ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ជាច្រើននាក់ បានទៅប្រមូលផ្ដុំគ្នានៅខាងមុខសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដើម្បីទាមទារឲ្យទម្លាក់បទចោទប្រកាន់តំណាងរបស់ពួកគេទាំង ៩នាក់ឲ្យមានសេរីភាពវិញ ស្របពេលដែលតុលាការសម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
ការនាំគ្នាឡើងទៅប្រមូលផ្ដុំគ្នានៅខាងមុខសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ អំឡុងពេលតុលាការជាន់ខ្ពស់នេះបើកសវនាការបណ្ដឹងសាទុក្ខតំណាងសហគមន៍ ១៩៧គ្រួសារ ចំនួន ៩នាក់ ដែលជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
បន្ទាប់ពីបើកសវនាការសួរដេញដោលពេញមួយព្រឹកនាថ្ងៃទី២៦ ខែតុលា នេះ ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ លោក សួន សំណាង សម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
អំឡុងពេលតុលាការកំពុងបើកសវនាការ ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាទៅឃ្លាំមើល និងលើកបដាខាងមុខសាលាឧទ្ធរណ៍ ដើម្បីទាមទារឲ្យតុលាការជាន់ខ្ពស់មួយនេះជួយរកយុត្តិធម៌ឲ្យតំណាងពួកគេ ក៏ដូចជាពលរដ្ឋកំពុងរងគ្រោះដីធ្លីរយៈពេលជាង ១០ឆ្នាំមកនេះ។
ក្រៅពីទាមទារនេះ ពួកគេក៏ស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជួយអន្តរាគមន៍ដោយជំរុញទៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ទម្លាក់បទចោទប្រកាន់លើតំណាងពួកគេទាំង ៩នាក់វិញផងដែរ។
តំណាងសហគមន៍១៩៧គ្រួសារ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ទាំង ៩នាក់ ត្រូវតុលាការខេត្តកោះកុង ប្រកាសសាលក្រមផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងប្រាក់ផាកពិន័យរួមគ្នាចំនួន ៤០លានរៀលកាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ពីបទ «បរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបន្តចេញទាមទារដំណោះស្រាយដីធ្លីរបស់ខ្លួនដែលប្ដឹងដោយឧកញ៉ា ហេង ហ៊ុយ។
តំណាងសហគមន៍១៩៧គ្រួសារ អះអាងថា វិវាទដីធ្លីនៅខេត្តកោះកុង ដែលកើតឡើងតាំងពីឆ្នាំ២០០៧ មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ ខណៈប្រជាពលរដ្ឋម្ចាស់ដីត្រូវឧកញ៉ា ហេង ហ៊ុយ ប្ដឹងទៅតុលាការឈានដល់ជាប់ពន្ធនាគារផងដែរ បើទោះបីជាឧកញ៉ា ហេង ហ៊ុយ បានរំលោភយកដីធ្លីពួកគាត់ក៏ដោយ៕