29 C
Phnom Penh

រដ្ឋមន្ត្រី​ជាច្រើន​នាក់​នៃ​រដ្ឋាភិបាល​លោក ស៊ី ជីនពីង ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន បាន​សម្រេច​ដក​លោក Li Shangfu ពី​មុខតំណែង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន និង​ដក​ចេញពី​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ ក៏​មាន​រដ្ឋមន្ត្រី ២​រូប​ទៀត​ត្រូវ​ដកហូត​តំណែង​ដែរ។

រដ្ឋមន្ត្រី​ចិន ២​រូប​នេះ គឺ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Liu Kun និង​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា លោក Wang Zhigang។ សំណុំរឿង​ឈាន​ដល់​ការ​ដកហូត​តំណែង​រដ្ឋមន្ត្រី ៣​រូប​នេះ ត្រូវ​បាន​សង្ស័យ​ថា​អាច​មកពី​រឿង​កិបកេង និង​ពុករលួយ។

រដ្ឋមន្ត្រី​ទាំង ៣​រូប​នេះ​ត្រូវ​បាន​ដកហូត​ពី​តំណែង​នៅ​ថ្ងៃ​តែ​មួយ កាលពី​ថ្ងៃ​អង្គារ ទី​២៤ តុលា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៥ តុលា នេះ។ ប៉ុន្តែ​ការ​ដកហូត​លោក Li Shangfu ពី​មុខតំណែង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​នាំ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​អ្នក​សង្កេតការណ៍ និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ។

បក្ស​កុម្មុយនីស្ត​ចិន ដែល​បាន​ដក​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ខ្លួន គឺជា​លើក​ទី​ពីរ​នៃ​កម្មាភិបាល​ជាន់ខ្ពស់​ក្នុង​រយៈពេល​បី​ខែ ដោយ​បង្កើត​ជា​ចម្ងល់​អំពី​ស្ថិរភាព​នៃ​ក្រុម​កម្មាភិបាល​ជុំវិញ​ប្រធានាធិបតី​ចិន លោក Xi Jinping។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឱ្យ​ដឹង​ថា ឧត្តមសេនីយ៍ Li ដែល​ត្រូវ​ដក​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ក្រោយពី​លោក​បាន​បាត់​មុខ​ពី​សាធារណៈ​អស់​រយៈពេល​ពីរ​ខែ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ បក្ស​កុម្មុយនីស្ត​ចិន ក៏​បាន​ប្រកាស​ផង​ដែរ​ថា លោក Qin Gang ដែល​ត្រូវ​បាន​ដក​ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​កាលពី​ខែ​កក្កដា ត្រូវ​បាន​ដក​ចេញពី​តំណែង​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ផង​ដែរ។

ក៏ប៉ុន្តែ​ទូរទស្សន៍​រដ្ឋ​ចិន CCTV ដែល​បាន​រាយការណ៍​អំពី​សមាជិក​សភា​ដែល​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន បាន​អនុម័ត​លើ​ការ​ដក​កម្មាភិបាល​ជាន់ខ្ពស់​ទាំង​ពីរ​នេះ ដោយ​មិន​បាន​ផ្តល់​ការ​ពន្យល់​ណា​មួយ​ឡើយ។

មក​ដល់​ពេលនេះ ពុំ​ទាន់​ដឹង​ថា អ្នក​ជំនួស​តំណែង​លោក Li មាន​ឈ្មោះ​អ្វី​នោះ​ទេ ដោយ​ទុក​ឲ្យ​ប្រទេស​នេះ​គ្មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ ខណៈ​ក្រុង​ប៉េកាំង ត្រូវ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​មន្ត្រី​ការពារ​ជាតិ​ពី​ប្រទេស​ផ្សេងៗ​នៅ​ឯ​វេទិកា Xiangshan នៅ​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែ​តុលា។

លោក Li ដែល​មាន​អាយុ ៦៥​ឆ្នាំ​ត្រូវ​បាន​គេ​ឃើញ​ចុងក្រោយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៩ ខែ​សីហា។

