អគ្គនាយកគយ និងរដ្ឋាករកម្ពុជា (GDCE) ឲ្យដឹងថា រយៈពេល ៩ខែឆ្នាំនេះ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំទៅកាន់ទីផ្សារអន្តរជាតិសរុបជាង ៥,៩ពាន់លានដុល្លារ ដែលចំនួននេះថយចុះជាង ១៧% បើធៀបនឹងរយៈពេល ៩ខែឆ្នាំ២០២២។
យោងតាមតារាងស្ថិតិនាំចេញទំនិញរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ការនាំចេញទំនិញនៅក្នុងជំពូកទំនិញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ មានទឹកប្រាក់សរុបជិត ៦ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០២២ ចំនួនទឹកប្រាក់សរុប ៧ពាន់លានដុល្លារ។
ប្រភពដដែលថា ចំនួនទឹកប្រាក់ និងទំនិញនៃការនាំចេញរយៈពេល ៩ខែឆ្នាំ២០២៣ នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ គឺបានធ្លាក់ចុះ ១៧,៣៥%។
ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ ប្រាប់សារព័ត៌មានក្នុងស្រុកថា ការធ្លាក់ចុះបរិមាណ និងទឹកប្រាក់ពីការនាំចេញ រួមទាំងផលិតផលជាច្រើនមុខទៀតនៅឆ្នាំនេះ មិនមែនមកពីសមត្ថភាពការផលិតនៅកម្ពុជាធ្លាក់ចុះឡើយ ប៉ុន្តែបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការនៅទីផ្សារអន្តរជាតិ។
ជុំវិញរឿងនេះ ក្រុមសហជីពឯករាជ្យធ្លាប់លើកឡើងថា ប្រសិនបើកម្ពុជាមិនស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញដូចសហគមន៍អន្តរជាតិស្នើសុំនោះទេ ការនាំចេញផលិតសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំទៅក្រៅប្រទេស នឹងរងផលប៉ះពាល់ ខណៈទីផ្សារសំខាន់ដែលទទួលទិញផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជា គឺមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
គិតចាប់តាំងពីចុងឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នេះ សហរដ្ឋអាមេរិកនៅមិនទាន់បន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ឲ្យកម្ពុជាវិញនៅឡើយ ខណៈសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% និងបានព្រមានដកទាំងស្រុង បើកម្ពុជានៅមិនស្ដារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងដោះលែងមេដឹកនាំបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស រួមទាំងសកម្មជនបរិស្ថានជាដើមវិញទេនោះ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងទៀតថា ក្នុងរយៈពេលឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមានទឹកប្រាក់សរុប ៩ពាន់លានដុល្លារកើនឡើង ១២,៦៩% បើធៀបឆ្នាំ២០២១ ដែលមាន ៨ពាន់លានដុល្លារ៕