 26, 2023

អង្គការ​សុវណ្ណ​កុមារ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​សមត្ថកិច្ច​កម្ពុជា ដែល​មិនទាន់​ចាប់​ខ្លួន​អតីត​នាយក​ប្រតិបត្តិ​អង្គការ​នេះ គឺ​លោក អារុណ សុធា និង​បក្ខពួក មក​ដាក់​ពន្ធនាគារ បើ​ទោះបី​តុលាការ​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ក៏ដោយ។

ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ Sovann komar/Golden Children កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៣ បាន​សរសេរ​រៀបរាប់​ថា គិត​ចាប់តាំងពី​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​អតីត​នាយក​ប្រតិបត្តិ​អង្គការ​សុវណ្ណ​កុមារ លោក អារុណ សុធា ចំនួន ៤​ឆ្នាំ ហើយ​លោក ហ៊ុន ចិន្តា និង​អ្នកស្រី ថៃ ស៊ីនួន ជា​ឪពុក​ម្ដាយ​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្មេង​នៅ​ក្នុង​អង្គការ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ។

ចំណែក​អ្នកស្រី អ៊ឹង វាសនា និមល ជា​ឪពុក​ម្ដាយ​ចិញ្ចឹម ក៏​សាលា​ឧទ្ធរណ៍​កាត់ទោស​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ៦​ខែ​ដូច​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ដែរ។

ការ​សម្រេច​របស់​តុលាការ​ដែល​កាត់ទោស​លោក អារុណ សុធា លោក ហ៊ុន ចិន្តា និង​អ្នកស្រី ថៃ ស៊ីនួន ព្រមទាំង​អ្នកស្រី អ៊ឹង វាសនា និមល ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​នៅ​ក្នុង​អង្គការ​អំឡុង​ពេល​ពួកគេ​គ្រប់គ្រង។

ទោះបីជា​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​បាន​កាត់ទោស​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​រួច​ហើយ​ក្ដី ប៉ុន្តែ​អង្គការ​សុវណ្ណ​កុមារ អះអាង​ថា មក​ដល់​ពេលនេះ លោក អារុណ សុធា លោក ហ៊ុន ចិន្តា និង​អ្នកស្រី ថៃ ស៊ីនួន ព្រមទាំង​អ្នកស្រី អ៊ឹង វាសនា និមល នៅ​មាន​សេរីភាព​នៅឡើយ។

អតីត​នាយក​ប្រតិបត្តិ​អង្គការ​សុវណ្ណ​កុមារ លោក សុធា អារុណ មិន​ត្រឹមតែ​ជាប់​ទោស​រឿង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កុមារ​នោះ​ទេ លោក​ក៏​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ និង​សង​ជំងឺចិត្ត​ដល់​ជនរងគ្រោះ​ចំនួន ៦០​លាន​រៀល​ក្នុង​សំណុំរឿង​រំលោភ​សេពសន្ថវៈ​លើ​កុមារ។

អង្គការ​សុវណ្ណ​កុមារ​សម្ដែង​ការ​ខកចិត្ត ដោយ​ចាត់ទុក​ការ​មិន​ទាន់​ចាប់​ខ្លួន​ជនល្មើស​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​កុមារ បទ​ឆបោក និង​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មក​ដាក់​ពន្ធនាគារ ដោយសារតែ​នគរបាល​អសមត្ថភាព ទើប​បណ្ដាល​ឲ្យ​ពួកគេ​រត់​គេច​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ បើ​ទោះបី​ជា​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​យ៉ាងណា​ក៏ដោយ។

ប្រភព​ដដែល​បាន​លើក​ជា​សំណួរ​ថា តើ​លោក សុធា អារុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង​អ្នកស្រី អ៊ឹង វាសនា និមល អាច​រត់​គេច​ដល់​ពេល​ណា? ហើយ​ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​កម្ពុជា​មិន​ទាន់​ចាប់​ខ្លួន​បាន​ទៀត?

កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​សម្រេច​បង្កក​អចលនទ្រព្យ និង​គណនី​ធនាគារ​របស់​អតីត​ប្រធាន​អង្គការ​សុវណ្ណ​កុមារ បន្ទាប់ពី​ចុះ​ស៊ើបអង្កេត​ដោយ​រក​ឃើញ​ភស្តុតាង​ថា អំឡុង​ពេល​លោក អារុណ សុធា គ្រប់គ្រង​រយៈពេល​ជាង ១៦​ឆ្នាំ​កន្លង​មក​នេះ បាន​ធ្វើ​ទារុណកម្ម ការ​រំលោភ​បំពាន​សេពសន្ថវៈ ការ​លួច​បន្លំ អំពើពុករលួយ និង​ការ​កេង​ប្រវ័ញ្ច​នៅ​មណ្ឌល​កុមារ​កំព្រា​ជាដើម។

មេធាវី​ការពារ​ក្ដី​អង្គការ​សុវណ្ណ​កុមារ លោក Bradley James Gordon បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ ថា លោក អារុណ សុធា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​ថវិកា​ម្ចាស់​ជំនួយ ១,៤​លាន​ដុល្លារ។ ក្រៅពី​ប្រព្រឹត្ត​អំពើពុករលួយ​ហើយ លោក​ក៏​ត្រូវ​បាន​កុមារ​នៅ​ក្នុង​អង្គការ​សុវណ្ណ​កុមារ អះអាង​ថា​បាន​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ និង​បណ្តោយ​ឱ្យ​មាន​អំពើ​ហិង្សា​លើ​កុមារ​ជាដើម​កាលពី​ចុង​ឆ្នាំ​២០១៩។

អង្គការ​សុវណ្ណ​កុមារ គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​នៅ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៣ ដោយ​អ្នកស្រី Elisabeth Rose Johson ប៉ុន្តែ​អ្នកស្រី​បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៧។ ក្រោយពី​អ្នកស្រី Elisabeth Rose Johson ទទួល​មរណភាព​មក លោក អារុណ សុធា ដែល​ជា​បុគ្គលិក​របស់​អង្គការ​នេះ ត្រូវ​បាន​គេ​តែងតាំង​ជា​នាយក​ប្រតិបត្តិ។

អង្គការ​សុវណ្ណ​កុមារ មាន​ចក្ខុវិស័យ និង​ភារកិច្ច​តួនាទី​បេសកកម្ម ដើម្បី​ថែរក្សា ចិញ្ចឹម​កុមារ​ទុគ៌ត និង​កុមារ​កំព្រា ហើយ​បច្ចុប្បន្ន​មាន​ទីតាំង​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ទីតាំង​អង្គការ​នេះ​ក៏​ជា​ដី​តំបន់​ដែល​មាន​តម្លៃ​ខ្លាំង ព្រោះ​ជា​តំបន់​វិនិយោគ​ទីក្រុង​រណប​កោះ​នារាណ៍​ផង​ដែរ៕