លោក Li បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន កាលពី​ខែ​មីនា ឆ្នាំ​២០២៣។ នៅ​ក្នុង​ពេល​លោក Li កំពុង​បាត់​ខ្លួន ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា លោក Li កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត ដោយ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ទាក់ទង​នឹង​លទ្ធកម្ម​ឧបករណ៍ និង​ការ​អភិវឌ្ឍ។

កាសែត Financial Times ដែល​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក ៣​នាក់​ផ្សេង​គ្នា បាន​ចុះផ្សាយ​ថា លោក Li ដែល​បាត់​ខ្លួន ទំនង​ដោយសារ​តែ​បាន​រង​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ។

ជាមួយ​គ្នា​នេះ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា ករណី​ពុករលួយ​មាន​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ហើយ​មាន​ការ​ពាក់ព័ន្ធ​ទៅ​ដល់​លោក Li ព្រោះ​លោក​ធ្លាប់​ជា​ប្រធាន​អគ្គនាយកដ្ឋាន​គ្រឿង​សព្វាវុធ។

លោក Li ទើប​តែ​ចូល​កាន់​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ នៅ​ពេល​ដែល​លោក Xi ចាប់ផ្តើម​កាន់​អំណាច​អាណត្តិ​ទី​៣ ជា​ប្រមុខ​រដ្ឋ​ចិន ដែល​ប្រទេស​កុម្មុយនីស្ត​មួយ​ពុំ​ធ្លាប់​មាន។

ចំពោះ​លោក Li ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការ​ទិញ​យន្តហោះ​ចម្បាំង និង​ឧបករណ៍​ពី​ប្រទេស​រុស្ស៊ី គឺជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ដែល​កាន់​តួនាទី​បាន​ខ្លី​បំផុត​នៃ​ប្រវត្តិ​រដ្ឋមន្ត្រី​ប្រទេស​ចិន។

ចំណែក​លោក Qin Gang ក៏​បាន​បម្រើ​ការ​មិន​ដល់​មួយ​ឆ្នាំ មុន​ពេល​ដែល​លោក​បាន​បាត់​ខ្លួន​ពី​សាធារណៈ ហើយ​ត្រូវ​បាន​ជំនួស​ឡើងវិញ​ដោយ​លោក Wang Yi ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស។

ចំណែក​កាសែត​សហរដ្ឋ​អាមេរិក Wall Street Journal បាន​ដកស្រង់​ប្រភព​ជាច្រើន​ថា លោក Qin មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់ ខណៈ​ពេល​ដែល​លោក​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

យ៉ាងណា ទាំង​លោក Li និង​លោក Qin ដែល​មុន​នឹង​ត្រូវ​ដក​តំណែង សុទ្ធតែ​បាត់​មុខ​ពី​សាធារណៈ​ដូច​គ្នា ត្រូវ​បាន​ចោទ​សួរ​អំពី​ការ​ផ្លាស់ប្ដូរ​កម្មាភិបាល​ជាន់ខ្ពស់​របស់​ប្រទេស​ចិន ចំ​ពេល​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ទី​២ នេះ កំពុង​ធ្លាក់​ចុះ ហើយ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​កាន់តែ​ជួប​បញ្ហា​ច្រើន​ឡើង។

បើ​តាម​ការ​វិភាគ​របស់​លោក Neil Thomas អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Asia Society Policy គឺ​ការ​ដកហូត​តំណែង​របស់​កម្មាភិបាល​ចិន ២​រូប​ខាងលើ​នេះ អាច​ជា​លទ្ធផល​នៃ​ការ​មិន​ចុះ​សម្រុង​ជាមួយ​នឹង​មន្ត្រី​ក្រោម​ឱវាទ​តាម​ក្រសួង ដែល​មិន​ពេញ​ចិត្ត​នឹង​រដ្ឋមន្ត្រី​ដែល​លោក Xi បាន​តែងតាំង ហើយ​អាច​បូក​នឹង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Liu Kun និង​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា លោក Wang Zhigang ដែល​ត្រូវ​បាន​ដកហូត​តំណែង​នៅ​ថ្ងៃ​តែ​មួយ​ជាមួយ Li Shangfu ពី​មុខតំណែង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស