ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជាកិច្ចសន្យាអន្តរជាតិចុះហត្ថលេខាដោយប្រទេសទាំង ១៩ លើពិភពលោក ក្នុងការធានាការពារកុំឲ្យមានការឈ្លានពាន និងធានាការពារកុំឲ្យមានការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានសុពលភាពដោយឥតប្រកែកបាន។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះថា កិច្ចព្រមព្រៀងក្រុងប៉ារីស គឺកិច្ចព្រមព្រៀងមួយដែលជាការធានាអះអាងក្នុងការការពារអធិបតេយ្យជាតិ ឯករាជភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតរបស់កម្ពុជា ហើយក៏ជាការធានារបស់អន្តរជាតិចំពោះសេចក្តីសុភមង្គលរបស់ប្រជាជាតិខ្មែរទាំងមូលផងដែរ។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ចំពោះការធានាការពារកុំឲ្យមានការឈ្លានពានរបស់បរទេសមកលើទឹកដីកម្ពុជា ដោយហេតុថា នៅក្នុងកិច្ចព្រមព្រៀងនេះ ទាំងភាគីកម្ពុជា និងភាគីនានាដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ បានសន្យាយ៉ាងឱឡារិកដូចគ្នាៗថា ខ្លួននឹងទទួលស្គាល់ គោរពគ្រប់បែបយ៉ាងទាំងអស់ចំពោះអធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹត និងឯកភាពជាតិរបស់កម្ពុជាតទៅថ្ងៃមុខ។
ជាងនេះទៀត កិច្ចព្រមព្រៀងនេះក៏ធានាការពារកុំឲ្យមានការរំលោភបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរផងដែរ ក្នុងនោះ ភាគីកម្ពុជាបានសន្យាថា ខ្លួននឹងធានាគោរពប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជាឱ្យបានដាច់ខាត ខណៈភាគីផ្សេងទៀតក៏បានសន្យាក្នុងការលើកទឹកចិត្តដល់ការគោរព និងអនុវត្តតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជាដែរ។
អ្នកវិភាគនយោបាយ និងសង្គមរូបនេះបញ្ជាក់ថា ផ្អែកលើខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវតែបន្តតាមដានឱ្យបានដិតដល់អំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងត្រូវចាត់តាំងអ្នករាយការណ៍ពិសេសរបស់ខ្លួនម្នាក់ឱ្យមកតាមដានអនុវត្តរបស់រដ្ឋាភិបាលកម្ពុជាលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវរដ្ឋាភិបាលកម្ពុជាទាត់ចោលលែងអនុវត្តអស់រយៈពេលជាង ៣០ឆ្នាំ ក្រោមលេសថាកិច្ចព្រមព្រៀងនេះបានស្លាប់បាត់បង់ជីវិតបាត់ហើយ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយស្ដីពីដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ដែលបានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ គោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិកម្ពុជា ដែលនៅតែមានសុពលភាព ហើយប្រទេសហត្ថលេខីមិនអាចបដិសេធនឹងកាតព្វកិច្ចនានារបស់ខ្លួនដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះឡើយ។
មេដឹកនាំខ្មែរដែលកំពុងក្តាប់អំណាចបញ្ជាពីលើនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានលើកឡើងកាលពីថ្ងៃទី២៣ តុលា ថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនបានជួយរំលត់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត នោះទេ។
លោក ហ៊ុន សែន លើកឡើងថា សង្គ្រាមរ៉ាំរ៉ៃរបស់កម្ពុជាដែលបានឆេះឡើងរាប់រយឆ្នាំ មិនមែនបញ្ចប់ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ ប៉ុន្តែត្រូវបានបញ្ចប់ដោយនយោបាយឈ្នះឈ្នះរបស់លោកប៉ុណ្ណោះ ដែលធ្វើឱ្យប្រទេសកម្ពុជាទាំងមូលស្គាល់នូវសន្តិភាព និងភាពសម្បូរសប្បាយរហូតដល់សព្វថ្ងៃនេះ។
ទោះជាបែបនេះក្តី ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអះអាងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ថា ប្រទេសអូស្ត្រាលី ក៏ជាសហហត្ថលេខីមួយក្នុងចំណោមសហហត្ថលេខីចំនួន ១៩ នៃកិច្ចព្រមព្រៀងនេះដែរ ដែលបានជួយបញ្ចប់ជម្លោះ និងត្រួសត្រាយផ្លូវសម្រាប់កម្ពុជាឆ្ពោះទៅរកស្ថិរភាព និងការអភិវឌ្ឍ៕